ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ ចេញពី​ផឹក​បបួល​វ៉ៃ​គ្នា​ប៉ោង​មុខ​រៀងខ្លួន

ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ ចេញពី​ផឹក​បបួល​វ៉ៃ​គ្នា​ប៉ោង​មុខ​រៀងខ្លួន

ខេត្តឧត្តរមានជ័យ ៖ យុវជន​ខ្មែរ​២​នាក់​បាន​ផឹក​បាន​ស៊ីក្នុង​ថ្ងៃ​សែន​ចិន ស្រវឹង​យ៉ាង​ជោកជាំ​បាន​ទាស់សម្តី​គ្នា​យ៉ាង​ក្រពុលមុខ​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​កណ្តាល​ស្រែ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៧ កុម្ភៈ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ។

អ្នក​ភូមិ​ឱ្យ​ដឹង​ថា យុវជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ទូច ដំ អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង និង​ម្នាក់​ទៀត​ឈ្មោះ ជូ ដេ​ត អាយុ​២៩​ឆ្នាំ រស់់នៅ​ភូមិ​ពុល សង្កាត់​សំរោង ក្រុង​សំរោង ។ ទាំង​២​នាក់​ជា​មិត្តភក្តិ​នឹង​គ្នា ហើយ​ក៏​ទើប​ចេញពី​ពន្ធនាគារ​ដូច​គ្នា​ដែរ ។

អ្នក​ភូមិ​បាន​បន្ត​ថា ទាំង​២​នាក់​នេះ​កន្លង​មក​តែងតែ​កើត​មាន​ជម្លោះ​វាយតប់​គ្នា​ជា​ញឹកញាប់ ឱ្យ​តែ​បាន​ផឹកស៊ី​ស្រវឹង​បបួល​វ៉ៃ​គ្នា​ច្រើន​ដង​ហើយ គ្មាន​អ្នក​ណា​ប្រដៅ​បាន​ទេ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ក្នុងភូមិ​គោក​រំដួល មាន​អ្នកខ្លះ​ជាប់​ខ្សែស្រឡាយ​ចិន​បាន​រៀបចំ​ពិធី​សែន​កុងម៉ា​តាម​ទម្លាប់​របស់​គេ ។ នៅ​ពេល​រសៀល​អ្នក​ដែល​សែន​ចិន​បាន​អញ្ជើញ​អ្នក​រាប់អាន​ជួបជុំ​នាំ​គ្នា​ផឹកស៊ី​រាំ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ។

នៅ​ក្នុង​ពិធី​សែន​ចិន​នោះ​ក៏​មាន​វត្តមាន​បុរស​២​នាក់​នេះ ចូលរួម​ផឹកស៊ី​នឹង​គេ​ផង​ដែរ ដែល​គេ​និយាយ​ថា បាន​គេ​ហៅ​ផឹកស៊ី​ម្តង​ៗ ផឹក​គ្មាន​អាណិត ។ បន្ទាប់​មក​បុរស​ទាំង​២​នាក់​នេះ បាន​ស្រវឹង​ជោកជាំ​រៀង​ៗ​ខ្លួន​ហើយ​សម្តី​ក៏​ព្រោក​ខ្លាំង​ទៀត បាន​ទាស់សម្តី​គ្នា​បន្តិចបន្តួច ក៏​បបួល​គ្នា​ចាក​ចេញពី​កន្លែង​ផឹកស៊ី ទៅ​វាយតប់​គ្នា​នៅ​កណ្តាល​វាលស្រែ​ឱ្យ​ឆ្ងាយ​ពី​គេឯង ។ ពេល​បបួល​ទៅ​វ៉ៃ​គ្នា​ក៏​គ្មាន​អ្នក​ណា​ឃាត់​ដែរ ។ លុះ​ដើរ​ត្រសង​គ្នា​ចេញ​ផុត​ពី​កន្លែង​ផឹក ក៏​ចាប់ផ្តើម​ហក់លោត​បោកចំបាប់​គ្នា​ផ្តួល​ទៅ​លើ​ដី ។ មាន​អ្នក​ឈរ​មើល​ពី​ចម្ងាយ មាន​អ្នក​ទៅ​ឈរ​ជិត ស្រែ​កថា មិនបាច់​ឃាត់​ទេ ទុក​ឱ្យ​វា​វ៉ៃ​គ្នា​តាម​ចិត្ត​ចុះ ។ គ្រាន់បើ​ពួក​គេ​វ៉ៃ​គ្នា​ដោយ​ដៃ ដោយ​កែងដៃ យក​ពី​ឈ្នះ​រៀង​ៗ​ខ្លួន ។ ទីបំផុត​របួស​ប៉ោង​មុខ​ទាំង​២​នាក់ ដោយ​មិន​មាន​អ្នក​ឈ្នះ​នឹង​អ្នក​ចាញ់​ទេ រួច​ដើរទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​បាត់​ទៅ ៕