សេក គឹមរួនប៉ះ សុខ សុវណ្ណ ផ្ដាច់ព្រ័ត្រ អធិរាជស៊ីម៉ង់ អូដ្ឋវគ្គ២ លើសង្វៀនTiffy TV5 ARENA នាយប់ថ្ងៃសៅរ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតប្រដាល់កំពូល ជើងឯកអធិរាជ ស៊ីម៉ង់អូដ្ឋទម្ងន់៦០ គីឡូក្រាមវគ្គ២ នៅលើសង្វៀនTiffy TV5 ARENA នាយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រជែងជាមួយអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាក្រសួងការពារជាតិ ដើម្បីដណ្ដើមយក តំណែងជាម្ចាស់កំពូល ជើងឯកអធិរាជស៊ីម៉ង់អូដ្ឋទម្ងន់៦០គីឡូក្រាមនៅវគ្គផ្ដាច់ព្រ័ត្រ។

អ្នកប្រដាល់ សេក គឹមរួន បានយកឈ្នះ ម៉ន ចាន់ដារ៉ា ក្លិបឫទ្ធីពោធិសែនជ័យ នៅពាក់កណ្ដាលផ្តាច់ព្រ័ត្រ ចំណែកអ្នកប្រដាល់ សុខ សុវណ្ណ វិញ ក៏បានយកឈ្នះ ឌុម កែវដា អ្នកប្រដាល់ម្កុដរាជសីហ៍ដោយពិន្ទុនៅពាក់កណ្ដាលផ្តាច់ព្រ័ត្រដែរ  ហើយជ័យជម្នះនេះធ្វើឲ្យអ្នក ទាំង២នាក់ប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ។ 

អ្នកប្រដាល់ សេក គឹមរួន មកពីខេត្តសៀមរាប និងអ្នកប្រដាល់ សុខ សុវណ្ណ មានសមត្ថភាពដូចគ្នា។ ប៉ុន្តែ សេក គឹមរួន មានផ្លែសម្លាប់ល្អ ករណីដូចការប្រកួតជាមួយ ម៉ន ចាន់ដារ៉ា ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រកន្លងមក។ 

ចំពោះអ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដែលត្រូវប្រកួតដណ្ដើមយកលេខ៣ជាមួយអ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍វិញ ហើយអ្នកទាំង២នាក់នេះ ល្អ និងខ្លាំងដូចគ្នា ហើយក៏ពុំអាចថា នរណាមើលស្រាលនរណាបានទេ។សម្រាប់អ្នកទទួលបានជាជើងឯក អធិរាជសង្វៀនស៊ីម៉ងត៍អូដ្ឋនឹង ទទួលបានពាន១ និងទឹកប្រាក់រង្វាន់ចំនួន២.៥០០ដុល្លារ លេខ២ បានរង្វាន់១.០០០ដុល្លារ លេខ៣ បាន៥០០ដុល្លារ។

អ្នកប្រដាល់កន ចន្ថា សមាគមកីឡាក្រសួងការពារជាតិ ជួបប្រកួតជាមួយជើងខ្លាំង អ្នកប្រដាល់ ឈិន ក្វាន់ង៉ុយ ក្លិបម្កុដរាជសីហ៍ ដោយជួបគ្នាក្នុងទម្ងន់៦៥គីឡូក្រាម៕

សេក គឹមរួនប៉ះ សុខ សុវណ្ណ ផ្ដាច់ព្រ័ត្រ អធិរាជស៊ីម៉ង់ អូដ្ឋវគ្គ២ លើសង្វៀនTiffy TV5 ARENA នាយប់ថ្ងៃសៅរ៍