ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖ ​ក្នុង​ឱកាស​បុណ្យ​​​​ចូល​ឆ្នាំ​ចិន-វៀតណាម​​ ​​​មាន​ភ្ញៀវ​​​​ជាតិ និង​អន្តរជាតិ ច្រើន​​ហួសការ​ស្មាន​ បាន​​​មក​លេង​កម្សាន្ត​ ​និង​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប ​ហើយ​​​​នៅ​តាម​សណ្ឋាគារ​ និង​ផ្ទះសំណាក់ ភោជនីយដ្ឋាន​នានា​ គេ​​ឃើញ​មាន​​រៀបចំ​តុបតែង​ផង​ដែរ ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៦ ​នេះ ​​។ ​

​​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មន្ទីរ​ជំនាញ​ខាង​ទេសចរណ៍ពុំ​ទាន់​បាន​ចេញ​របាយការណ៍​បូក​សរុប​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរ​ជាតិ ដែល​បាន​ចូល​មក​​កម្សាន្ត​នៅ​ក្នុង​តំបន់​សៀមរាប​-​អង្គរ​នៅឡើយ​​ទេ ​​ប៉ុន្តែ​​បាន​បង្ហាញ​ក្រៅផ្លូវការ​ឱ្យ​ដឹង​ថា អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់ មួយ​ចំនួន​នៅ​ក្រុង​សៀមរាប​បាន​បញ្ជាក់​ថា ​រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន (​គិត​ចាប់​ពី​សែន​ថ្ងៃ​ទី​៧ ទី​៨ និង​ថ្ងៃ​ទី​៩ ខែកុម្ភៈ) ​នេះ គ្រប់​បណ្តា​សណ្ឋាគារ​ទាំងអស់​នៅ​ក្នុង​ក្រុង​សៀមរាប ពេញ​ដោយ​ភ្ញៀវ​ទេសចរ​ចិន ។

បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា នៅ​តាម​បណ្តា​ទីកន្លែង ថតរូប​អនុស្សាវរីយ៍ និង​នៅ​តាមបណ្តា​ប្រាង្គ​ប្រាសាទ​នានា នៃ​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ ជា​ពិសេស​នៅ​ប្រាសាទ​អង្គរវត្ត សម្រាប់​ថ្ងៃ​​សែន​និង​ថ្ងៃ​ចូល​ឆ្នាំ​​ថ្ងៃទី១​ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ជា​ពិសេស​គឺ​ភ្ញៀវ​ទេសចរ​ចិន ស្ថិត​ក្នុង​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់  ។

ដោយឡែក ​អំពី​ការ​កត់សម្គាល់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ចូល​ទស្សនា​អង្គរ​សៀមរាប នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ទិដ្ឋភាព​ក្នុង​ក្រុង​សៀមរាប​មាន ហាង​លក់ទំនិញ ឬ​ក៏​ផ្ទះ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ប្រមាណ​ជា​៣៥% ត្រូវ​បាន​បិទទ្វារ​សម្រាក​ពី​ការ​លក់ដូរ ។  ចំណែក បណ្តា​ហាង​អាជីវកម្ម​ផ្សេង​ៗ ដែល​ទាក់ទង​ទៅ​នឹង​សេវាកម្ម​ទេសចរណ៍ ជា​ពិសេស​នោះ​គឺ​ភោជនីយដ្ឋាន គឺ​មិន​មានការ​សម្រាកលក់ដូរ​របស់​ខ្លួន​ឡើយ ។ ​ទោះ​បី​ជា​យ៉ាងណា​ក្តី​ នៅ​តាម​បណ្តា​ដង​វិ​ថី​នានា ស្ថិត​ក្នុង​ស្ថានភាព​មិន​ស្ងាត់​ពេក​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​តាម​ដងផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​អង្គរ នៅ​ថ្ងៃ​ទី​៨ ​កុម្ភៈ មាន​សភាព​កុះករ​យ៉ាង​ខ្លាំង ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រកា​សែត​កោះ​សន្តិភាព​