​​​បុរស​​​កូរ៉េ​​ខាងត្បូង​​​ម្នាក់​​​ដែល​​​នគរបាល​​​អាំងទែប៉ូលតាមចាប់​ ត្រូវបាន​ចាប់ខ្លួន​ពីបទ​​​​​រត់ពន្ធ​​​គ្រឿង​​​ញៀន​

នគរបាល​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា​​​ បុរស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ម្នាក់​​​ដែល​​​នគរបាល​​​អាំងទែប៉ូល​​​​តាមចាប់​​ពីបទ​​​រត់ពន្ធ​​​គ្រឿង​​​ញៀន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខេត្ត​​​សៀមរាប​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ និង​​​កំពុង​​​រង់ចាំ​​​ការនិរទេស​​​ទៅ​​​ប្រ​​​ទេស​​​កំណើត​​​របស់​​​គាត់​​​វិញ។

លោក​​​ ម៉ក់​​​ ជីតូ អគ្គស្នងការ​​​រង​​​នគរបាល​​​ជាតិ បាន​​​និយាយ​​​ថា​​​ ស៊ីន​​​ ជុងជុល (Shin Jung-chul) អាយុ​​​៥៣​​​ឆ្នាំ បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ប្រហែល​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​​​ទើប​​​តែ​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​នៅ​​​ខេត្ត​​​សៀមរាប។ លោក​​​បាន​​​និយាយ​​​ថា ជនជាតិ​​​កូរ៉េ​​​ខាងត្បូង​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​ពី​​​នគរបាល​​​អំាងទែប៉ូល​បាន​​​​ចេញ​​​និវេទន៍​​​ក្រហម​​​តាម​ចាប់​​​គាត់​​​កាល​​​ពី​​​ខែ​​​មុន។

ឧត្តមសេនីយ៍ឯក​​​ ម៉ក់ ជីតូ​​​ បាន​​​និយាយ​​​ថា​​​ “គាត់​​​ជា​​​មេខ្លោង​​​​នៃ​​​ក្រុម​​​រត់ពន្ធ​​​គ្រឿង​​​ញៀន​​​ឆ្លង​​​ដែន​​​ពីប្រទេស​​​កូរ៉េ​​​ទៅ​​​ប្រ​​​ទេស​​​ផ្សេង​​​ទៀត” ក៏​​​ប៉ុន្តែ លោក​​​មិន​​​បាន​​​ផ្តល់​​​សេចក្តី​​​លម្អិត​​​អំពី​​​ក្រុម​​​នេះ​​​ទេ។ លោក​​​បាន​​​និយាយ​​​ថា​​​​​​ បន្ទាប់ពី​​​ការ​​​ចាប់​​​ខ្លួន​​​ ជនសង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​អគ្គ​​​នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​រង​​​់ចាំ​​​ការ​​​និរទេស។

លោក​​​ អ៊ំុ អាំម៉ារ៉ា ស្នងការ​​​រង​​​ខេត្ត​​​សៀមរាប​​​បាន​​​បញ្ជាក់​​​ថា លោក​​​ ស៊ីន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​សង្កាត់​​​ស្វាយដង្គំ​​ ក្នុង​​​ខេត្ត​​​សៀម​​​រាប។ លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​គាត់​​​ផ្អែក​​​លើ​​​និវេទន៍​​​ក្រហម​​​របស់​​​នគរបាល​​​អាំងទែប៉ូល​ ពីព្រោះ​​​គាត់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​គ្រឿង​​​ញៀន​​​ជាច្រើនករណី​​​​ក្នុង​​​ប្រទេស​​​របស់​​​គាត់”៕ និត

 

The post ​​​បុរស​​​កូរ៉េ​​ខាងត្បូង​​​ម្នាក់​​​ដែល​​​នគរបាល​​​អាំងទែប៉ូលតាមចាប់​ ត្រូវបាន​ចាប់ខ្លួន​ពីបទ​​​​​រត់ពន្ធ​​​គ្រឿង​​​ញៀន​ appeared first on ខេមបូឌា ដេលី.