​កម្មករ​នៅ​រោងចក្រ សេរី​ហ្គា​មិន ជិត​១០០​នាក់ តវ៉ា​មុខក្រសួង​ការងារ ទាមទារ​ឲ្យ​មានការ​ដោះលែង តំណាង​ពួកគេ​២​នាក់​

ភ្នំពេញ: កម្មករ កម្មការិនី ប្រមាណ​ជិត​១០០​នាក់ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី ក្នុង​ខេត្តកំពង់ស្ពឺ បាននាំគ្នា​ឡើងមក​តវ៉ា នៅមុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ឲ្យ រដ្ឋមន្ត្រីក្រសួង​ការងារ ជួយ​អន្តរាគមន៍ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ ដោះលែង​តំណាង​របស់​ពួកគេពីរ​នាក់ ដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបញ្ជូនទៅ​តុលាការ​។​
​    ​
​សមាជិក​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តុលាការ​ឃុំខ្លួន មានឈ្មោះ យ៉ុង លាភ ភេទ​ស្រី ជា​សមាជិក​សហជីព​សេរី​កម្មករ និង​ឈ្មោះ ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី​។​
​    ​
​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ បុគ្គលិក​ប្រធាន សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់ គឺ​កញ្ញា យ៉ុង លាភ និង​លោក​ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ក្បែរ​រោងចក្រ និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់ពីបទ​អំពើ​ញុះញង់ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​បទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​អ្នក​ទាំងពីរ បាន​ចូលរួម​ធ្វើ​កូដកម្ម ជាមួយ​កម្មករ​...​។​

​ទាក់ទង​ការចាប់ខ្លួន មន្ត្រី​សហជីព​សេរី​កម្មករ លោក ជា មុនី កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ បានធ្វើ​លិខិត​ស្នើសុំ​អន្តរាគមន៍ពី​អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ស្ពឺ និង​ជា​សមាជិក គណៈកម្មការ​សម្រាប់ ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ឲ្យ​មានការ​ដោះលែង សមាជិក​របស់ខ្លួន​ចំនួន​២​នាក់ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ ឲ្យ​មាន​សេរីភាព​ឡើងវិញ​៕V/S
​    ​