ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​​មួយ​​បាន​​កើត​ឡើង​បណ្តាល​មក​ពី​អ្នក​បើកបរ​​មិន​​យល់​​​ពី​​ច្បាប់ចរាចរណ៍ ដោយ​​បើក​ឆ្លង​​គំនូស​ហាម​​ឃាត់​មិន​ឱ្យ​​ឆ្លង​ បង្ក​ឱ្យ​​អ្នក​បើក​មក​​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់ ​ក៏​បុក​កំ​ពិត​គូទ​គេហើយ ​​ហៅ​គ្នីគ្នា​​មក​សម្លុត​សង​១០០​ដុល្លារ ​បើ​មិន​​​ព្រម​យក​​ប្រយ័ត្ន​​ចាញ់​ ។

ករណី​នេះ​ កើត​​ឡើង​កាល​វេលា​ម៉ោង​១០​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩​ កុម្ភៈ ២០១៦ ស្ថិត​នៅ​​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​៤៥​-​៤៦ ​​ក្នុងភូមិ​មុខ​​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​ ។

​អ្ន​ក​​បើក​រថយន្ត​បង្ក​​ត្រូវស្គាល់​​ឈ្មោះលី​ គឹ​ម​ហួ ​ភេទ​ប្រុស​ អា​យុ​២០​ឆ្នាំ ​មាន​ទីលំនៅ​​​ក្នុងភូមិ​ស្នោ​ទី​១ ​សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​បើក​រថយន្តកាមរី​បា​ឡែ​ន ​ពណ៌​ទឹកប្រាក់​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-0528 ​។ ​ចំណែក​ភាគី​ម្ខាង​​ទៀត ​​ឈ្មោះ​​ចាន់ ​រ៉ា​វី ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់នៅ​បឹង​ទំពុន​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មានជ័​​យ​ រាជធានី​ភ្នំពេញ​ បើក​រថយន្ត​ម៉ាក​រ៉េវហ្វ័រ ព​ណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​2AF-4582 ​។

ប្រភព​​ពី​​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៍​​ផ្តា​ល់​ភ្នែក​​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​រថយន្តទាំង២​បើកបរ​ស្រប​ទិស​ដៅ​​គ្នា ​ពី​កើត​ ទៅ​លិច ​លុះ​មក​ដល់​កន្លែង​កើត​ហេ​តុ ​រថយន្ត​បា​ឡែ​ន​​​បើក​វ៉ា​ពី​ខាងស្តាំ​ដៃ​ ហើយ​បត់​កាត់មុខ​រថយន្ត​រ៉េវ​ហ្វ័រ ​ធ្វើ​ឱ្យ​​អ្នកបើកបរ​រថយន្ត​រ៉េវ​ហ្វ័រ​ចាប់​ហ្វ្រាំង​មិន​ទាន់​ ក៏​បុក​បណ្តាល​ឱ្យក្រ​ពិត​គូទ​រថយន្ត​បា​ឡែ​ន ​ហើយ​រថយន្ត​រ៉េវ​ហ្វ័រនោះ​ ក៏​ក្រ​ពិត​មុខ​ខាងស្តាំ​ង​​ផង​ដែរ​ ។​ ក្រោយ​កើតហេតុ​ អ្នក​បើករថយន្ត​បា​ឡែ​ន​មិន​បាន​ចុះ​មក​និយាយ​ជាមួយ​ភាគី​ម្ខាង​ទៀត​នោះ​ទេ​ ដោយ​បាន​ទូរស័ព្ទ​ហៅ​​គ្នីគ្នា​មក​កន្លែង​កើតហេតុ​ និយាយ​សម្លុត​គំរាម​អ្នកបើកបរ​រថយន្ត​រ៉េវ​ហ្វ័រថា​ ខាងគេ​សុំ​សង​សំណង​១០០​ដុល្លារ ​បើ​មិន​ព្រមយក​ពេល​ឡើង​ទៅ​ដល់​លើ​ ប្រយ័ត្ន​ចាញ់​គេ​ ។

មន្ត្រី​នគរបាល​ចរាចរ​ណ៍ដែល​ចុះ​​​វាស់វែង​ឱ្យ​​ដឹង​ថា​ រថយន្ត​បា​ឡែ​ន​តាម​ផ្លូវច្បាប់​ គឺ​ខុស​ទាំងស្រុង​ ព្រោះ​បើក​ឆ្លងកាត់​គំនូស​ហាម​ឃាត់​នេះ ​មិន​ទាន់​និយាយ​រឿង​បើក​វ៉ា​ពី​ខាងស្តាំ​ដៃ​ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​កាត់​ចំ​ពីមុខ​រថយន្ត​រ៉េវ​ហ្វ​នោះ​ទេ​ ។​ ហេតុ​ការ​ណ៍​នេះ​គ្រាន់​តែ​រង​ការ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ មិន​មាន​​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ​ហើយ​បាន​បញ្ចប់​ទៅ​វិញ​ត្រឹម​ភាគី​រថយន្ត​រ៉េវ​ហ្វ័រ​ព្រម​ទទួលយក​សំណង​១០០​ដុល្លារ​ពី​ភាគី​បង្ក ។

ចំណែក​មជ្ឈ​​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​ចោម​មើល​ហេតុ​ការ​ណី​នេះ​ ម្នាក់​ៗ​លាន់មាត់​គ្រប់​គ្នា​ថា ​គួរ​ណា​តែ​ចេះ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ ដែល​បង្ក​​ឱ្យ​​មានរឿង​គ្រោះថ្នាក់​នេះ​កើតឡើង ​តែ​នេះ​បែរជា​តែ​ទូរស័ព្ទ​ហៅ​គ្នីគ្នា​មក​ឈ្លោះ ​និង​សម្លុត​ភាគី​ម្ខាង​ទៀត​​ទៅ​វិញ​ ។​