ឈ្មួញ​ទិញ​ដំឡូង​មី​និង​ពលរដ្ឋនៅ​ស្ទឹងត្រែង​​ចោទ​អាជ្ញាធរ​ឃុំ​ថា​បិទ​ផ្លូវ​និង​ស្ពាន

ពលរដ្ឋ និង​ឈ្មួញ​ទិញ​កសិផល​ដំឡូង​មី នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចោទ​អាជ្ញាធរ​ឃុំ និង​មេ​ប៉ុស្តិ៍​ថា មាន​ចេតនា​យក​គ្រឿងចក្រ​កាយ​ស្ពាន និង​ផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​ដំឡូងមី​ចរាចរ​បាន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ បង្ក​រាំងស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ពួកគាត់។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​បញ្ជា​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធំ​ចូល​ផ្លូវលំ​ទេ ព្រោះ​បណ្ដាល​ឲ្យ​ខូច​ផ្លូវ។

ប្រជាកសិករ និង​ឈ្មួញ​ទិញ​ដំឡូង​មី នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​កាតព្វកិច្ច​របស់​អាជ្ញាធរ​ឃុំ និង​នគរបាល ដែល​រុះរើ​ស្ពាន​និង​ផ្លូវលំ ភ្ជាប់​ផ្លូវជាតិ​លេខ​៩ បន្ទាប់ពី​ឈ្មួញ​ទិញ​កសិផល​កសិកម្ម​មួយ​ចំនួន​ពុំបាន​បង់​ប្រាក់​ជូន​អាជ្ញាធរ​ដើម្បី​ជួសជុល​ផ្លូវ​តាម​ពេល​កំណត់។

ឈ្មួញ​ទិញ​ដំឡូង​នៅ​ឃុំ​សំអាង​លោកស្រី មុន ហួត រៀបរាប់​ថា អាជ្ញាធរ​ឃុំ និង​នគរបាល​តម្រូវ​ឲ្យ​ឈ្មួញ​ដែល​មាន​រថយន្ត​ដឹក​ដំឡូង​បង់​ប្រាក់​ម្នាក់ ៥០​ម៉ឺន​រៀល ដើម្បី​យក​ប្រាក់​នោះ​ទៅ​ជួសជុល​ផ្លូវ​ដែល​ខូចខាត ប៉ុន្តែ​ការ​ប្រមូល​ប្រាក់​ចម្រូងចម្រាស ព្រោះ​ឈ្មួញ​មួយ​ចំនួន​ពុំ​បង់​ប្រាក់ ទើប​អាជ្ញាធរ​ឃុំ និង​មេ​ប៉ុស្តិ៍​បញ្ជា​ឲ្យ​គ្រឿងចក្រ​កាយ​ផ្លូវ និង​រុះរើ​ស្ពាន។ លោកស្រី​ត្អូញត្អែរ​ថា បញ្ហា​នេះ​បង្ក​ការ​លំបាក​ដល់​ដំណើរការ​ដឹក​ជញ្ជូន​ដំឡូងមី​របស់​លោកស្រី បន្ទាប់​ពី​លោកស្រី​បាន​ទិញ​ដំឡូង​មី​ពី​កសិករ​រាប់​រយ​តោន​បាន​ស្តុក​ទុក​នៅ​ក្នុង​ភូមិ។

លោកស្រី​ថា ករណី​នេះ​ក៏​ជា​ផ្នែក​មួយ​បណ្ដាល​ឲ្យ​តម្លៃ​ដំឡូង​កាន់តែ​ធ្លាក់​ថ្លៃ ព្រោះ​រថយន្ត​ដឹក​ដំឡូង​មី​មិន​អាច​ចរាចរ​ដល់​មូលដ្ឋាន​បាន៖ «ហើយ​បើ​ដំឡូង​ខ្ញុំ​ទិញ​ហើយ មិន​ឲ្យ​ខ្ញុំ​ដឹក​ជញ្ជូន​អ៊ីចឹង​ម៉េច។ គាត់​អត់​ព្រម​ទេ គាត់​យក​អា​ត្រាក់​យក​អី ខ្វេះ​ចេញ​ផ្លូវ​ហ្នឹង។ បើ​គាត់​នៅ​តែ​ខ្វេះ គឺ​ខ្ញុំ​សុំ​ដឹក​ចេញ​ហើយ ទោះ​បី​ប៉ូលិស​ណា​មក​អូស​ករ​ខ្ញុំ​ចេញ ក៏​ខ្ញុំ​ដឹក​ចេញ​ព្រោះ​អីវ៉ាន់​ខ្ញុំ​ទិញ​ហើយ។ បើ​គាត់​មិន​បិទ​ពី​ដើម​ទី​មក​ផង»

ប្រជាកសិករ​រស់​នៅ​ឃុំ​សំអាង លោក សាំ ភាព កត់សម្គាល់​ថា អ្នក​ភូមិ​តែងតែ​រៃអង្គាស​ប្រាក់​ធ្វើ​ផ្លូវ​ខូច​បន្តិច​បន្តូច ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន។ លោក​ថា បន្ទាប់​ពី​អាជ្ញាធរ​បិទ​ផ្លូវ​តម្លៃ​ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ  ខណៈ​ឈ្មួញ​មិន​អាច​ចូល​ទិញ​ដល់​មូលដ្ឋាន​បាន។លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រួល​ជីវភាព​រស់នៅ​ពលរដ្ឋ​ទេ ថែមទាំង​បង្ក​ជា​ឧបសគ្គ​រំខាន​ដល់​មុខរបរ​ចិញ្ចឹម​ជីវភាព​ពលរដ្ឋ​ទៅ​វិញ៖ «ពលរដ្ឋ​គាត់​ចង​និយាយ​ថា បើ​បិទ​គួរ​តែ​បិទ​ពី​ដំបូង ហើយ​យើង​មក​បើក​ឲ្យ​ខ្ទេច​ផ្លូវ​អស់​ហើយ បាន​មក​បិទ​ចុង​ក្រោយ។ គ្រាន់តែ​ពលរដ្ឋ​គាត់​មិន​ពេញ​ចិត្ត​រឿង​អ៊ីចឹង»

​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៩ ឆ្លង​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះវិហារ។ ពលរដ្ឋ​រស់​នៅ​ទី​នោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​សំអាង លោក ញៀន ផុន អះអាង​ថា អាជ្ញាធរ​បាន​បិទ​ផ្លូវ​នេះ​ដោយសារ​តែ​មាន​បញ្ជា​ពី​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ ដែល​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​លំ​នោះ ព្រោះ​បណ្ដាល​ឲ្យ​ខូច​ផ្លូវ។ លោក​ថា ឈ្មួញ​ខ្លះ​នៅ​តែ​មានៈ យក​រថយន្ត​ចូល​ដឹក​ដំឡូង​មី ទោះ​បី​អាជ្ញាធរ​ធ្លាប់​បាន​ហាម​ឃាត់​ក្ដី៖ «ផែនការ​ពី​លើ​មក (សាលាស្រុក) ឲ្យ​បិទ​តែម្ដង បើ​ពី​មុន​ពី​ដើម​ទីប​យើង​អាច​ឲ្យ​ជួសជុល ប៉ុន្តែ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​សាលាស្រុក​គេ​ឲ្យ​បិទ​តែម្ដង»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា អាជ្ញាធរ​គួរ​តែ​មាន​ការ​យោគយល់។ លោក​បញ្ជាក់​ថា បើ​ការ​អភិវឌ្ឍ​នោះ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​ធំធេង ដូចជា​ប៉ះពាល់​តម្លៃ​ដំឡូង​មី ឧបសគ្គ​ដល់​ការ​ប្រមូល​ទិញ​ដំឡូងមី ដែល​ជា​ផ្នែក​មួយ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។

លោក​ឲ្យ​ដឹង​ថា  អាជ្ញាធរ​គួរ​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ និង​សាធារណជន​ចំពោះ​វិធានការ​នេះ ជា​មុន​ដើម្បី​ចៀសវាង​រាំងស្ទះ​ដល់​ដំណើរការ​ដឹក​ជញ្ជូន​កសិផល៖ «ជជែក​ជាមួយ​ពលរដ្ឋ​ជា​ការ​សំខាន់​ដែល​អាច​បញ្ចៀស​នូវ​បាតុកម្ម ឬ​បញ្ចៀស​នូវ​ការ​មិន​យល់​គ្នា​ណា​មួយ បន្ទាប់​ពី​អាជ្ញាធរ​ធ្វើ​សកម្មភាព។ បើ​សិន​អាជ្ញាធរ​នៅ​ចង់​ដាក់​គ្រឿងចក្រ​ទៅ​ធ្វើ​ទៅ​ធ្វើ ហើយ​ផល​ប៉ះពាល់​គ្នា​មិន​ដឹង​ចេញ​ទៅ​ណា​រួច​អា​ហ្នឹង​បញ្ហា​មួយ​ធំ»

ផ្លូវ​លំ​ក្រាល​ខ្សាច់​ស​ឋិត​នៅ​ភូមិ​សំអាង ឃុំ​សំអាង ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៩ មាន​ទទឹង ៥​ម៉ែត្រ ចាប់​ពី​ឃុំ​សំអាង ដល់​ឃុំ​អន្លង់ជ្រៃ។ អ្នក​ភូមិ​ចាត់​ទុក​ផ្លូវ​នោះ ថា​ជា​ផ្លូវ​បេះដូង​នៃ​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់ ដូចជា​ដឹក​ជញ្ជូន​កសិផល និង​ការ​ធ្វើ​ចរាចរ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។