ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ គណៈកម្មការ​រូបិយប័ណ្ណ​នៃ​ធនាគារកណ្តាល ហៅ​កាត់​ថា MPC ត្រូវ​បាន​គេ​រំពឹង​ថា មិន​ផ្លាស់​ប្តូរ​គោលនយោបាយ​អត្រា​ការ​ប្រាក់​១,៥% របស់​ខ្លួន​ទេ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ក្រុម​សេដ្ឋវិទូ ។

គណៈកម្មការ​រូបិយប័ណ្ណ MPC បាន​រក្សា​អត្រា​ការ​ប្រាក់​នេះ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មក​ត្រឹម​២៥​ពិន្ទុ​គោល​កាលពី​ឆ្នាំ​មុន ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​រើប​ឡើង​នៃ​សេដ្ឋកិច្ច​ថៃ ។

គោលនយោបាយ​អត្រា​ការ​ប្រាក់ គឺ​មាន​កម្រិត​ទាប រីឯ​ការ​ផ្លាស់​ប្តូរ​ប្រាក់​បាត​មាន​ច្រើន ឬ​តិច​ជាង​និន្នាការ​ពាណិជ្ជកម្ម ដែល​ធនាគារកណ្តាល​ថៃ​ពេញចិត្ត​នឹង​ការ​កំណត់​រូបិយប័ណ្ណ​នៅ​ពេល​ថ្មី​ៗ​នេះ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សេដ្ឋវិទូ អ្នកស្រី Nalin Chutchotitham មក​ពី​ក្រុមហ៊ុន HSBC ។

អ្នកស្រី​បន្ថែម​ថា ៖ « ទេសាភិបាល​នៃ​ធនាគារកណ្តាល លោក Veerathai Santiprabhob ហាក់ដូចជា​ពេញចិត្ត​នឹង​អត្រា​រូបិយប័ណ្ណ​បច្ចុប្បន្ន​នេះ ពីព្រោះ​លោក​កំពុង​តែ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ​ឡើង​វិញ » ។

អ្នកស្រី​បន្ថែម​ទៀត​ថា ៖ « ធនាគារកណ្តាល​មានការ​ព្រួយបារម្ភ​ពី​សម្ពាធ​នៃ​ការ​បន្ថយ​អតិផរណា ពីព្រោះ​អត្រា​អតិផរណា​ជាក់ស្តែង និង​អត្រា​អតិផរណា​រំពឹង​ទុក គឺ​មាន​គម្លាត​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​ធៀប​នឹង​អតិផរណា​មធ្យម ខណៈ​តម្រូវការ​នៅ​តែ​បន្ត​កើនឡើង » ។

ទោះជា​យ៉ាងណា ធនាគារ​ថៃ​កំពុង​តែ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ថា ទីផ្សារ​ហិរញ្ញវត្ថុ​អាច​នឹង​កើនឡើង ដោយសារ​តែ​មានការ​ពិភាក្សា​លើ​ភាព​ខុស​គ្នា​នៃ​គោលនយោបាយ​រូបិយប័ណ្ណ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង ។ លើស​ពី​នេះ​ទៀត ធនាគារកណ្តាល​នឹង​បង្កើន​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន ជា​ជាង​ការ​គ្រប់គ្រង​តម្រូវការ​រយៈពេល​ខ្លី ។

ទន្ទឹម​នឹង​នេះ​ដែរ ធនាគារកណ្តាល​កំពុង​តែ​ព្រួយបារម្ភ​ពី​ការ​បន្ធូរបន្ថយ​គោលនយោបាយ​របស់​ខ្លួន​ព្រោះថា អ្នក​ផ្តល់​កម្ចី​ក្នុងស្រុក​មិន​ទាន់​ទម្លាក់​អត្រា​ការ​ប្រាក់​ឲ្យ​ស្មើនឹង​កម្រិត​អត្រា​ការ​ប្រាក់​នៃ​គោលនយោបាយ​ដែល​រដ្ឋាភិបាល​កំណត់​នៅឡើយ​ទេ ដោយ​សំអាង​ថា ការ​ទម្លាក់​អត្រា​ការ​ប្រាក់​នេះ អាច​នឹង​ធ្វើ​ឲ្យ​មាន​កម្ចី​ឥណទាន​កើនឡើង ។
អ្នកស្រី Nalin Chutchotitham បន្ត​ថា ៖ « ការ​បន្ថយ​អត្រា​ការ​ប្រាក់ មិន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ទេ ប្រសិនបើ​ការ​នាំ​ចេញ និង​ទិន្នផល​ផលិតកម្ម​ធ្លាក់​ចុះ ពីព្រោះ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​សកល​, ការ​ធ្លាក់​ចុះ​នៃ​ជំនឿ​ទុកចិត្ត​លើ​ការ​ចំណាយ​របស់​ប្រជាជន និង​អត្រា​អតិផរណា​ទាប​ក្រោម​អត្រា​០,៥% បើ​ធៀប​នឹង​អត្រា​អតិផរណា​ពេល​សេដ្ឋកិច្ច​មាន​ស្ថិរភាព » ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ KResearch រំពឹង​ថា ធនាគារកណ្តាល​នឹង​រក្សា​អត្រា​ការ​ប្រាក់​នៅ​ដដែល ពីព្រោះ​ហានិភ័យ​នៃ​ការ​ហូរ​មូលធន​កាន់តែ​មាន​ភាព​ដុនដាប​ទៅ ប្រសិនបើ​ធនាគារ​ចិន POBC បន្ត​ទម្លាក់​តម្លៃ​ប្រាក់​យន់​ទៀត​។ ការ​បន្ថយ​អត្រា​ការ​ប្រាក់​នឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​ច្រើន និង​ទាញ​យក​ផលប្រយោជន៍​ពី​លំហូរ​ប្រាក់​ដុល្លារ​បន្ថែម​ទៀត ខណៈ​មានការ​រឹត​បន្តឹង​ហានិភ័យ​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ។

ដោយឡែក បើ​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន​ជឿជាក់​ថា អត្រា​ការ​ប្រាក់​របស់​ធនាគារ​ជប៉ុន នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ការ​នាំ​ចេញ​របស់​ថៃ ខណៈ​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​លើក​ស្ទួយ​ដល់​ការ​វិនិយោគឯកជន ក៏​ដូច​ជា​ជួយ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​រើប​ឡើង​វិញ និង​បង្កើន​ការ​នាំ​ចូល​ផង​ដែរ ៕