ទំនាស់ រវាងក្រុមហ៊ុនកាពីតូល និងអតីត អ្នកបើករថយន្ត ប្រៀបបានពីភ្លើងធូប ក្លាយជាអគ្គីភ័យ

ភ្នំពេញ៖ ខ្ញុំពិតជាមានការសោកស្តាយ ចំពោះឧបទ្ទេវហេតុ ការប៉ះទង្គិចគ្នារវាងអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូល ជាមួយនឹងភាគីម្ខាងទៀត ដែលគាំទ្រក្រុមហ៊ុនកាពីតូល បណ្តាលឲ្យភ្នាក់ងារប៉ូលីស និងភាគីក្នុងជំលោះ បានរងរបួស នឹងឈានរហូតទៅដល់ការចាប់ខ្លួនអតីតអ្នកបើករថយន្ត២នាក់ថែមទៀត ព្រមទាំងត្រូវបានតុលាការឃុំខ្លួន ហើយមន្ត្រីសហជីព៤រូបផ្សេងទៀត ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ក្រោមបទចោទប្រកាន់ពីបទ រារាំងសមត្ថកិច្ចសាធារណៈ ញុះញង់ឲ្យមានបទឧក្រិដ្ឋ និងបង្ករឲ្យការកក់ស្ទះចរាចរណ៍ លើផ្លូវសាធារណៈ ។

ខ្ញុំពិតជាមិនគាំទ្រ ឲ្យមានអំពើហិង្សា ដែលបានកើតឡើងទេ ប៉ុន្តែអ្វីៗ អង្ករបានក្លាយទៅជាបាយ ទៅហើយ។ ខ្ញុំអាចនិយាយបានថា រឿងរ៉ាវ ដែលបានកើតឡើង រវាង ក្រុមហ៊ុនកាពីតូល និងអតីតអ្នកបើករថយន្ត ឲ្យក្រុមហ៊ុននេះ ប្រៀបបានទៅនឹងភ្លើងធូប តែប៉ុណ្ណោះ ប៉ុន្តែ ដោយសារតែគ្មានភាពប៉ិនប្រសព្វក្នុងការដោះស្រាយទីបំផុត ភ្លើងធូប បានរាលដាលទៅជាអគ្គីភ័យ មានន័យស្មើនឹងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស ស្ថាប័ន របស់ជាតិផ្សេងៗទៀត ដោយសារតែមានការរិះគន់ពី មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្រោយមានផ្ទុះអំពើហិង្សា ។

ខ្ញុំធ្លាប់បានអញ្ជើញ សាច់ញាតិ ដែលមានការពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន មកកាន់ការិយាល័យដើមអម្ពិលរបស់ខ្ញុំ នៅក្នុងអំឡុងដើមខែមករា ឆ្នាំ២០១៦ ដើម្បីស្តាប់អំពី ដើមហេតុ ដែលនាំឲ្យមានវិវាទកើតឡើង រវាងក្រុមហ៊ុន និងអតីតអ្នកបើករថយន្ត ដែលមានសហជីព របស់លោក អាត់ ធន់ ជាអ្នកជួយជ្រោមជ្រែង អតីតបងប្អូនអ្នកបើករថយន្តទាំងនោះ ជួយអន្តាគមន៍ ឲ្យក្រុមហ៊ុនទទួលយក ពួកគេធ្វើការវិញ និងការជំរុញឲ្យមានការបង្កើតសហជីព នៅក្នុងក្រុមហ៊ុន ។

ទន្ទឹមគ្នានោះខ្ញុំក៏បានផ្តល់យោបល់តិចតួចស្តួចស្តើងឲ្យប្រកាន់យកនូវឥរិយាបថ ដោះស្រាយសម្របសម្រួល ដោយសន្តិវិធី  ផ្អែកលើច្បាប់ការងារជាគោលការណ៍ ។ខ្ញុំថា មធ្យោបាយតែមួយគត់ គឺការដោះស្រាយដោយសន្តិវិធី ហើយបញ្ហានេះ មិនធំដុំដូច នឹងករណីវិវាទរវាងក្រុមហ៊ុនដឹកអ្នកដំណើរសូរិយា ជាមួយនឹងអតីតអ្នកបើករថយន្តរបស់ក្រុមហ៊ុននោះទេ  ។ព្រោះក្រុមហ៊ុននោះ ក្រោយមកបានព្រមព្រៀងជានាគ្នា ជាមួយនឹងអតីត អ្នកបើករថយន្ត ដោយមានការជួយសម្របសម្រួល ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងសហជីព ស៊ីកាឌូ របស់លោក អាត់ ធន់ ។ឥឡូវនេះ ពួកគេទាំងពីរភាគី មានសុខដុមរម្យនា ជាមួយគ្នាល្អណាស់ ។

ខ្ញុំក៏សូមឲ្យខាងតំណាងក្រុមហ៊ុនកាពីតូល សាកល្បង ពិរចារណា ប្រកាន់យកនូវឥរិយាបថដោះស្រាយ ស្រដៀងគ្នា និងក្រុមហ៊ុនសូរិយា ក្រោមការសម្របសម្រួល របស់លោក គួច ចំរើន។

ខ្ញុំក៏បានលើកឡើងនូវទស្សនៈទានថា បើមិនប្រកាន់យកនូវមធ្យោបាយសម្របសម្រួលទេ នោះ វានឹងមិនបញ្ចប់ជំលោះឡើយ ហើយបញ្ហាវានឹងរីកកាន់តែធំឡើង ។

ខ្ញុំក៏បានលើកយោបល់ថា ភាគីទាំងពីរ គួរតែសាកល្បងស្នើសុំស្វែងរកដំណោះស្រាយ នៅមុខអភិបាលខណ្ឌ៧មករា ឬក៏នៅក្រុមហ៊ុនក៏បាន ឬក៏ពិភាក្សាក្រៅផ្លូវការនៅឯការិយាល័យដើមអម្ពិលរបស់ខ្ញុំក៏បាន នៅពេលដែលជានាគ្នាហើយ យើងទាំងអស់គ្នាទៅអាជ្ញាធរខណ្ឌ ដើម្បីផ្តល់កិត្តិយសឲ្យអាជ្ញាធរសាធារណៈ។ មិនតែប៉ុណ្ណោះ មន្ត្រីជាន់ខ្ពស់សាលាក្រុង ក៏ធ្លាប់បានលើកគំនិត ឲ្យមានការដោះស្រាយគ្នា ដោយសន្តិវិធីដូច្នោះដែរ ក៏ប៉ុន្តែសាលារាជធានីនៅពេលនោះ ក៏ដូចជាសាលាខណ្ឌមិនទាន់បានទទួលសំណើរសុំ ពីភាគីក្រុមហ៊ុន ។ ចំណែកខាងក្រុមហ៊ុនក៏បានប្រាប់ខ្ញុំវិញថា ក្រុមហ៊ុនបានប្តឹងទៅសាលាដំបូងរាជធានីភ្នពេញហើយ ដូច្នោះ មិនចាំបាច់មានការសម្របសម្រួល ពីអ្នកណាទាំងអស់ ។

ដោយឡែក ខាងលោក អាត់ ធន់ ក៏លោកធ្លាប់បានស្នើសុំឲ្យខ្ញុំ ជួយសម្របសម្រួលផងដែរ ។ ប៉ុន្តែគួរឲ្យសោកស្តាយ ខាងតំណាងក្រុមហ៊ុន បានបដិសេធ នូវយោបល់របស់ខ្ញុំ មុនពេលដែល អំពើហិង្សា ការប៉ះទង្គិចគ្នា បានកើតឡើង ប្រហែលជា១សប្តាហ៍មុន ។នៅក្នុងពេលដែលខ្ញុំបានជួប តំណាងក្រុមហ៊ុន ខ្ញុំបានលើកទស្សនៈទាន ឲ្យគិតទុកជាមុន ថារឿងនេះ ជារឿងរបស់ក្រុមហ៊ុនទេ ធ្វើយ៉ាងម៉េចកុំឲ្យថ្ងៃមុខទៅ ប៉ះពាល់ដល់កិត្តិយស ស្ថាប័នជាតិ ក្រោមរូបភាព នៃការរិះគន់ពីមជ្ឈដ្ឋាននានា នៅពេលដែលក្រុមហ៊ុន និងអតីតអ្នកបើកបររថយន្តមិនអាច ស្វែងរកការសម្របសម្រួលបាន ។

ខ្ញុំនៅពេលនេះ  អាចនិយាយបានថា បញ្ហានេះសូមកុំឲ្យមានការភាន់ច្រឡំ ថាអាជ្ញាធរសារធារណៈមិនបានយកចិត្តទុកដាក់ឬ វាយប្រហាររិះគន់ មកលើរាជរដ្ឋាភិបាល ក្នុងន័យអវិជ្ជមាន ។ ដើមឡើយ រឿងនេះ ជាការទទួលខុសត្រូវ ទាំងស្រុងរវាងក្រុមហ៊ុនកាពីតូល និងអតីតអ្នកបើកបររថយន្ត ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ខ្ញុំពិតជាមានការសោកស្តាយ ដែលកម្លាំងមានសមត្ថកិច្ចរបស់ជាតិ បានទទួលរង គ្រោះដោយសារតែរឿងទំនាស់របស់ឯកជន។

ឥឡូវនេះ ពេលវេលាវាស្ទើតែយឺតទៅហើយ ប៉ុន្តែប្រសិនបើក្រុមហ៊ុនកាពីតូល និង អតីតអ្នកបើកបររថយន្ត ព្រមទាំងភាគីពាក់ព័ន្ធ ចេះបន្ទន់ឥរិយាបថ នឹងងាកមករកដំណោះស្រាយ ដោយសន្តិវិធី នោះគឺមិនទាន់ហួសពេលដែរ ដោយយករូបមន្តដោះស្រាយ តាមលំនាំរបស់ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដែលលោកមានបទពិសោធន៍ ក្នុងការស្រាយបញ្ចប់ទំនាស់ រវាងក្រុមហ៊ុនដឹកអ្នកដំណើរសូរិយា និងអតីតអ្នកបើករថយន្តក្រុមហ៊ុននេះ។

ខ្ញុំសូមឲ្យសាធារណៈជន និងអង្គការក្រៅរដ្ឋាភិបាលនានា មេត្តាផ្តល់ភាពយុត្តិធម៌ចំពោះអាជ្ញាធរមានសមត្ថកិច្ចដោយពួកគាត់នៅពេលនេះ កំពុងតែក្លាយ ទៅជាជនរងគ្រោះ និងផ្ទាំងស៊ីប នៃការរិះគន់ពីអង្គការក្រៅរដ្ឋាភិបាល ដោយសារតែភាពរឹងរូស របស់ក្រុមហ៊ុនកាពីតូល និងអតីតអ្នកបើកបររថយន្ត ព្រមទាំងភាគីពាក់ព័ន្ធ មិនប្រកាន់យកដំណោះស្រាយតាមលំអានសម្រមសម្រួល និងច្បាប់ជាធរមាន។

ជាទីបញ្ចប់ខ្ញុំអំពាវនាវសូមឲ្យភាគីពាក់ព័ន្ធ ងាកបន្តិចប្រកាន់យកនូវឥរិយាបថ ដោះស្រាយដោយសន្តិវិធី នោះសភាពការណ៍ វានឹងអាចធូរស្រាលឡើងវិញ ក៏ដូចជាផ្តល់ភាពយុត្តិធម៌ ដល់អាជ្ញាធរសាធារណៈ ៕

ទំនាស់ រវាងក្រុមហ៊ុនកាពីតូល និងអតីត អ្នកបើករថយន្ត ប្រៀបបានពីភ្លើងធូប ក្លាយជាអគ្គីភ័យ

ទំនាស់ រវាងក្រុមហ៊ុនកាពីតូល និងអតីត អ្នកបើករថយន្ត ប្រៀបបានពីភ្លើងធូប ក្លាយជាអគ្គីភ័យ

ទំនាស់ រវាងក្រុមហ៊ុនកាពីតូល និងអតីត អ្នកបើករថយន្ត ប្រៀបបានពីភ្លើងធូប ក្លាយជាអគ្គីភ័យ