Everton ខិត​កាន់​តែ​កៀក​ក្នុង​ការ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​បណ្តាក់​ទុន​អាមេរិក

ក្លិប Everton ហាក់​ដូច​ជា​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​​​ស្ថិតក្រោម​ការ​គ្រប់​គ្រង​មួយ ក្រោយពី​ការ​ពិភាក្សា​ជា​មួយ​នឹង​​ក្រុម​បណ្តាក់​ទុន​អាមេ​រិក​គឺលោក John Jay Moores និង Charles Noell កំពុង​តែ​ដំណើរ​ការ​យ៉ាង​ល្អ​។ លោក Moores អតីត​ម្ចាស់​ក្លិប San Diego Padres របស់​ក្រប​ខ័ណ្ឌ​​កីឡា​បេ​ស្បល Major League Baseball និង​ដៃ​គូ​អាជី​វកម្ម​របស់​លោក បាន​ធ្វើការ​​ចរ​ចា​ផ្សេង​ៗ​ចាប់​តាំង​ពី​ខែ​​ធ្នូ​មកម្ល៉េះ​។
everton

មហា​សេដ្ឋី​ទាំង​ពីរ​រូប​នេះ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​រយៈ​ពេល​៦​សប្តាហ៍​ទៅលើ​ឯក​សារ​ផ្សេង​ៗ​របស់ក្លិបនេះ និង​បាន​ពិភាក្សា​ជា​មួយ​នឹង​ម្ចាស់​ភាគ​ហ៊ុន​ធំ​គឺលោក Bill Kenwright ដែល​ជា​ប្រធានក្លិប ក៏​ដូច​ជា​ជា​មួយ​នឹង​លោក Robert Earl និង Jon Woods ផង​ដែរ​។ ប្រភព​ព័ត៌​មានផ្សេង​ៗ​បាន​ចេញ​ផ្សាយ​ថា ក្រុម​អ្នក​បណ្តាក់​ទុន​សហ​រដ្ឋ​អាមេ​រិក​មួយនេះ កំពុង​តែ​​សម្លឹង​រក​​ការ​​ឈាន​នូវការ​ព្រម​ព្រៀង​គ្នាមួយ​ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​២០០​លាន​ផោន (ស្មើ​នឹង​២៨៨,៦៧​លានដុល្លារ​អាមេ​រិក) នៅ​​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ​។

វា​ក៏មាន​ការចាប់​អារម្មណ៍​សំណាក់​ភាគី​​​ជា​ច្រើន​ផ្សេង​​ទៀត​ដែរ ប៉ុន្តែ មិន​មាន​នរ​ណាម្នាក់​បង្ហាញពី​ភាព​ច្បាស់លាស់​ឡើយ​។ ក្លិប Everton មិន​បាន​ធ្វើការ​បក​ស្រាយ​​អ្វី​​ទៅ​លើ​ការ​លើក​​ឡើង​ទាក់​ទង​នឹង​ការ​កាន់​កាប់​នេះ​ឡើយ ប៉ុន្តែ ក្នុង​មហា​សន្និ​បាទ​ប្រចាំ​ឆ្នាំ​របស់​ក្លិប​មួយនេះ លោក Robert Elstone ដែល​ជា​ប្រធាន​ប្រតិ​បត្តិ បាន​ឲ្យ​ដឹង​ថា៖ «វា​មាន​មនុស្ស​ជា​ច្រើនកំពុង​តែ​ចាប់​អារម្មណ៍​ទៅលើ​ការ​បណ្តាក់​ទុន​ក្នុងក្លិប Everton ហើយ​ប្រធាន​ក្លិប​ជឿ​ជាក់​ថា ការ​បណ្តាក់​ទុន​នេះ នឹង​ត្រូវ​បាន​ធានា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian