អ.ស.ប.៖ រដ្ឋាភិបាលស៊ីរី​បានប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ចំពោះ​អ្នក​ជាប់​ឃុំ​ឃាំង

អ.ស.ប.៖ រដ្ឋាភិបាលស៊ីរី​បានប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ចំពោះ​អ្នក​ជាប់​ឃុំ​ឃាំង

គណៈកម្មាធិការ​ស៊ើប​អង្គេត​ឯករាជ្យ​របស់​អ.ស.ប. លើ​សាធារណរដ្ឋ​អារ៉ាប់​ស៊ីរី​ លោក​ Paulo Pinheiro និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ នៅ​ឯ​ទីស្នាក់ការ​ ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស​ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​អ្នក​ស៊ើប​អង្កេត​អ.ស.ប.​បាន​ចោទ​ប្រកាន់អាជ្ញាធរ​ស៊ីរី​ថា​ បាន «កម្ទេច»ជនស៊ីវិល​ច្រើន​នាក់​ដែល​ពួក​គេ​បាន​ឃុំឃាំង​ ដោយ​និយាយ​ថា​ការណ៍​នេះ​ជា​«ឧក្រិដ្ឋកម្ម​មួយ​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

ការ​ស៊ើប​អង្កេតរបស់​អ.ស.ប. ដែល​ផ្អែក​លើ​ការ​ធ្វើ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​នៅ​រស់​រាន​ជាង​៦០០នាក់​និង​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​នៃ​ជីវភាព​នៅ​ក្នុង​គុក​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Bashar al-Assad បាន​ឃុំឃាំង​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ពេល​មួយ​នោះ​ ហើយ​ថា​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​ «បាត់ខ្លួន» នៅ​ក្រោយ​ការ​ចាប់​ខ្លួន​ពួក​គេ​ឬ​បាន​បាត់​ខ្លួន​នៅ​ក្រោយ​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​ក្រុម​ជន​ប្រដាប់អាវុធ។​

របាយការណ៍​នេះ​របស់​អ.ស.ប.បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​ថា​បាន​បង្អត់​អាហារ​អ្នក​ជាប់​ឃុំឃាំង​ឬ​មួយ​ទុក​ពួក​គេ​ឱ្យ​ស្លាប់​ដោយ​គ្មាន​ការព្យាបាល​មុខ​របួស​និង​ជំងឺ​ទេ។

​សេចក្តី​រាយការណ៍​នេះ​និយាយ​ថា​ រដ្ឋាភិបាល​របស់​ Assad បាន​«ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​យ៉ាង​ច្រើន​ដែល​សន្មត​ថា​ជា​ការ​វាយប្រហារ​ដោយ​ប្រព័ន្ធ​និង​យ៉ាង​រាលដាល​ប្រឆាំង​នឹង​ប្រជារាស្ត្រ​ស៊ីវិល»។​

របាយការណ៍​នេះ​មាន​ទាក់ទិន​នឹង​រយៈពេល​ ពី​ខែ​មីនា​ឆ្នាំ​២០១១​ ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ ដែល​ជា​រយៈពេល​បួន​ឆ្នាំ​៦ខែ​ដំបូង​នៃ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​ដែល​នៅ​មាន​តទៅ​ទៀត។​

ក្រុម​អ្នក​ស៊ើប​អង្កេត​អ.ស.ប.បាន​និយាយ​ថា​ ពួក​គេ​មាន​ជំនឿ​ថា​ «ពួក​នាយ​ទាហាន​ជាន់ខ្ពស់»និង​ក្រុម​មន្ត្រី​ឯ​ទៀតៗ​របស់​រដ្ឋាភិបាល​បាន​ដឹង​អំពី​ការ​ស្លាប់​នៃ​ក្រុម​ជន​ទាំងនេះ​និង​បាន​ដឹង​អំពី​សាកសព​ត្រូវ​បាន​កប់​នៅ​ក្នុង​ផ្នូរ​កប់​សព​រួម។

ការ​ស៊ើបអង្កេត​ពិសេស​អំពី​ការ​ប្រព្រឹត្ត​របស់​អាជ្ញាធរ​ស៊ីរី​ទៅ​លើ​ប្រជារាស្ត្រ​ស៊ីវិល​របស់​ខ្លួន​ បាន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.ឱ្យ​ដាក់​ «ទណ្ឌកម្ម​មានទីដៅ» ប្រឆាំង​នឹង​ក្រុម​មន្ត្រី​ស៊ីវិល​និង​ក្រុម​មន្ត្រី​យោធា​ស៊ីរី​ដែល​ឃុប​ឃិត​ក្នុង​ការ​ធ្វើ​ឱ្យ​ជន​ទាំង​នេះ​ស្លាប់​ឬ​ក្នុង​ការ​ធ្វើទារុណកម្ម​ក្រុម​ជន​ទាំង​នេះ​ ក៏​ប៉ុន្តែ​មិន​បានបង្ហាញ​ឈ្មោះ​អ្នក​ប្រព្រឹត្ត​ល្មើសទេ។​

ក្រុម​អ្នក​ស៊ើបអង្កេត​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ជូន​ករណី​ទាំង​នេះ​ប្រឆាំង​នឹង​ជន​ជាប់​សង្ស័យ​ថា​ជា​ ក្រុម​ឧក្រិដ្ឋជន​សង្គ្រាម​ទៅ​ឱ្យ​ក្រុម​រដ្ឋ​អាជ្ញា​នៅ​ឯ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅក្រុង​ឡាអេ​ ក្នុង​ប្រទេស​ហូឡង់។

ឈ្មោះ​របស់​ក្រុម​ជន​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទូដែក​មួយ​របស់​អ.ស.ប.ក្នុង​ក្រុង​ហ្ស៊ឺណែវ៕