ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖ ​​គ្រោះ​ថ្នាក់​​ចរាច​ណ៍បង្កដោយ​ម៉ូតូ ខណៈ​​​ជិះ​ទៅ​បុក​ទាក់​ដៃ​ចង្កូត​ជាមួយ​និងរ៉ឺម៉ក បណ្ដាល​​ឱ្យ​បុរស​ម្នាក់​ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​ស្លាប់​នៅ​និង​កន្លែង ចំណែក​​ប្រពន្ធ​របួស​បាក់ជើង​ខាងស្តាំ និង​កូន​តូច​​របួស​រលាត​ដៃជើង​ស្រាល ដែល​ហេតុ​ការណ៍​​​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ និង​៣០​យប់​ថ្ងៃ​ទី​០៨ ​កុម្ភៈ ២០១៦ ​ចំណុច​ផ្លូវជាតិ​លេខ​​១ ក្នុងភូមិ​​ក្បា​ល​កោះ សង្កាត់ ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ ។

​​ជន​រង​គ្រោះត្រូវស្គាល់​ឈ្មោះ​ពៅ ប៉ុន​រុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀន​ស្វាយ ខេត្តកណ្ដាល ​មាន​ប្រពន្ធ​ឈ្មោះនី ​ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​​កម្មករ​រោងចក្រ ស្នាក់​នៅ​ជាមួយ​ប្តី​របួស​បាក់ជើង​ខាងស្តាំ និង​កូនប្រុស​​អាយុ​៣​ឆ្នាំ របួស​រលាត់ដៃ​ជើង ។

តាម​​ប្រភព​​ពី​​​កន្លែង​​​ឱ្យ​ដឹង​​​ថា ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​​ឌ្រី​ម ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CW-6214 ​ជិះ​គ្នា​៣នាក់ ប្តី​ប្រពន្​និង​កូនប្រុស​​អាយុ​៣​ឆ្នាំ បាន​ចេញ​មក​ពី​លេង​ផ្ទះបងប្អូន​នៅ​ម្ដុំ​រោងចក្រ​ថៃ​ហ្គ័​រ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​​តាម​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ​ ក៏​ជ្រុល​ទៅ​បុក​​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​​ម៉ូតូ​ដួល និង​អូស​អ្នក​បើក​ម៉ូតូ​តាម​រ៉ឺ​ម៉ក​ជិត​១០​​ម៉ែត្រ ធ្វើឱ្យ​​ជន​រង​គ្រោះ​រយះ​ពោះវៀន​ចេញ​មក​ក្រៅ​ស្លាប់​នៅ​និង​កន្លែង ។

ចំណែក​​កូនប្រុស​អាយុ​៣ឆ្នាំ របួស​រលាត់​ដៃជើង និង​ប្រពន្ធ​របួស​បាក់​ជើង​​ខាង​ស្តាំ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​ស​ង្រោះ​នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ​សូ​វៀត ។ ភ្លាម​ៗ​នោះ ​អ្នក​បើក​រ៉ឺ​ម៉ក​បាន​បន្ថែម​ល្បឿន​បើក​​រត់​គេ​ខ្លួន​បាត់​​ស្រមោល បន្សល់​ទុក​អ្នកដំណើរ​ម្នាក់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។