អ្នកលេង កណ្តាប់ដៃ ទេស សំខាន់ ប៉ះអ្នកលេងជង្គង់ មិន សិលាសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ទេស សំខាន់ ក្លិបកងពលតូចលេខ ៧០សាកកណ្ដាប់ដៃ ជាមួយអ្នកប្រដាល់ មិន សិលា សមាគមកីឡា ក្រសួងការពារជាតិ ក្នុងប្រភេទទម្ងន់៦៧ គ.ក្រ  ខណៈអ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ឡើងតស៊ូជាមួយអ្នកប្រដាល់ លាស់ យីន ( រាជសីហ៍បាបា) ក្លិបសម្រែករាជសីហ៍ ក្នុងប្រភេទទម្ងន់៦០ គ.ក្រ នាយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើសង្វៀន SEATV។

យោងតាមប្រវត្តិប្រកួត ទេស សំខាន់ អាយុ២៣ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ប្រកួតបាន៧៨ដង ឈ្នះ៥៨ដង ចាញ់១៧ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់នៅលើ សង្វៀនបាន១១ដង ។ ទេស សំខាន់ ក៏គ្មានអ្វីអស្ចារ្យនោះដែរ ម្យ៉ាងវិញទៀតមួយរយៈមកនេះ មិនសូវឃើញលេចមុខនៅលើសង្វៀនញឹកញាប់ដូច មុន ។ ចំពោះ មិន សិលា គេមានផ្លែល្អ ហើយការប្រកួត របស់គេវាយចេញលឿន រហ័ស និងខ្លាំងថែមទៀត ប្រៀបឈ្នះមួយទៀតរបស់ មិន សិលា គឺកម្លាំងសម្រុករឹងមាំជាង ទេស សំខាន់។

លោក ញាន សុធី អ្នកគ្រប់គ្រង ការប្រកួតប្រចាំសង្វៀន SEATV បាននិយាយថា រឿង សារ័ត្ន អ្នកប្រដាល់ក្លិបកងពលតូច ទ័ពឆ័ត្រយោង៩១១ នឹងត្រូវឡើងតស៊ូជាមួយ អ្នកប្រដាល់ លាស់ យីន ( រាជសីហ៍ បាបា) ក្លិបសម្រែករាជសីហ៍។ លាស់ យីន ជាអ្នកប្រដាល់ជើងចាស់ ដែលមានផ្លែជង្គង់ល្អ ថែមទាំងខ្ពស់រឹតតែធ្វើឲ្យការប្រកួត របស់គេល្អជាងមុនទៅទៀត ប៉ុន្តែកណ្ដាប់ដៃមិនសូវ ជាល្អទេ តែបើស្នៀតជង្គង់និងកែង គឺល្អតែម្តង។

ចំណែករឿង សារ័ត្ន ជាអ្នកប្រដាល់ស្រករក្រោយ ប៉ុន្តែគេមានផ្លែល្អ ដែលអ្នកប្រដាល់ស្រករគ្នាមិនអាចយកឈ្នះលើរូបគេបាននោះឡើយ រីឯកណ្ដាប់ដៃ និងស្នៀតជើងទាត់ របស់ សារ័ត្ន លឿន ហើយគេវាយទៅតាមលក្ខណៈបច្ចេកទេសល្អថែមទៀត។ លាស់ យីន ពេលប្រកួតជាមួយ អ្នកប្រដាល់ស្រករក្រោយបែបនេះ គេរឹតតែមិនខ្លាចញញើត អ្វីទាំងអស់។

សម្រាប់អ្នកប្រដាល់ ពិសិដ្ឋ ក្លិបគុជសាកីឡាប្រកួតជាមួយ អ្នកប្រដាល់ សេង ហៀង ក្លិបសុភានូមានជ័យ ប្រកួតគ្នាក្នុងទម្ងន់៥៧ គ.ក្រ និងអ្នកប្រដាល់រៀវ ចំណាប់ ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ សយ សុខ ក្លិបពន្លឺវិបុលរិទ្ធី៕

អ្នកលេង កណ្តាប់ដៃ ទេស សំខាន់ ប៉ះអ្នកលេងជង្គង់ មិន សិលាសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ