វិធីធម្មជាតិដើម្បីដោះស្រាយបញ្ហាអាការៈឈាមអញ្ចាញ និងធ្មេញរង្គើ

អាការៈឈាមអញ្ចាញ និងធ្មេញរង្គើគឺជាបញ្ហាមាត់ធ្មេញពីរប្រភេទ ដ៏សាមញ្ញបំផុត ដែលតែងតែកើតឡើងជាញឹកញាប់។ ទោះបីជាមូលហេតុដំបូង ដែលធ្វើឱ្យកើតឡើងអាការៈទាំងនេះ មានមូលដ្ឋានផ្សេងគ្នាក៏ដោយ ក៏ធាតុពិតគឺថា ភាគច្រើនអាការៈទាំងនេះកើតឡើងដោយសារ ការរក្សាអនាម័យមិនបានល្អ ដែលជំរុញឱ្យលេចចេញនូវប្រភេទជំងឺមួយចំនួនដូចជា ជំងឺរលាកអញ្ចាញធ្មេញជាដើម។ ដូច្នេះ យើងនឹងផ្ដល់ជូនលោកអ្នកនូវវិធីព្យាបាលធម្មជាតិមួយចំនួន ដើម្បីដោះស្រាយបញ្ហាឈាមអញ្ចាញ និងការរង្គើធ្មេញដូចខាងក្រោមនេះ។
វិធីធម្មជាតិដើម្បីដោះស្រាយបញ្ហាអាការៈឈាមអញ្ចាញ និងធ្មេញរង្គើ
ជាក់ស្ដែងេ ការណែនាំនូវវិធីព្យាបាលទាំងនេះ គឺមានសារៈប្រយោជន៍សម្រាប់តែ អាការៈមិនធ្ងន់ធ្ងរប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ប្រសិនបើបញ្ហាមាត់ធ្មេញរបស់អ្នកមានសភាពធ្ងន់ធ្ងរ អ្នកគួរតែទៅជួបប្រឹក្សាជាមួយទន្ដបណ្ឌិតជំនាញ។ ដោយប្រើវិធីនេះ អ្នកនឹងប្រាកដថា អ្នកទទួលបានការយកចិត្ដទុកដាក់ព្យាបាលពីអ្នកជំនាញ ហើយអ្នកក៏អាចដោះស្រាយបញ្ហារបស់អ្នកដោយវិធីដ៏ប្រសើរបំផុត តាមតែអាចធ្វើបាន។
ទឹកអំបិលក្ដៅឧណ្ហៗ៖  វិធីធម្មជាតិដ៏ប្រសើរបំផុតមួយក្នុងចំណោមវិធីទាំងលាយ ដើម្បីដោះស្រាយបញ្ហាឈាមអញ្ចាញ គឺត្រូវខ្ពុរមាត់របស់លោក អ្នកជាមួយនឹងទឹកអំបិលក្ដៅឧណ្ហៗ។ ដូចអ្នកធ្លាប់ដឹងមកហើយ សូលូយស្យង់អំបិល មានប្រសិទ្ធភាពថ្នាំសម្លាប់មេរោគ និងថែមទាំងជួយឱ្យចរន្ដឈាមរត់បានល្អប្រសើរ នៅក្នុងអញ្ចាញរបស់អ្នក ក្នុងករណីឈាមអញ្ចាញនេះទៀតផង។ អាការៈឈាមអញ្ចាញនេះនាំឱ្យមានអាការៈរលាក និងមានឈាមហូរ។ ដូច្នេះ អ្នកគ្រាន់តែខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ដោយបន្ថែមអំបិលមួយចិបរយៈពេលពីរដងក្នុងមួយថ្ងៃ អាការៈនេះនឹងបានប្រសើរឡើង។  

ទឹកអុកស៊ីសែន៖ វិធីព្យាបាលតាមបែបធម្មជាតិ មួយមុខទៀត ដែលយើងណែនាំសម្រាប់ដោះស្រាយបញ្ហាអាការៈឈាមអញ្ចាញ ដែលអ្នកអាចប្រើប្រាស់សម្រាប់ព្យាបាលអាការៈធ្មេញរង្គើផងដែរនោះ គឺត្រូវបង្កើតសូលូស្យង់ទឹក ជាមួយនឹងទឹកអុកស៊ីសែន(Peroxide) ។ ក្នុងករណីនេះ អ្នកអាចលាយទឹកជាមួយនឹងទឹកអុកស៊ីសែនដើម្បីខ្ពុរមាត់ឱ្យបានរយៈពេល ៣០ វិនាទី។ ប៉ុន្ដែអ្វី ដែលជារឿងចាំបាច់នោះ អ្នកមិនត្រូវលេបទឹកសូលូស្យង់នេះចូលទៅក្នុងពោះឡើយ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ អ្នកនឹងទទួលបានប្រសិទ្ធភាពប្រសើរ ប្រសិនបើអ្នកខ្ពុរមាត់បីដង ក្នុងមួយសប្ដាហ៍។

ម៉ាស្សា និងប្រើច្រាសដុសសម្អាតស្រាលៗត្រង់អញ្ចាញរបស់អ្នក៖ វិធីធម្មជាតិដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដែលមនុស្សជាច្រើនភ្លេចអនុវត្ដនោះ គឺត្រូវដុសសម្អាតអញ្ចាញ និងម៉ាស្សា។ ដោយប្រើវិធីនេះ លោកអ្នកនឹងអាចការពារអញ្ចាញ ពីការរងការរលាក ហើយក្នុងករណីខ្លះ ការលាកនេះក៏ធ្វើឱ្យធ្មេញរបស់អ្នករង្គើផងដែរ ដែលនឹងធ្វើឱ្យធ្មេញកាន់តែមានភាពធន់។ តាមពិតទៅ ច្រាសដុសធ្មេញ ដែលភ្ជាប់ជាមួយនឹងផ្នែកម៉ាស្សាអញ្ចាញមកជាមួយ មានលក់នៅក្នុងហាងហើយ  ដែលនឹងញ៉ាំងឱ្យការថែទាំសុខភាពមាត់ធ្មេញកាន់តែមានភាពងាយស្រួលទ្វេឡើង។ វិធីនេះគួរត្រូវបានអនុវត្ដជារៀងរាល់ថ្ងៃ ពោលគឺនៅរៀងរាល់ពេល ដែលអ្នកដុសសម្អាតធ្មេញរបស់អ្នក។

ម្សៅ Baking Soda៖ ម្សៅ Baking Soda គឺជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពម្យ៉ាងទៀត ក្នុងការធ្វើឱ្យអញ្ចាញរបស់អ្នកមិនហូរឈាម ឬរងការរលាក។ សូមលាយម្សៅ Baking Soda បន្ដិចជាមួយនឹងទឹក ហើយលាបវានៅត្រង់អញ្ចាញរបស់អ្នកដោយប្រើម្រាមដៃ។ បន្ទាប់មក ដុសសម្អាតធ្មេញរបស់អ្នកដូចធម្មតា និងត្រូវខ្ពុរមាត់ផងដែរ។ស្លឹកប័រ៖ ការណែនាំ ឬវិធីព្យាបាលធម្មជាតិមួយមុខទៀត សម្រាប់ដោះស្រាយបញ្ហាធ្មេញរង្គើ គឺត្រូវយកស្លឹកប័រមកលុញត្រង់អញ្ចាញរបស់អ្នក។ ម្យ៉ាងទៀត អ្នកអាចទំពារវាឱ្យល្អិត ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរផងដែរ។ ប័រមានប្រសិទ្ធភាពជួយឱ្យអញ្ចាញរបស់អ្នករឹងមាំ ដោយការពង្រឹងធ្មេញរបស់អ្នក។ លើសពីនេះទៀត វាមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងរោគដង្កូវស៊ីធ្មេញ និងជំងឺមាត់ធ្មេញប្រភេទផ្សេងៗទៀតដូចជា ជំងឺអញ្ចាញជាដើម៕ 
អត្ថបទ៖ ដេវីដ
Source: steptohealth