ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ​លោក​ឧប​នាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ការ​​បរទេស និង​សហប្រតិបត្តិការ​​អន្តរជាតិ កាលពីវេលា​ម៉ោង​១០​ និង៣០​នាទី​ព្រឹក​​​ថ្ងៃ​ទី​៨ ​​កុម្ភៈ ​​២០១៦ ស្ថិត​នៅ​ទីស្តីការក្រសួង បាន​អនុញ្ញាត​​ឱ្យ​លោក​ Juan de Jesús Hidalgo-Gato ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សាធារណរដ្ឋ​គុយ​បាប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម ក្នុង​ពេល​ដែល​​​លោក​​ទើប​នឹង​ទទួល​បានការ​តែងតាំង​នៅ​កម្ពុជា​ ។ 

ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ ​ភាគី​គុយ​បា​បាន​ស្នើ​សុំ​នូវ​ការ​គាំទ្រ​របស់​​​លោក​​ឧបនាយករដ្ឋមន្ត្រី ក៏​ដូច​ជា​របស់​ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​​លោក​​អាច​សម្រេច​បាន​នូវ​បេសក​កម្ម​របស់​លោក​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​មិត្ត​​ភាព និង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រវាង​ប្រទេស​ទាំង​២ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង បាន​រំលឹក​ឡើង​វិញ​ ពី​ការ​ជួយ​ឧបត្ថម្ភ​ជា​ច្រើន​របស់​គុយ​បាចំពោះ​កម្ពុជា នៅ​ក្នុង​ពេល​ដែល​កម្ពុជា​ជួបនឹង​ការ​លំបាក​ ។​ លោក​ឧបនាយករដ្ឋមន្ត្រី និង​ឯកអគ្គរដ្ឋទូត​គុយ​បា បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា ជុំវិញ​ការ​ស្វែងរក​វិធានការណ៍ ​ដើម្បី​ពង្រឹងនិង​ពង្រីក​បន្ថែម​ទៀត ​នូវ​ទំនាក់ទំនង​សហ​ប្រ​តិ​បត្ត​ការ​រវាងប្រទេស​ទាំង​២ ពិសេស​​គឺ​សហប្រតិបត្តិការ​លើ​​ផ្នែក​សេដ្ឋកិច្ច​។