ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ខិតខំ​ធ្វើ​កំណែទម្រង់​គ្រប់​វិស័យ បាន​ធ្វើ​ឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្តែង សម្រាប់​រយៈពេល​មួយ​ឆ្នាំ​២០១៥ សហគ្រាស​ធុន​តូច និង​មធ្យម ផ្នែក​កម្មន្តសាល​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​ចុះបញ្ជី​ដំណើរការ​អាជីវកម្ម​ស្របច្បាប់​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គឺ​មានការ​កើនឡើង​ដល់​៣៨.៨៣១​មូលដ្ឋាន និង​បាន​បង្កើត​ការងារ​សរុប​ចំនួន​ជាង​១៩៤.០៥៣​កន្លែង ដែល​កាលពី​ឆ្នាំ​២០១៤ មាន​ចំនួន​៣៨.៤៥៩​មូលដ្ឋាន និង​ផ្តល់​ការងារ​ចំនួន​១៨៩.២៦០​កន្លែង ។ តាម​រយៈ​នេះ បាន​បង្កើន​មុខទំនិញ​ថ្មី​ៗ​មានគុណ​ភាព ស្រប​តាម​ស្តង់ដា​ជាតិ​ជំនួស​ឱ្យ​ការ​នាំ​ចូល និង​មានមុខ​ទំនិញ​មួយ​ចំនួន​បាន​នាំ​ចេញ ហើយ​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ។

ក្រសួង​បាន​ធ្វើ​កំណែទម្រង់​ជា​ច្រើន​លើ​យន្តការ​នីតិវិធី​នៃ​ការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ដោយ​កាត់​បន្ថយ​បែបបទ​នានា​ឱ្យ​មាន​ភាព​សាមញ្ញ កាត់​បន្ថយ​ពេលវេលា​សម្រាប់​ការ​ចុះបញ្ជី ដែល​ជា​ផ្នែក​មួយ​ដើម្បី​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដែល​នេះ​គឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​« វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​» ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​វិស័យ​ឯកជន​ជួប​ប្រទះ ជា​ពិសេស ដើម្បី​ឱ្យ​មូលដ្ឋាន​ផលិតកម្ម អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ស្របច្បាប់ ហើយ​ក្រសួង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ជួយ​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​វិស័យ​នេះ តាម​រយៈ​ការ​ផ្តល់​បច្ចេកវិទ្យា​ថ្មី ការ​បណ្តុះបណ្តាល ការ​កែ​លម្អ​គុណភាព និង​ការ​គ្រប់គ្រង ។

ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ផ្នែក​កម្មន្តសាល​បាន​បង្កើត​ថ្មី​មាន​ចំនួន​៣៧២​មូលដ្ឋាន និង​បង្កើត​ការងារ​ចំនួន​៤.៧៩៣​កន្លែង ។ ដូចនេះ សរុប​ពី​ដើមឆ្នាំ​មក​ដល់​ពេល​នេះ មូលដ្ឋាន​សរុប​មាន​ចំនួន​៣៨.៨៣១​មូលដ្ឋាន និង​ពលកម្ម​១៩៤.០៥៣​នាក់ ។

ទន្ទឹម​នឹង​នេះ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖
១-​ដំណើរការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម នៅ​ការិយាល័យ​ក្រោម​ដំបូល​តែ​មួយ​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មិន​ទាន់​អនុវត្ត​បាន​ទេ ពីព្រោះ​ត្រូវការ​ពេលវេលា​ដើម្បី​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​សម្រប​សម្រួលការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវាកម្ម នៅ​ក្រោម​ដំបូល​តែ​មួយ និង​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង បើ​ទោះបីជា​មានការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ជាមួយ​ផ្នែក​ឯកជន​លើក​ទី​១៧ នា​ថ្ងៃ​ទី​៤ មីនា ២០១៤ លើ​ការ​សម្របសម្រួល​ឱ្យ​មានការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​នៅ​កន្លែង​តែ​មួយ​គត់ គឺ​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាម​រយៈ​យន្តការ​ប្រតិភូកម្ម​អំណាច​ក្នុង​ការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា ពី​បណ្តា​ក្រសួង ស្ថាប័ន មក​ជូន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

២-​ខ្វះ​ប្រភព​កម្ចី​ឥណទាន​ដែល​មានការ​ប្រាក់​ទាប​សម្រាប់​អ្នក​ផលិត​អំបិល​យក​មក​ធ្វើការ​កែ​លម្អ និង​អភិវឌ្ឍន៍​មុខរបរ​របស់​ខ្លួន ។

ទោះបី​យ៉ាងណា ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម បាន​ដាក់​ទិស​ដៅ​ការងារ​ដូច​ជា បន្ដ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម ។ បន្ដ​ស្វែង​រក​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ និង​បង្កើន​មុខ​ផលិតផល​ថ្មី​ៗ​ជំនួស​ឲ្យ​ការ​នាំ​ចូល និង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ដើម្បី​ស្រូប​យក​រូបិយប័ណ្ណ​អន្តរជាតិ ។

ជំរុញ​ការ​គ្រប់គ្រង​ទិន្នផល​ស្ថិតិ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ ។ សម្រួល​ឲ្យ​មានការ​ចុះបញ្ជី​បង្កើត​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​នៅ​កន្លែង​តែ​មួយ គឺ​ការិយាល័យ​ដំបូល​តែ​មួយ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាម​រយៈ​យន្ដការ​នៃ​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច ក្នុង​ការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា​ពី​បណ្ដា​ក្រសួង ស្ថាប័ន មក​ជូន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​ជំរុញ​ការ​បង្កើត​សមាគម​និង​ចង្កោម​ផលិតកម្ម​នានា​ក្នុង​ទិស​ដៅ​ពង្រឹង និង​លើកកម្ពស់​វិស័យ SMEs ៕