ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​ប្តេជ្ញាថែរក្សាការពារសន្តិភាព ​ដើម្បីប្រជាពលរដ្ឋខ្មែររស់នៅសុខសាន្ត ​កូនចៅបានសិក្សា​រៀនសូត្រខ្ពង់ខ្ពស់ និងមានជីវភាព​រស់នៅកាន់តែប្រសើរឡើង ។

នៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page​ ​ផ្លូវការរបស់សម្តេចតេជោ​ដែលសរសេរបង្ហោះនៅព្រឹកថ្ងៃទី០៩​ កុម្ភៈ ២០១៦ ​បានបញ្ជាក់បន្ថែមទៀតថា​ សន្តិភាព​គឺជាសេចក្តីត្រូវការ​ចាំបាច់បំផុតសម្រាប់មនុស្សជាតិ​ទូទៅមិនថាតែកម្ពុជាទេ។​ ការរំដោះប្រទេស​ និងលុបបំបាត់សង្រ្គាមស៊ីវិល​ ព្រមទាំងការកសាង​សន្តិភាព​គឺមិនមែន​ជារឿង​និយាយអោយរួចតែពីមាត់នោះឡើយ ​។ ពិតណាស់ ​គឺកម្ពុជាបានចំណាយពេលវេលា ​និងការលះបង់អាយុជីវិតមនុស្ស​ច្រើនណាស់ ​ទម្រាំកសាងសន្តិភាព​បាន​ពេញលេញដូចសព្វថ្ងៃនេះ ។ យើងមិនត្រូវភ្លេច​ខ្លួនឡើយ។

នៅពេលនេះប្រទេស​នៅក្នុងពិភពលោកមួយចំនួន ​ជាពិសេសនៅមឈ្ឈឹមបូព៌ា​ កំពុងជួបប្រទះភាពវឹកវរ និងការកាប់សម្លាប់​ស្ទើររៀងរាល់ថ្ងៃដោយសារសង្រ្គាម ​ នៅពេល​ដែលកម្ពុជា​កំពុងរស់នៅសុខស្រួលក្នុងម្លប់សន្តិភាព។​ មានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ​ដែលមិនខ្វល់អំពីតម្លៃសន្តិភាព​ ហើយតែងតែមាន​​បំណងអាក្រក់បង្ក​បញ្ហា​បំផ្លាញ​សេចក្តីសុខរបស់កម្ពុជា ៕