រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រមូល​ចំណូល​ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​រដ្ឋមន្ត្រី​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ធ្វើការ​ប្រមូល​ចំណូល​ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ ក្រោម​រូបភាព​គណៈកម្មការ​អន្តរក្រសួង​ និង​សម្រេច​ឲ្យ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាត់​ទុក​ប្រាក់​ចំណូល​ចំនួន​៣​ភាគរយ​ សម្រាប់​ជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ និង​សម្រេច​ពង្រឹង​យន្តការ​នៃ​ការងារ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ (​ប្រាក់​ចំណូល​៩៧​ភាគរយ​ត្រូវ​បង់​ចូល​ថវិការដ្ឋ​)​ តាម​ស្មារតី​ប្រកាស​អន្តរក្រសួង​លេខ​២៨១​សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​ប្រាក់​រង្វាន់​ចំនួន​៣​ភាគរយ​នៃ​ប្រាក់​ចំណូល​លើ​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​កៀរគរ​ចំណូល​ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​ ត្រូវ​បាន​បែងចែក​ដូច​ខាងក្រោម​ ៖

-​ចំនួន​៥០​ភាគរយ​ជា​ចំណែក​លើកទឹកចិត្ត​មន្ត្រី​បំពេញការងារ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្នុង​គណៈកម្មការ​ ។​
-​ចំនួន​៤០​ភាគរយ​ជា​ចំណែក​លើកទឹកចិត្ត​មន្ត្រី​បំពេញការងារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្នុង​គណៈកម្មការ​ ។​
-​ចំនួន​១០​ភាគរយ​សម្រាប់​ចំណាយ​កិច្ចការ​ចាំបាច់​នានា​ ក្នុង​គណៈកម្មការ​អន្តរក្រសួង​ ។​

​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦​នេះ​ គឺ​បាន​បញ្ញត្តិ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ប្រមូល​ចំណូល​ថវិកាជាតិ​លើ​ការ​ជួល​ដី​សម្បទាន​ចំនួន​៩៨.០៨២​លាន​រៀល​ (​ប្រមាណ​ជាង​២៤​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ខណៈ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​ចំនួន​ប្រមាណ​ជាង​២៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ នា​រយៈពេល​កន្លង​មក​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួងបរិស្ថាន​ បាន​ចុះ​កិច្ចសន្យាជួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជិត​២​លាន​ហិ​កតា​ ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​ជាង​២០០​ក្រុមហ៊ុន​ និង​ទទួល​បាន​ចំណូល​ថវិកាជាតិ​ចំនួន​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១២​ ខណៈ​ព្រៃឈើ​ជា​ធនធានធម្មជាតិ​ជា​ច្រើន​ហិ​កតា​ក៏​ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ​ ក្រោម​ស្លាក​ជួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​មិន​បាន​នេះ​ (​មាន​ក្រុមហ៊ុន​ខ្លះ​កាប់​ឈើ​ដើម្បី​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងៗ​ និង​មាន​ក្រុមហ៊ុន​ខ្លះ​កាប់​ឈើ​អស់ហើយ​ រួច​បោះបង់​ដី​សម្បទាន​នោះ​ចោល​វិញ​ )​ ៕​

រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រមូល​ចំណូល​ថ្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

Related