អ្នកស្រុក​ត្រាំកក់ ​ញញឹម​រីកមុខ​ដោយសារ​ «ដំណាំ​ត្រឡាច»

Doliprane TVC

​ត្រឡាច​ជា​ដំណាំ​មួយ​ប្រភេទ​ផ្លែ​របស់​វា​មាន​រាង​មូល​ទ្រវែង​មាន​ធាតុ​ត្រជាក់ ។ ក្រៅពី​ធ្វើជា​បន្លែ​គេ​អាច​ធ្វើជា​តំណាប់​ផ្សេងៗ និង កែច្នៃ​ធ្វើជា​ភេសជ្ជៈ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ទៀតផង ។ ដំណាំ​ត្រឡាច​មាន​ដាំ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅតាម​ជើងភ្នំ​គុហា​ដែល​កសិករ​នៅ​ទីនោះ​បាន​ដាំ​ដំណាំ​ត្រឡាច​នេះ​រាប់​ហិកតារ ហើយពួកគាត់​បាន​ញញឹម​បិទមាត់​មិន​ជិត​នោះទេ ដោយសារតែ​ដំណាំ​ត្រឡាច​របស់គាត់​បានទទួល​ផល​ល្អ​ធ្វើឱ្យ​គាត់​អាច​រកចំណូលបាន​ច្រើន​ពី​ដំណាំ​នេះ ។ ចម្ការ​ត្រឡាច​ជាច្រើន​ហិកតារមាន​ពណ៌​ខៀវស្រងាត់​នៅតាម​ជួរ​ជើងភ្នំ​គុហាដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ជា​រៀងរាល់ថ្ងៃ​ឱ្យតែ​ដល់​រដូវ​ត្រឡាច​ផ្លែ និង លក់​នោះគេ​សង្កេតឃើញ​មាន​ឈ្មួញ​ចេញ​ចូលទៅ​ទិញ​ផ្លែ​ត្រឡាច​នៅ​ទីនោះ​ជា​ហូរហែ ។​

អ្នកស្រុក​ត្រាំកក់ ​ញញឹម​រីកមុខ​ដោយសារ​ «ដំណាំ​ត្រឡាច»

​លោក ពេញ ជឿន ត្រូវបាន​អ្នកស្រុក​នៅទីនោះ​ចាត់ទុកថា​ជា​កសិករ​គំរូ​ម្នាក់​នៅក្នុង​ភូមិ​មានប្រសាសន៍​ឱ្យដឹងថា ប្រជាកសិករ​នៅទីនេះ​តែង​ប្រក​បរបរ​ដាំ​ត្រឡាច​លក់​ជាច្រើន​ឆ្នាំ​មកហើយ ព្រោះ​ដំណាំ​នេះទទួលបាន​ប្រាក់ចំណូល​ខ្ពស់​គួរសម​ធ្វើឱ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ ។ ដូច្នេះ​សម្រាប់​អ្នកស្រុក​នៅទីនេះ​មុខរបរ​ដាំ​ត្រឡាច​លក់​នេះ​ជា​មុខរបរ​សំខាន់​ជាង​ស្រូវ​ទៅទៀត​ដែល​ពួកគេ​មិនអាច​បោះបង់​បានឡើយ ។ ដំណាំត្រឡាច​នេះ​មិនមែន​ចេះតែ​ដាំ​បាន​រាល់ពេល ឬ គ្រប់​រដូវ​នោះទេ គឺមាន​រដូវ​កាល​របស់​វា ដែល​ភាគច្រើន​គេ​ចាប់ផ្តើម​ដាំ​នៅ​ខែ​ពិសាខ ឬ ខែជេស្ឋ ហើយ​គេ​អាច​បេះ​ផ្លែ វា​បាន​នៅ​ខែ​ស្រាពណ៍ និង ភទ្របទ ។ នៅទីនេះ​ដំណាំ​ត្រឡាច​ដាំ​បានតែ​នៅរដូវវស្សា​ប៉ុណ្ណោះ ចំណែក​រដូវប្រាំង​ដាំ​មិនសូវ​ល្អ​ទេ​ទើប​គេ​ប្តូរ​មក​ដាំពោត និង ននោងជ្រុង​វិញដែល​បានទទួល​ប្រាក់ចំណូល​ដូចគ្នា ។

អ្នកស្រុក​ត្រាំកក់ ​ញញឹម​រីកមុខ​ដោយសារ​ «ដំណាំ​ត្រឡាច»

បច្ចេកទេស​ក្នុងការដាំ​មិន​ខុសគ្នា​ទេពី​កសិករ​មួយ​ទៅ​កសិករ​មួយ​មុនដំបូង​ត្រូវ​ភ្ជួរ​រា​ស់ដីឱ្យ​ម៉ដ្ឋ និង
​យក​ស្មៅ​ចេញ​អស់​​ទើប​ភ្ជួរ​លើក​ជា​រង​ជា​ក្រោយ ។ បន្ទាប់មកទៀត​ត្រូវយក​កូន​ត្រឡាច​អាយុ​កន្លះ​ខែ​ដែល​បាន​បណ្តុះ​លើ​ថ្នាល​រួចជាស្រេចមក​ដាក់​ដាំ​លើ​រង​ក្នុង​ចម្ការ និង ស្រោច​ទឹក​មួយថ្ងៃ​ម្តង​នៅពេល​វា​បោះទង​លូតលាស់ ។ រយៈពេល​ពីរ​ខែ​ក្រោយមក​ពេល​ត្រឡាច​ចេញ​ផ្កា​ផ្លែ យើង​លែង​ហត់ នឿយ​ស្រោច​ទឹក​ទៀតហើយ ទោះបីយ៉ាងណា​ក៏​វា​មិន​ងាប់​ដែរ ព្រោះ​ដំណាំ​នេះ​ធន់​នឹង​អាកាសធាតុ​ណាស់ ។ ចំណែក​ការប្រើ​ជី​ទ្រាប់​បាត​រណ្តៅ​វិញយើង​គ្រាន់តែ​ប្រើ​ជីគីមី​លាយ​ជាមួយ​លាមក​គោ និង ដីដំបូក ។ ចំណែក​ថ្នាំពុល​សម្លាប់​សត្វល្អិត​គឺ​យើង​មិន​ប្រើ​ឡើយ ព្រោះ​វា​មិន​ដែលមាន​បញ្ហា​អ្វី​ទេ ។ ពេល​ត្រឡាច​ឱ្យ​ផល​យើង​បេះ​ផ្លែ​របស់​វា​លក់​រាល់ថ្ងៃរ​យៈ​ពេល​ពី ៥ ទៅ ៦ ខែ ទើប អស់​ផ្លែ បន្ទាប់មក​យើង​ភ្ជួរ​រាស់​ដី​ដាំពោត ននោងជ្រុង​បន្តទៀត​ទម្រាំ​តែ​ដល់​រដូវ​ដាំ​ត្រឡាច​ជាថ្មីទៀត ។

អ្នកស្រុក​ត្រាំកក់ ​ញញឹម​រីកមុខ​ដោយសារ​ «ដំណាំ​ត្រឡាច»

លោក ពេញ ជឿន បាន​បន្តទៀតថា ឆ្នាំនេះ​តម្លៃ​ផ្លែ​ត្រឡាច​ឡើងថ្លៃ​ខ្ពស់​គ្រាន់បើ ដោយ​មួយ​គីឡូក្រាម ថ្លៃ ១.០០០ រៀល ដែល​កាលពី​ឆ្នាំ មុនៗ​មានតម្លៃ​តែ ៣០០ រៀល​ប៉ុណ្ណោះ​ក្នុង មួយ​គីឡូក្រាម ។ ក្នុង​មួយថ្ងៃៗ​គាត់​អាច​បេះ​ផ្លែ​ត្រឡាច​លក់​ជាប្រចាំ​បាន​ពី ១០០ ទៅ ១៥០ គីឡូក្រាម បើ​គិត​ជា​ប្រាក់​បានទទួល​ពី ១០ ម៉ឺន​រៀល ទៅ ១៥ ម៉ឺន​រៀល ។ បើ​គិត​ជា​ប្រាក់​ប្រចាំខែ​វិញ​អាច​រកបាន​ចំនួន​បី​លាន​រៀល​ក្នុង​មួយខែ​វា​គ្រាន់ បើ​ជាង​នៅ​ទំនេរ​អត់​ធ្វើ​អ្វី​សោះ ។ ជាមួយគ្នានេះ​លោក ពេញ ជឿន ក៏បាន​ត្អូញត្អែរ​ដែរ​ថា សព្វថ្ងៃ​របរ​ដាំ​ត្រឡាច​នេះ​មាន​បញ្ហា​ចោទ​តែ​ទៅលើ​កង្វះ​ប្រភពទឹក​ប៉ុណ្ណោះ ព្រោះ​ដីភ្នំ​សម្បូរ​ថ្ម​មិនអាច​ជីក​ស្រះ​អណ្តូង​បានទេ ។ សព្វថ្ងៃ​ទឹក​សម្រាប់​ស្រោច​ត្រឡាច គឺ​ប្រើ ទឹកជ្រោះ​ដែល​ហូរ​ធ្លាក់​ពី​កំពូលភ្នំ ហើយ​សម្បូរ​តែ​ខែវស្សា​ប៉ុណ្ណោះ ចំណែក​ខែប្រាំង​វិញ​ពុំមាន​ទឹក​ឡើយ ។

​កសិករ​ម្នាក់ទៀត​ឈ្មោះ សូរ លាភ នៅ​ភូមិ​កោះ​ក្អែក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ដដែល​មានប្រសាសន៍​ឱ្យដឹងថា ឆ្នាំនេះ​ត្រឡាច​មាន​ហាងឆេង​ខ្ពស់ជាង​ឆ្នាំមុនៗ​ធ្វើឱ្យ កសិករ​មាន​កម្លាំងចិត្ត ។ ផ្លែ​តូច​លក់​គិត​ជា​គីឡូក្រាម​ដោយ​មួយ​គីឡូ​មានតម្លៃ ១.០០០ រៀល ចំណែក​ផ្លែ​ធំ​ថ្លោស​ល្អ​គិត​ជា​ឡូត៍​ដោយ​ក្នុង​មួយ​ឡូត៍​ថ្លៃ ៦.០០០ រៀល ។ ចំណែក​បច្ចេកទេស​ដាំ និង ការថែទាំ​មិន​ខុសគ្នា​ទេ ត្រឡាច​ដែល​ផ្គត់ផ្គង់​លក់​លើ​ទីផ្សារ​នានា​ក្នុង​ខេត្តតាកែវ រាល់ថ្ងៃនេះ​គឺ​នាំ​ចេញពី​តំបន់​នេះ​ទាំងអស់ ។ ចំណែក​ម៉ូយ​ដុំ​ចូលចិត្ត​យកទៅលក់​បន្ត ព្រោះតែ​ត្រឡាច​នៅទីនេះ​ពុំមាន​ប្រើ​ថ្នាំពុល​សម្លាប់​សត្វល្អិត​ទេ​គឺ​ប្រើតែ​ជី​ប៉ុណ្ណោះ ។

អ្នកស្រុក​ត្រាំកក់ ​ញញឹម​រីកមុខ​ដោយសារ​ «ដំណាំ​ត្រឡាច»

ប៉ុន្មានឆ្នាំនេះ​កសិករ​ដាំ​ត្រឡាច​លក់បាន​កែប្រែ​មុខមាត់​ថ្មី​ពី​ជីវភាព​ក្រខ្សត់​ទៅជា​មាន​ជីវភាព ធូរធារ​ពី​ភ្ជួរ​រាស់​ដោយ​នង្គ័ល​គោ​ទៅប្រើ​ដោយ​គោយន្ត​វិញ ។ ​ដោយបាន​ទទួលផល​ចំណេញ​ច្រើន​ពី​ការដាំ​ត្រឡាច​នេះ​ប្រជាកសិករ​នៅទីនេះ មិនសូវមាន​អ្នក​ចំណាកស្រុក​ទៅធ្វើ​ការងារ​រកស៊ី​នៅ​ខេត្ត​ឆ្ងាយៗ​ឡើយ ។ កសិករ សូរ លាភ បាន​បន្តទៀតថាការដាំ​ត្រឡាច​លក់បាន​ទទួលផល​ចំណេញ​ច្រើន​ចំណាយ​ប្រាក់កាស​តិច ចំណាយ​តែ​ទៅលើ​ការទិញ​ជី ឬ ប្រេងសាំង​គោយន្ត ចំណែក​ពូជ​មាន​ខ្លួនឯង ក្រៅពីនោះ​យើង​គ្រាន់តែ​ចំណាយ​កម្លាំង​ក្នុងការ​មើលថែទាំ​ហត់នឿយ និង ហូរ​ញើស​ហាល​ក្តៅ​ជាដើម​តែ​មិនជា​បញ្ហា​នោះទេ ៕ កែវ សិលា