ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ កិច្ចព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​ជួយ​ដល់​កំណែទម្រង់ពន្ធ​ដែល​អាច​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ដោយ​គោរព​តាម​ស្តង់ដា​អន្តរជាតិ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី​មួយ​រូប​មក​ពី​អគ្គនាយកដ្ឋាន​ពន្ធគយ ។

លោក Nguyen Toan អគ្គនាយក​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ការ​គ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​គយ បាន​លើក​ឡើង​ថា ៖ « ការ​ធ្វើ​កំណែទម្រង់​ពន្ធគយ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTAs » ។

លោក​បន្ថែម​ថា ៖ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺ​មាន​វិធានការ​ផលិត​ទំនិញ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ។ ការ​កែប្រែ​ទំនើប​កម្ម​នៃ​ការ​គ្រប់គ្រង​ពន្ធ​នេះ នឹង​ជួយ​ព​ន្លឿ​ន​ដល់​ការ​ពិនិត្យ​ទូទាត់​ទំនិញ និង​បង្ការ​នូវ​ការ​ខាតបង់​ក្នុង​ការ​ប្រមូល​ពន្ធ​នាំ​ចូល និង​នាំ​ចេញ​របស់​ជាតិ » ។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ក្នុង​សន្និសីទកាសែត Bali Ministerial Conference កាលពី​ឆ្នាំ​២០១៣ ។

កិច្ចព្រមព្រៀង​នេះ ក៏​បាន​ចាត់វិធានការ​មួយ​ចំនួន​ដូច​ជា កិច្ច​សហប្រតិបត្តិការ​រវាង​នាយកដ្ឋាន​គយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​ការ​សម្របសម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ងាយស្រួល ក៏​ដូច​ជា​ការ​ផ្តល់​នូវ​ជំនួយ​បច្ចេកទេស និង​ការ​សាងសង់​អគារ​នៅ​ក្នុង​តំបន់​ទាំងនោះ​ទៀត​ផង ។

លោក Nguyen Toan ឲ្យ​ដឹង​ថា ៖ « វៀតណាម​ជា​សមាជិក​ទី​៥៤ ក្នុង​ចំណោម​សមាជិក​ទាំងអស់​ចំនួន​៦៤​ប្រទេស​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ទទួលស្គាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី » ។

កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ដែល​សមាជិក​២​ភាគ​៣ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​យល់ព្រម ពោល​គឺ​១០៨​នៃ​ម្ចាស់​ហត្ថលេខី ។

ទោះជា​យ៉ាងណា លោក Nguyen Toan លើក​ឡើង​ថា ៖ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​ជា​៩០% ជួបនឹង​បញ្ហា​ស្មុគស្មាញ ។ នេះ​ដោយសារ​តែ​ខ្វះខាត​នូវ​ទំនាក់ទំនង​ល្អ​ក្នុង​ចំណោម​ក្រសួង​ពាក់ព័ន្ធ និង​បណ្តា​អង្គភាព​នានា ។ នាយកដ្ឋាន​ពន្ធគយ​នឹង​មាន​ផែនការ​បង្កើត​គណៈកម្មការ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ » ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ វៀតណាម​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយបណ្តា​ប្រទេស​ជាង​២០០​ប្រទេស និង​មាន​ដៃគូ​ពាណិជ្ជកម្ម​នាំ​ចេញ​៥៤​ប្រទេស ។ ជាមួយ​គ្នា​នេះ​ដែរ វៀតណាម​បាន​កំណត់​គោលដៅ​នាំ​ចេញ​របស់​ខ្លួន ដែល​អាច​រក​ចំណូល​បាន​១៨៧​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ពោល​គឺ​នឹង​កើនឡើង​១០% ធៀប​នឹង​ឆ្នាំ​២០១៥ ។

ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីផ្សារ​ក្នុង​តំបន់ វៀតណាម​រំពឹង​ថា ការ​នាំ​ចេញ​របស់​ខ្លួន​នឹង​អាច​រក​ប្រាក់​ចំណូល​បាន​៣០០​ដុល្លារ​នៅ​ឆ្នាំ​២០២០ ជាមួយនឹង​អត្រាកំណើន​ប្រចាំឆ្នាំ​មាន​អត្រា​ពី​១១% ទៅ​១២% នៅ​ចន្លោះ​ឆ្នាំ​២០១៥-២០២០ ៕