លោក ហ៊ុន សែន​ ណែនាំ​ឲ្យ​បង្កើត​ក្រុមការ​ងារ​ដោះស្រាយ​សំណូម​ពរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​អភិវឌ្ឍយ៉ាង​ឆាប់​រហ័ស​នូវ​ការ​ធ្វើ​​កិច្ច​ការ​នយោ​បាយ​តាម​រយៈ​ហ្វេសប៊ុក​​ចាប់តាំង​ពី​លោក​បាន​ចូល​រួម​បណ្ដាញ​សង្គម​នេះ​ជា​​ផ្លូវ​ការ​កាល​ពី​ខែ​កញ្ញាមក។

ឥឡូវ​នេះ លោក​​​កំពុង​ប្រើ​ប្រាស់​វា​ជា​ផ្លូវ​ការ​​​ដោយ​ចេញ​សេចក្ដី​ណែនាំ​ថ្មី​មួយ​កាលពី​ម្សិល​មិញ ​ណែនាំ​ដល់​រដ្ឋមន្ត្រី​គ្រប់​រូបក្នុង​ជួរ​រដ្ឋាភិបាល​​​ឲ្យ​បង្កើត​ក្រុម​ការ​ងារ​តាម​ដាន​ស្រង់​របាយការណ៍​​​​ពាក្យ​បណ្ដឹង​ និង​សំណូម​ពរ​​​ដែល​ប្រជាពលរដ្ឋ​​បាន​បង្ហោះ​ក្នុង​ទំព័រ​គេហ​​ទំព័រ​​របស់​លោក​។

លោក ហ៊ុន​ សែន បាន​ចេញ​បញ្ជា​ថា ​ក្រុម​​​ការ​ងារ​​ត្រូវ​​បញ្ជូន​របាយការណ៍​ប្រចាំ​​ថ្ងៃ​​អំពី​​ពាក្យ​បណ្ដឹង​ក្នុង​ទំព័រហ្វេសប៊ុក​ដោយ​ផ្ទាល់​ទៅ​ការិយាល័យ​​របស់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ហើយ​បញ្ហា​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​។

សេចក្ដី​ណែនាំ​នេះមាន​ខ្លឹមសារ​ថា “​ដើម្បី​​ក្ដាប់​បាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេល​វេលា សូម​សម្ដេច ឯក​ឧត្ដម លោក​​ជំទាវ ចាត់តាំង​ក្រុម​ការ​ងារ​​តាម​ដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​​ដែល​បាន​ផ្ញើ​មក​កាន់​គេហទំព័រ​នាយក​រដ្ឋមន្ត្រី​​ បន្ទាប់មក​ត្រូវ​ឆ្លើយ​​​តប​ និង​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​​ឲ្យ​បានទាន់​ពេល​វេលា”។

លោក​ក៏​បាន​ហៅ​គំនិត​ផ្តួច​ផ្តើម​ថ្មី​តាម​ហ្វេសប៊ុកនេះ​​​ថា “ជា​កិច្ច​ការ​សំខាន់​” ដែល​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ និង​ថ្នាក់​ដឹកនាំ​ខេត្ត​ទូ​ទាំង​ប្រទេស ”​យកចិត្ត​ទុក​ដាក់” លើ​បណ្តាញ​សង្គម​​នេះ​។

កាលពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​និស្សិតបញ្ចប់​ការ​សិក្សា​​​ជាច្រើន​នាក់​ថា លោក​​ទទួល​បាន​ពាក្យ​បណ្ដឹង​ដូច​ភ្នំ​ពី​ប្រជាពលរដ្ឋ​​តាម​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក​បាន​​ព្រមាន​ដល់​មន្ត្រី​រដ្ឋាភិបាល​ថា “​សូម​កុំ​មើល​ស្រាល​បញ្ហា​ឲ្យ​សោះ។ បញ្ហា​ណា​​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ មិន​មែន​ជា​បញ្ហា​តូច​តាច​ឡើយ”។

លោក​​បាន​លើកសរសើរ​ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ ពី​របៀប​​​​​​ដែល​លោក​ ម៉ម ប៊ុនហេង បាន​កត់​សម្គាល់​​ពី​ការ​ត្អូញ​ត្អែរ​​នៅក្នុង​​ទំព័រ​ហ្វេសប៊ុក​អំពី​តម្លៃ​នៃ​​​ការ​ប្រឡង​​ចូល​សាកលវិទ្យាល័យ​​វិទ្យា​សាស្ត្រ​​​សុខាភិបាល ហើយ​បាន​ជម្រាប​ជូន​​នាយក​រដ្ឋមន្ត្រី​ភ្លាមៗ។ ពេល​នោះ​លោក ហ៊ុន សែន ​​បាន​ប្រកាស​នៅ​នឹង​កន្លែង​នោះ​អំពី​តម្លៃ​សម្រាប់​​ការ​ប្រឡង​ នឹង​ត្រូវ​កាត់​បន្ថយ​ពី​ប្រហែល​១២៥​ដុល្លារ​មក​ប្រហែល​២៥​ដុល្លារ​​​​​តែ​ប៉ុណ្ណោះ​។

ការ​ជំរុញ​ឲ្យ​ពិនិត្យ​មើល​ហ្វេសប៊ុក​នេះ​ទំនង​​​​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​​ស្ដារ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​ធ្វើ​ឲ្យ​​គណបក្ស​កាន់​អំណាច​​មានការ​ភ្ញាក់​ផ្អើល​​អំឡុង​​​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដោយសារ​​ការ​​ប្រើប្រាស់​ឥទ្ធិពល​​នៃ​​​បណ្ដាញ​​​​ទំនាក់​ទំនង​សង្គម​ ហើយ​​​បាន​​កេង​ចំណេញពី​ការ​មិន​ពេញ​​​ចិត្ត​​ចំពោះ​អំពើ​​​ពុក​រលួយ​ដ៏​រាល​​ដាល​ និង​កង្វះ​តម្លាភាព​​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក កែម ឡី អ្នក​វិភាគ​មួយ​រូប​​ដែល​បាន​ជួយ​បង្កើត​​បណ្ដាញ​នយោបាយ​ខ្មែរ​ដើម្បី​​ខ្មែរ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជាមាន​ការ​​​​​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ប្រជាពល​រដ្ឋ​ថា ជា​ការ​ចាប់​ផ្ដើមដ៏​ល្អ​ក៏ដោយ ក៏​រដ្ឋាភិបាល​​ត្រូវ​​​​​យក​ចិត្តទុក​ដាក់​អំពី​កំណែទម្រង់​ស្ថាប័ន​ជាមូល​ដ្ឋាន​បន្ថែម​ទៀត​​មុន​ពេល​​ឈាន​ទៅ​រក​ជ័យជម្នះ​នៅ​ពេល​បោះ​ឆ្នោត។

លោក​បាន​ថ្លែង​ថា “​វា​ប្រសើរ​ជាង​ការ​មិន​​​អើ​ពើ​​ការ​បញ្ចេញមតិ​រ​បស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ…​​វិធី​ដ៏ល្អ​បំផុត​ក្នុង​ការ​ទទួល​បាន​ប្រជា​​ប្រិយភាព​ គឺ​ត្រូវ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​តាម​ស្ថាប័ន​នានា​”៕ សារុន​​

The post លោក ហ៊ុន សែន​ ណែនាំ​ឲ្យ​បង្កើត​ក្រុមការ​ងារ​ដោះស្រាយ​សំណូម​ពរ appeared first on ខេមបូឌា ដេលី.