ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ ពាក់ព័ន្ធ​​ករណី​ពលរដ្ឋ​ប្តឹង​អាជ្ញាធរ​ថា​ឃុ​ប​ឃឹ​ត​គ្នា​រំលោភ​យក​ដី​ធ្វើ​ផ្សារ​ កាលពី​ចុង​ស​ប្តា​ហ៍ លោក​សាយ ណូ​រ៉ា ព្រះ​រាជ​អាជ្ញា​រង​អម​​សាលាដំបូង​ខេត្តកំពង់ធំ បាន​ដឹកនាំ​មន្ត្រី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ស្វែង​រក​យុត្តិធម៌​ដល់​អ្នក​ទាំង​សងខាង​ ។

​លោក​ព្រះរាជអាជ្ញា​រង​ឲ្យ​ដឹង​ថា លោក​ចុះ​មក​ត្រួតពិនិត្យ​នេះ​ ទៅ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ជឹ​ម ឆុ​ម ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​កៀ យី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជុំ​ទី​៤ ឃុំ​ត្នោត​ជុំ ស្រុក​បារាយ​ណ៍ ​សុំ​ប្តឹង​ឈ្មោះចាន់ ប៉ុក អាយុ​៥៨ឆ្នាំ​ ជា​មេឃុំ​ត្នោត​ជុំ ទី​២​-​ប្តឹង​ឈ្មោះ​ប៉ោ ញួ​ន ភេទ​ប្រុស ​អាយុ​៥៨ ជា​ប្រ​ធាន​ភូមិ​ត្នោត​ជុំ​ទី​​៤ និង​លោក​យោក ម៉ិ​ក ជា​អនុ​ប្រ​​ធាន​ភូមិ​ត្នោត​ជុំ​ទី​៤ និង​គូ​កន​ជា​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លា​រទៀត ពី​បទ​បំផ្លិ​ចបំផ្លាញ​ទ្រព្យសម្បត្តិ​កាលពី​ពេល​កន្លង​ទៅ​ ដើម្បី​រំលោភ​យក​ដី​មុខ​ផ្ទះ​ទៅ​ធ្វើ​តូប​ឱ្យ​​គេ​លក់ដូរ ដោយ​ពុំ​មានការ​ឯកភាព និង​យល់ព្រម​ពី​ម្ចាស់ផ្ទះ​​​ពាក់ព័ន្ធ​ករណី​ខាងលើ ។

​ស្ត្រី​ឈ្មោះ​កៀ យី ប្រាប់​ថា​ ​ដី​នេះ​ គាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្ល៉េះ​ ​ដោយសារ​តែ​ជីវភាព​ខ្វះខាត គាត់​ក៏​ទៅ​ធ្វើ​ជា​កម្មករ​ចំការ​កៅស៊ូ ស្រាប់តែ​អាជ្ញាធរ​ភូមិ​-​ឃុំ​នាំ​គ្នា​មក​រុះរើ​របង​ផ្ទះ កាប់​បំផ្លាញ​ដំណាំ​របស់​គាត់ ហើយឱ្យ​​គេ​ដាក់​តូប​លក់​អិ​វ៉ា​ន់​មក​ដល់​ជិត​សរសរ​​ផ្ទះ​របស់​គាត់​ ដោយ​ពុំ​មានការ​យល់ព្រម​ពី​គាត់ ឬ​ក៏​ទូ​ទាត់​ថ្លៃ​ខូចខាត​អ្វី​ទាំងអស់ ទើប​ធ្វើ​ឲ្យ​គាត់​មិន​សុខចិត្ត​ដាក់​ពាក្យ​បណ្តឹង​​រក​យុត្តិធម៌​ទៅ​តុលាការ ។

​លោក​មេធាវី លី សត្យា តំណាង​ឲ្យ​ដើមបណ្តឹង​ឈ្មោះ​ជឹ​ម ឆុ​ម និង​ឈ្មោះ​កៀ យី ប្រាប់​ថា​ ​ចំពោះ​ករណី​លោក​ចាន់ ប៉ុក មេឃុំ​ត្នោត​​ជុំ​នេះ​ គឺ​មាន​អតីត​​លោក​មេឃុំ​ត្នោត​ជុំ​​ចាស់ ប្រធាន​ភូមិ​ចាស់ គ​ណៈ​កម្ម​ការ​វត្ត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​៩​ភូមិ​ នាំ​គ្នា​ផ្តឹ​ត​មេដៃ​ចំនួន​៤១៦​នាក់ ចុះ​ថ្ងៃ​ទី​០១ កុម្ភៈ ​២០១៦ ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​បណ្ឌិត ងួ​ន ញ៉ិល  តំណាំង​រាស្ត្រ​​ខេត្តកំពង់ធំ ពី​លោក ចាន់ ប៉ុក មេឃុំ​ត្នោត​ជុំ​ថ្មីជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១២ ថា​ បាន​រំលោភ​យក​ដី​វត្ត​ត្នោត​ជុំ​ចំនួន​២​ហិកតា ស្ថិត​នៅ​ក្នុងភូមិ​ត្នោត​ជុំ​ទី​១ ឃុំ​ត្នោត​ជុំ និង​ដី​សមាគម​ន៍​​អតីត​យុទ្ធ​ជន​ពលី​​ចំនួន​១០​ហិតា ស្ថិត​នៅ​វាល​ត្រពាំង​ស្នោរ ឃុំ​ត្នោត​ជុំ​ ។

​ជុំវិញ​ករណី​ខាងលើ​នេះ ​លោក ចាន់ ប៉ុក មេឃុំ​ត្នោត​ជុំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភៈ ​​២០១៦​ថា​ ដី​ផ្សា​នេះ​កាលពី​ជំនាន់​ប៉ុ​ល ពត ជា​កន្លែង​រោង​បាយ​ដល់​ឆ្នាំ​១៩៧៩ ក្លាយជា​កន្លែង​ប្រជាពលរដ្ឋ​លក់ដូរ ក្រោយមក​ឈ្មោះ​ជឹ​ម ឆុ​ម និង​ឈ្មោះ​កៀ យី បាន​មក​រស់នៅ​ជា​ជ្ញា​ធរ​បាន​ហាមឃាត់​តែ​តែ​មិន​ស្តាប់ ទើប​បង្ក​ជា​បញ្ហា​មក​ដល់​ថ្ងៃនេះ​ ។ ​

ចំណែក​ដី​២​ហិតា​នោះ​ ​​ជា​ដី​វាល​មិនមែន​ជា​ដី​របស់​វត្ត​ឡើយ ហើយ​គ្រប់គ្រង​តាំ​ង​ពី​ឆ្នាំ​១៩៨៦​មក​​ម្ល៉េះ រីឯ​ដី​ប្រហែលជា​១០​ហិកតា​ដែល​ថា ​ជា​ដី​សម្រាប់​យុទ្ធ​ជនពលី ​ក៏​មិនមែន​ដែរ កាលពី​ដាច់​ពីប៉ុ​ល ពត មក ​គឺជា​ដី​វា​ត្រែង​ប្រហែលជា​ជាង​២០​ហិតា ត្រូវ​បែង​ចែក​ជា​ច្រើន​ចំណែក អ្នកខ្លះ​លក់ដូរ ខ្លះ​ដូរ​ដោះ​ជា​ច្រើន​ដំណាក់កាលអស់​ទៅ​ហើយ​ ​នៅ​សល់​តែ​ចំណែក​របស់​លោក​ថែរក្សា​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ​មិន​ដូច​ជា​ការ​ចោទប្រកាន់​នោះ​ឡើយ​ ។