ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​អូស្ត្រាលី ៖ ប្រទេស​វៀតណាម និង​អូស្ត្រាលី​គ្រោង​នឹង​ពង្រីក​កាលានុវត្តភាព​វិនិយោគ​របស់​ខ្លួន​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា TPP ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ស៊ី​ដ​នី កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម លោក Vu Huy Hoang បាន​មាន​ប្រសាសន៍​ថា ៖ « កិច្ចព្រមព្រៀង TPP បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​វៀតណាម និង​អូស្ត្រាលី ។ វា​នឹង​ជួយ​បំពេញបន្ថែម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​អូស្ត្រាលី​-​ណូ​វែ​ល​សេ​ឡង់ ហៅ​កាត់​ថា AANZFTA ក្នុង​ការ​បើក​ជំហរ​ផលិតផល​វៀតណាម ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​អន្តរជាតិ​ពីរ​ក្នុង​ពេល​តែ​មួយ » ។

ដោយ​ផ្អែក​លើ​រចនាសម្ព័ន្ធ​កិច្ចព្រមព្រៀង TPP នេះ ប្រទេស​អូស្ត្រាលី​បាន​សន្យា​ថា នឹង​លើកលែង​ពន្ធ​ទាំងស្រុង​ចំពោះ​ផលិតផល​របស់​វៀតណាម​៩៤% ។ ចំណែក​វៀត​ណាម​វិញ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បើក​ជំហរ​ទីផ្សារ​របស់​ខ្លួន​សម្រាប់​ផលិតផល​អូស្ត្រាលី ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី TPP  នេះ ។ លើស​ពី​នេះ​ទៀត នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី TPP ត្រូវ​បាន​ចុះហត្ថលេខា និង​ចូល​ជា​ធរមាន​ហើយ​នោះ កាលានុវត្តភាព​វិនិយោគ​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​នឹង​កើនឡើង និង​អាច​ពង្រឹង​អំណាច​របស់​ខ្លួន​លើ​វិស័យ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំងក្លា​ជាង​មុន ។

លោក Vu Huy Hoang លើក​ឡើង​ថា ៖ « វិស័យ​រ៉ែ ប្រេង ថាមពល ធ្យូង និង​សេវាកម្ម របស់​ប្រទេស​អូស្ត្រាលី គឺ​មាន​ភាព​ខ្លាំង​រួច​ទៅ​ហើយ ខណៈ​ដែល​វៀតណាម​មាន​សក្តានុពល​លើ​ផ្នែក​សម្លៀក​បំពាក់ ស្បែកជើង កសិកម្ម និង​គ្រឿង​សមុទ្រ  ។ វៀតណាម​នឹង​ទទួល​ជំនួយ​ជា​ច្រើន​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ឧស្ម័ន​ធម្មជាតិ និង​ការ​ផលិតក​ម្តៅ​ធ្យូងថ្ម​។ លោក​ក៏​បាន​ស្នើ​ដល់​ភ្នាក់ងារ​អូស្ត្រាលី​ឲ្យ​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិតផល​វៀតណាម ជា​ពិសេស ផលិតផល​កសិកម្ម និង​គ្រឿង​សមុទ្រ​ផង​ដែរ » ។

វៀតណាម និង​អូស្ត្រាលី កំពុង​តែ​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី TPP នឹង​បង្កើត​កាលានុវត្តភាព​វិនិយោគ​ដល់​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។ ប្រទេស​ទាំង​ពីរ​នេះ​នឹង​មានឱកាស​ផ្លាស់​ប្តូរ​ទំនិញ និង​សេវាកម្ម ព្រមទាំង​គាំទ្រ​ដល់​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង TPP ដែល​នឹង​ចូល​ជា​ធរមាន​នូវ​សភាវ​នី​យ​កម្ម​សេដ្ឋកិច្ច​សកល ។

បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ក៏​មាន​និស្សិត​វៀតណាម​ជាង​២៨.០០០​នាក់​ដែល​បាន​សិក្សា​នៅ​អូស្ត្រាលី ។ ចំណែក​ប្រទេស​អូស្ត្រាលី​វិញ បាន​ស្ម័គ្រចិត្ត​គាំទ្រ​ដល់​វៀតណាម​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​នឹង​ផ្តល់​ឱកាស​ឲ្យ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង TPP បាន​ច្រើន​បំផុត ។

ក្នុង​ជំនួប​ពិភាក្សា​នេះ​ដែរ ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ដូច​ជា បញ្ហា​បរិយាកាស​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏​ដូច​ជា​បទ​ពិសោធន៍ និង​កាលានុវត្តភាព​នៃ​ការ​វិនិយោគ​ក្នុង​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង TPP ផង​ដែរ ។

ដោយឡែក បណ្តា​ក្រុមហ៊ុន​អូស្ត្រាលី​ជា​ច្រើន​សង្ឃឹមថា រដ្ឋាភិបាល​វៀតណាម​នឹង​អនុវត្ត​គោលនយោបាយ​រយៈពេល​វែង​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឲ្យ​អូស្ត្រាលី​អាច​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម​ប្រកបដោយ​ចីរភាព ៕