គណបក្ស​សង្គ្រោះជាតិ​ស្វែង​រក​​ជំនួយ​ ខណៈ​ប្រឈម​ការ​គំរាម​​តបត​​​ជុំវិញ​​ការ​តវ៉ា​នៅ​អាមេរិក​ ​

ដោយ​ប្រឈម​​នឹង​ការ​គំរាម​តបត​​ ប្រសិន​​​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ការ​តវ៉ា​​អំឡុង​​ពេលលោក​​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​​​​ការ​លើក​ដំបូង​​នៅ​​សហរដ្ឋអាមេរិក​​នា​​សប្ដាហ៍​ក្រោយ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ខ្លួន​នឹង​​ស្វះស្វែង​ស្នើ​ឲ្យ​មាន​ជំនួប​មួយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​សប្ដាហ៍​នេះ​ជុំវិញ​ក្ដី​ព្រួយ​​​បារម្ភ​អំពី​សន្តិសុខ​​។

​លោក ហ៊ុន សែន ​បាន​​ធ្វើ​ការ​ព្រមាន​តាម​​ហ្វេសប៊ុក​កាលពី​ចុង​​ខែ​មុន​ដោយ​គំរាម​​អំពី​ការ​ធ្វើ​បាតុកម្ម​​តបត​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​​លោក​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​​​​ការ​តវ៉ា​អំឡុង​ជំនួបកំពូល​​ជាមួយ​​​លោក​ បារ៉ាក់ ​​​អូបាម៉ា ប្រធានា​ធិបតី​អាមេរិក និង​មេដឹកនាំ​អាស៊ានផ្សេងទៀត​​​​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ថ្ងៃទី​១៥ និង​១៦ ក្នុង​ខែ​កុម្ភៈ​នេះ។

លោក ខាន់ ចាន់សុផល ​ជា​បុគ្គល​ដ៏​លេច​ធ្លោ​​​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ហ្វេសប៊ុក​ និង​ជា​ទាហាន​​ក្នុង​​ជួរ​កង​យោធពល​​​ខេមរភូមិន្ទ​​​បាន​​បញ្ចេញសកម្មភាព​កាន់​តែ​ខ្លាំងនៅក្នុងសារ​បង្ហោះ​​តាម​ទំព័រ​ហ្វេសប៊ុក​កាលពី​សប្ដាហ៍​មុន​​ ដោយ​បាន​​លើក​ឡើង​ថា លោក ​​កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​គួរ​តែ​ចាក​ចេញពី​ប្រទេស​ដើម្បី​ចៀសវាង​អំពើ​ហិង្សា។ ​

ដោយ​សំដៅ​ដល់​តំណាងរាស្ត្រ​​គណបក្ស​ប្រឆាំង​​​ដែល​​ត្រូវ​បាន​វាយ​ដំ​យ៉ាង​ព្រៃផ្សៃ​​អំឡុង​ការ​តវ៉ា​​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាង​ក្រៅ​រដ្ឋសភា​កាលពី​ខែ​តុលា លោក​បាន​សរសេរ​ថា “​លោក កឹម សុខា ​ខ្លាច​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បាតុ​កម្ម​​ ​ដុត​ផ្ទះ​របស់​គាត់​ ​ឬ​ទាញ​គាត់​ចេញ​​​ពី​ក្នុង​ឡាន ហើយ​វាយ​ដំ​ដូច​តំណាង​រាស្ត្រ​ទាំង​​​ពីរ​រូប​នោះ​”។

​លោក​បាន​សរសេរ​បន្ថែម​ថា “​វា​ប្រហែល​​​ជា​ដល់​ពេល​ដែល​លោក កឹម សុខា ត្រូវ​ទិញ​សំបុត្រ​យន្តហោះ​​​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​​​​​ហើយ មុន​ពេល​​រឿង​នេះ​កើត​ឡើង”។

​ពេល​ទាក់​ទង​តាម​​ទូរស័ព្ទ​កាលពី​ម្សិល​មិញ លោក ខាន់ ចាន់សុផល បាន​លើក​ឡើង​ថា ការបង្ហោះសារ​​​​តាម​ហ្វេសប៊ុក​របស់​លោក​​​មិន​​មែន​មាន​ន័យ​ថា ជា​ការ​​គំរាម​នោះ​ទេ ប៉ុន្តែ​​ជា​​ការ​ផ្ដល់​យោបល់​​ដល់​លោក កឹម សុខា។

​លោក​​មាន​ប្រសាសន៍​ថា ”​ការ​សរសេរ​​របស់​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញពី​​ទស្សនៈ​ និង​មតិ​យោបល់​​នយោបាយ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ”។ លោក​បាន​បន្ថែម​ថា ”​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​​ គឺ​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​ប៉ុណ្ណោះ​ ហេតុ​ដូច្នេះ​​គាត់​គួរ​តែ​​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ណែនាំ​​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​សហរដ្ឋអាមេរិក និង​គ្រប់ទីកន្លែង​​ឲ្យ​នៅ​​ស្ងៀម ហើយទុក​ឲ្យ​​មេដឹកនាំ​គណបក្ស​​ដោះ​ស្រាយ​បញ្ហា​”។

“ប្រសិន​បើ​រឿង​បែប​នេះ​កើត​ឡើង គឺ​ឯកឧត្ដម កឹម សុខា ទេ​ដែល​នឹង​ជួប​បញ្ហា​”។

កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា ​​ដែល​ជា​អនុប្រធាន​ទទួល​បន្ទុក​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​គណ​បក្ស​​នេះ​នឹង​ស្វះស្វែងស្នើសុំឲ្យមាន​ជំនួបមួយ​​ជាមួយ​​​​​​​​​រដ្ឋាភិបាល​​​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​​អំពី​ការ​ដែល​អាច​មាន​ការ​ប្រើ​អំពើ​ហិង្សា​​​​​​​តបត​ ប្រសិន​បើ​​មាន​មនុស្ស​ធ្វើការ​តវ៉ា​ប្រឆាំង​​​​​​លោក ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក​​។

កញ្ញា​បាន​​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​ថា ”​យើង​នឹង​ទាក់ទង​ជាមួយ​អាជ្ញាធរ​នៅ​ក្នុង​សប្ដាហ៍​នេះ​​ មិន​គ្រាន់តែ​ទាក់ទិននឹង​ការ​បង្ហោះ​សារ [របស់​លោក ចាន់សុផល] ទេ ប៉ុន្តែ​​​ថែមទាំង​ទាក់ទិននឹង​រាល់​ការ​ដែល​អាច​មាន​ការ​ប្រើ​អំពើ​ហិង្សា​តបត​​នៅ​ទីនេះ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ”។

​កញ្ញា​បាន​បន្ថែម​ថា “​ដោយ​​មើល​ឃើញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​តុលា យើង​ដឹង​ថា គណបក្ស​ប្រជាជនកម្ពុជា​​អាច​មាន​លទ្ធភាព​គេច​រួច​ផុតពី​ការ​រិះគន់​ចំពោះ​អ្វី​ដែលខ្លួន​បាន​ធ្វើ​​ ហើយ​ឥឡូវ​នេះ​ពួកគេ​បាន​​​ចាត់​ទុក​បាតុកម្ម​ដោយ​សន្តិវិធី​សាជាថ្មី​ថា ជា​​ការ​ធ្វើ​ឲ្យ​ពួកគេ​អាម៉ាស់មុខ​ ដែល​ពួកគេ​ជឿ​ថា គួរ​តែ​មាន​ការតបត​ដោយ​​ការ​ប្រើ​កម្លាំង​”។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​អំពី​ការ​​ធ្វើ​បាតុកម្ម​​​​​តបត​នឹង​ការ​តវ៉ា​ដែល​ប្រឆាំង​រូប​លោក​អំឡុង​ដំណើរបំពេញទស្សនកិច្ច​​ទៅ​កាន់​​ទីក្រុង​បា៉រីស​កាលពី​ឆ្នាំ​មុន​ផង​ដែរ​។ មួយ​​​ថ្ងៃ​ក្រោយ​មក លោក ញ៉យ ចំរើន និង​លោក គង់​ សភា សមាជិក​សភា​គណបក្ស​សង្គ្រោះ​​ជាតិ​​ត្រូវ​បាន​​វាយ​ដំ​យ៉ាង​ព្រៃផ្សៃ​ ដោយ​បាតុករ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ខណៈ​ពួកគាត់​ទាំង​ពីរ​ព្យាយាម​ចាក​ចេញពី​រដ្ឋសភា។

​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​ភោជ​នីយ​​ដ្ឋាន​មួយដែលស្ថិតនៅ​​​​ខាង​ក្រៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្ដាហ៍​មុន លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​​កំពុង​​និរទេស​ខ្លួន​ឯង​​ដើម្បី​គេច​ពី​ការ​ផ្ដន្ទាទោស​​រយៈ​ពេល​​២ឆ្នាំ បាន​​ណែនាំ​​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ​​កុំ​ឲ្យ​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន។

ទោះជាយ៉ាងណា​ លោក ទូច វិបុល ប្រធាន​​​សម្ពន្ធភាព​កម្ពុជា​-អាមេរិក​ ដែល​ជា​ក្រុម​សកម្ម​​ជន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា​ ក្រុមរបស់លោក​​​​នៅ​តែ​បន្ត​​​គម្រោង​​តវ៉ា​​ប្រឆាំង​វត្តមាន​របស់​លោក ហ៊ុន សែន ដដែល​ អំឡុង​កិច្ច​ប្រជុំ​កំពូល​​​នៅ​ក្នុង​​ទីក្រុង​រមណីយដ្ឋាន Rancho Mirage ដែល​ស្ថិត​នៅក្នុង​រដ្ឋកាលីហ្វ័រញ៉ា​​។

​លោក​​លើក​ឡើង​​តាម​រយៈ​សារ​​អេឡិច​​ត្រូនិក​​ថា “​យើង​​បន្ត​​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង​​ទាក់​ទិន​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​​ការ​​វាយ​ប្រហារ​លើ​​សេរីភាព និង​មូលដ្ឋាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នេះ​។ ជា​ថ្មី​ម្ដង​ទៀត​ ទោះបី​ជា​​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​នេះក៏ដោយ​​ វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​​ទាំង​ស្រុង​របស់​នាយករដ្ឋមន្ត្រី”។

លោក ហ៊ុន ម៉ានិត កូន​ប្រុស​របស់​លោក ហ៊ុន សែន ដែល​ជានាយកនៃ​​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច​​​​នៃ​ក្រសួង​ការ​ពារជាតិ​​​បាន​​​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​លោក​បាន​ទទួល​​អុីម៉េល​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ជួយ​​រៀបចំ​ការ​តវ៉ា​ប្រឆាំង​​​​​លោក​ ហ៊ុន សែន។

ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ានិត បាន​លើក​ឡើង​នៅ​ក្នុង​សារ​​អេឡិច​ត្រូនិក​​មួយ​ថា ”​បើ​និយាយ​ទាក់ទិននឹង​​​គម្រោង​​តវ៉ា​នៅ​​ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា​​ សហរដ្ឋអាមេរិក​ប្រឆាំង​​សម្ដេច​ ​​ហ៊ុន សែន យើង​​ទទួល​បាន​ការទាក់ទង​តាម​អុីម៉ែល​របស់​​ពួកគេ​​ដោយ​ស្នើ​ឲ្យ​សមាជិក​​ជួយ​រៀបចំ​ការ​តវ៉ា​”។

នៅ​ពេល​សួរ​ថា តើ​លោក កឹម សុខា គួរ​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​​លោក​ដែរ​ឬទេ ប្រសិន​បើ​មាន​ការ​តវ៉ា​​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ានោះ​ ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ានិត បាន​លើក​ឡើង​ថា គណបក្ស​កំពុង​កាន់​អំណាច​​នឹង​ខិត​ខំ​ឲ្យ​អស់​​ពី​លទ្ធភាព​ដើម្បី​រក្សា​ភាពស្ងប់​ស្ងាត់​​ក្នុង​ចំណោម​អ្នក​គាំទ្រ​​របស់​ខ្លួន​។

លោក​បាន​ថ្លែង​ថា “លោក កឹម សុខា មិន​គួរ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​លោក​ទេ ព្រោះ​យើង​ [គណបក្ស​ប្រជាជន​កម្ពុជា​] នឹង​ព្យាយាម​គ្រប់គ្រង​អ្នក​គាំទ្រ​របស់​យើង​”។

លោក​បាន​បន្ថែម​ថា ​យុវជន​ជាច្រើន​កំពុង​​​​តាម​ដាន​​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់ ព្រោ​ះ​​​​​បេះ​ដូង​របស់​ពួកគេ​​គឺ​នៅ​ជាមួយ​​សម្ដេច​នាយក​​​​​​រដ្ឋមន្ត្រី​ ហើយ​គាំទ្រ​គាត់​ដល់​ទីបញ្ចប់។ យើង​​​​​នឹង​ខិតខំ​ធ្វើ​ការ​ដើម្បី​គ្រប់គ្រង​ពួកគេ​មិន​ឲ្យ​​ចេញ​មក​ឡើយ…ប៉ុន្តែ​គ្មាន​ការ​ធានា​ទេ​”៕ ស៊ុយឈាង​​​​​

The post គណបក្ស​សង្គ្រោះជាតិ​ស្វែង​រក​​ជំនួយ​ ខណៈ​ប្រឈម​ការ​គំរាម​​តបត​​​ជុំវិញ​​ការ​តវ៉ា​នៅ​អាមេរិក​ ​ appeared first on ខេមបូឌា ដេលី.