ថ្ងៃ​សែន​ចិន​ក្រុម​ស្ទាវ​ដេញ​វ៉ៃ​គ្នា​ហុយ​ដី​សំពោង​លើ​វាល​ខ្សាច់

ថ្ងៃ​សែន​ចិន​ក្រុម​ស្ទាវ​ដេញ​វ៉ៃ​គ្នា​ហុយ​ដី​សំពោង​លើ​វាល​ខ្សាច់

ខេត្តកំពង់ចាម ៖ ចំ​ថ្ងៃ​សែន បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នា​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តំបន់​ទេសចរណ៍​ថ្មី​ក្បាលកោះ​ប៉ែន ស្ថិត​ក្នុងភូមិ​កោះ​ប៉ែន​«​ក​» ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម បាន​កើត​មាន​ហេតុការណ៍​បន្តបន្ទាប់​គ្នា ដោយ​មាន​ម្នាក់​លង់ទឹក​ទន្លេ​ស្លាប់ និង​មនុស្ស​១​ក្រុម​ទៀត ដេញ​សំពង​គ្នា​នឹង​ដំបង​លើ​វាល​ខ្សាច់​ហុយ​ដី​ទ្រលោម មើលទៅ​ដូច​ខ្សែភាពយន្ត​ហុងកុង តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួសធ្ងន់​ដឹក​ចូល​មន្ទីរពេទ្យ​នោះ​ទេ ។ ការ​ប្រទូស្ដ​រា​៉​យ​ដេញ​វាយ​គ្នា​ដូច​ហ្វូងគោ​នេះ ត្រូវ​គេ​ដឹង​ថា ផ្ដើម​ចេញពី​រឿង ដណ្ដើម​ស្រី​ស្នេហ៍​គ្នា​របស់​យុវជន​ស្ទាវ​ទំនើង​មួយ​ក្រុម ។

លោក​វរសេនីយ៍ទោ ជា ធា​រិ​ទ្ធ  អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​មនុស្ស​មា្ន​មក​ពី​គ្រប់​ទិស​ទី​នាំ​គ្នា​ទៅ​លេង​នៅ​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​រាប់រយ​នាក់​នោះ នៅ​រសៀល​ថ្ងៃ​ខាងលើ​ស្រាប់តែ​មាន​អំពើ​ហិង្សា​កើតឡើង ដោយ​មាន​យុវជន​ស្ទាវ​ជា​ច្រើន​នាក់​ដេញ​សំពង​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វាល​ខ្សាច់​ដ៏​ល្វឹងល្វើយ ហុយ​ដី​មើល​គ្នា​មិន​ចង់​ឃើញ មិនដឹង​ថា ក្រុម​ណា​វាយ​ក្រុម​ណា​ទេ ធ្វើ​ឱ្យ​អ្នក​ទៅ​កម្សាន្ត​មានការ​ភ្ញាក់ផ្អើល រត់គេច​រៀងខ្លួន ។

លោក​អធិការ​បន្ត​ថា នៅ​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កោះមិត្ត ដែល​ប្រចាំការ​នៅ​ចំណុច​ក្បាលកោះ ក៏​បាន​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់​។ ប៉ុន្តែ​ពេល​ភ្លាម​ៗ​ទៅ​មិន​ទាន់ ដោយ​ក្រុម​បង្កជម្លោះ​គ្នា​នោះ​បាន​នាំ​គ្នា​រត់គេច​អស់​ក្នុង​ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករ​បាត់​ទៅ ក្រោយ​ពេល​ដឹង​ថា ប៉ូលិស​មក​ដល់ ។ គេ​មិនដឹង​ថា តើនរ​ណាខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ​ទេ ព្រោះតែ​មិនឃើញ​មាន​របួស​ស្នាម​នៅ​លើ​ខ្លួនប្រាណ តែ​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​ស្រាវជ្រាវ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ទៅ​មាន​ទំនាស់ គឺ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ស្រី​ស្នេហ៍ និង​និយាយ​ដៀមដាម​ផ្លែផ្កា​ដាក់​គ្នា ។

តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត នឹង​បន្ត​នីតិវិធី​តាម​រក​ក្រុម​នោះ​ទៀត ព្រោះ​បាន​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​តំបន់​ទេសចរណ៍​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ធ្វើ​ឱ្យ​អ្នក​ទៅ​កម្សាន្ត​ភ័យ​ខ្លាច​គ្រប់​គ្នា ។

លោក​អធិការ ជា ធា​រិ​ទ្ធ ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ករណី​ដោយឡែក​មួយទៀត គឺ​មាន​ប្រជាពលរដ្ឋ​ជា​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ប្រដឹស​ឬ​ស្សី​មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ ។ ជា​ចៃដន្យ ឈ្មោះ ស៊ា​ន សុខ​ធានី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មក​ពី​ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម  ពេល​ចុះ​មុជទឹក​ទន្លេមេគង្គ​លេង ក៏​ស្រាប់តែ​លង់ទឹក ។

ខណៈនោះ ក្រុម​គ្រួ​សារបាន​ស្រង់​ពី​ក្នុង​ទឹក ហើយ​ធ្វើការ​សង្គ្រោះ​ដោយ​លើក​រលាក់​ទឹក​ប៉ុន្តែ​នៅ​តែ​មិនដឹង​ខ្លួន​ទើប​ដឹង​ថា​ស្លាប់ ក៏​ដឹក​តាម​រថយន្ត​យក​ទៅ​ផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​សំឡេង​យំទួញ​ដ៏​សោកសៅ​របស់​ឪពុក​ម្តាយ និង​សាច់ញាតិ ៕