គណបក្សប្រឆំាង ប្រកាសជំហរជាថ្មី ថាគ្មានគម្រោង ធ្វើបាតុកម្មប្រឆំាង នឹងដំណើរទស្សនៈកិច្ច របស់សម្តេចតេជោទេ

ភ្នំពេញ៖ គណបក្សសង្គ្រជាតិដែលជាបក្សប្រឆាំងដ៏ធំក្នុងប្រទេសកម្ពុជាបានប្រកាសជំហរជាថ្មីម្តងទៀត បន្ទាប់ធ្លាប់បានប្រកាស ថាគ្មានគម្រោងធ្វើបាតុកម្មប្រឆំាង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសហរដ្ឋអាមេរិកនោះទេ។

អ្នកនំាពាក្យគណក្សសង្គ្រោះជាតិលោកយ៉ែម បុញ្ញឬទ្ធិ បានអះអាងថា ថ្នាក់ដឹកនំាគណបក្ស គ្មានគម្រោងក្នុងការធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិក ប្រឆាំងនឹងដំណើរទស្សនៈកិច្ច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។ ជាងនេះគណបក្ស ក៏គ្មានគម្រោង នឹងធ្វើបាតុកម្មទាំងក្រៅប្រទេស និងក្នុងប្រទេស។

ការអះអាងរបស់ថ្នាក់ដឹកនំាបក្សប្រឆំាង ធ្វើងឡើងក្រោយជំនួបពិភាក្សារ វាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គោះជាតិ ជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក លោក វីល្លៀម ហៃដត៍ (William A. Heidt)នៅវិមានរដ្ឋសភា។

តាមរយៈវិធីអូឃ្លីប បង្ហោះលើសង្គមហ្វេសប៊ុក លោក យ៉ែម បុញ្ញឬទ្ធិ បញ្ជាក់ថា "គណបក្សសង្គ្រោះជាតិ គ្មានគោលការ រៀបចំបាតុកម្មនោះទេ ហើយ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់ថា ជាលក្ខណៈទូទៅគ្មានការធ្វើបាតុកម្ម ទាំងក្នុង និងក្រៅប្រទេសឡើយ"។

ទាក់ទិននឹងជំនួបវិញ អ្នកនំាពាក្យរូបនេះ បានលើកឡើងថា ផ្តោតសំខាន់លើកការងារ របស់ក្រុមការងារ ភាគតិចក្នុងរដ្ឋសភា និងកិច្ចសហការ របស់អាមេរិកមកកម្ពុជា។ យ៉ាងណាក្តី សម្រាប់កិច្ចពិភាក្សាទ្វេរភាគីនោះ មិនមែនការលើកឡើងពីបញ្ហា លោក សម រង្ស៊ី មកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នោះទេ គឺពិភាក្សា រឿងនយោបាយ ទូទៅក្នុងប្រទេសកម្ពុជា មានលក្ខណៈ ល្អប្រសើរ ពិសេសនោះ នៅពេលគណបក្សសង្គ្រោះជាតិ បានរៀបចំវេទិការនាពេល កន្លងមក មានជួយជ្រំជ្រែងពីអាជ្ញាធរតាមមូលដ្ឋាន។

ទោះបីជាមានគម្រោង ធ្វើបាតុកម្មប្រឆាំង នឹងសម្តេចតេជោ ហ៊ុន សែន ពីបងប្អូនខ្មែរដែរ រស់នៅ សហរដ្ឋអាមេរិក នាពាក់កណ្តាល ខែកុម្ភៈ នេះយ៉ាងណាក្តី លោក យ៉ែម បុញ្ញឬទ្ធិ ថាលោក មានការសោក ស្តាយចំពោះការឮដំណឹងនេះ ព្រោះថា មានការបែងចែក ពីគ្នារវាងគោលការណ៍បក្ស និងរឿងបុគ្គល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានថ្លែងកាលពីសប្តាហ៍កន្លងទៅថា អ្នកណាចង់ធ្វើបាតុកកម្ម ក៏ធ្វើទៅ ជាសិទ្ធិរបស់ពួកគេ គ្មានអ្នកណាទៅហាមឃាត់ ពួកគាត់ឡើយ ប៉ុន្តែប្រសិនបើក្រុម គណបក្សប្រឆំាង គំាទ្រនៅពីក្រោយខ្នងវិញ នៅក្នុងប្រទេសកម្ពុជា ក៏នឹងអាចមាន បាតុកម្មប្រឆំាងវិញផងដែរ។ បើតាមលោក សុខ ឥសាន្ត ក្រុមបាតុករ ក៏បានស្នើសុំទៅអាចជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ហើយអាជ្ញាធរ ក៏បានអនុញ្ញាត ឲ្យរួចរាល់ហើយផងដែរ។

បើយោងតាមការផ្សាយរបស់ វិទ្យុVOD នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា នាគ្រាលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅទីក្រុង Sunnylands រដ្ឋ California ស.រ.អា. នៅអំឡុងពាក់កណ្តាលខែកុម្ភៈនេះ ជនជាតិខ្មែរនៅស.រ.អា.គ្រោងធ្វើបាតុកម្មប្រឆាំងនឹងសម្តេច។ ថ្វីបើគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនមិនបានរៀបចំ គម្រោងធ្វើបាតុកម្មប្រឆាំង នឹងលោកហ៊ុន សែន ក៏ដោយ ក៏អ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ចាត់ទុកថា គណបក្សសង្គ្រោះជាតិ នៅពីក្រោយ ហើយបាតុកម្មនេះ នឹងធ្វើឲ្យវិបត្តិនយោបាយរវាង គណបក្សទាំងពីរ កាន់តែធ្ងន់ធ្ងរឡើង។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក យ៉ែម ប៉ុញ្ញឫទ្ធិ អះអាងថា បើបាតុកម្មនេះ កើតមានមែននោះ វាមិនមែនជាគោលនយោបាយរបស់គណបក្សទេ តែជាសិទ្ធិបុគ្គល ដែលភាគច្រើន មិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិនោះទេ។ លោកថា "យើងមានការសោកស្តាយ ដោយសារមានការចែកមិនដាច់ ថាអ្វីទៅជាស្ថាប័ន ជាគោលការណ៍ ហើយអ្វីទៅជាបុគ្គល។ ដូច្នេះយើងចង់ឲ្យមានការយល់ ជាលក្ខណៈស្ថាប័ន និងជាបុគ្គលឲ្យបានពិតប្រាកដ ច្បាស់លាស់បាទ"។

សម្តេចតេជោ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បានឆ្លើយតបទៅកាន់ សកម្មជនបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសថា បើមានបាតុកម្មប្រឆំាង សម្តេច នៅអាមេរិក ចំណែកនៅក្នុងស្រុកវិញ ក៏អាចមានបាតុកម្មទប់ទល់មេបក្សប្រឆំាង ផងដែរ។

ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានប្រកាសមិនគំាទ្រ នូវទង្វើរបស់សកម្មជនខ្លួន ដែលមានបំណង ធ្វើបាតុកម្មប្រឆំាង នឹងដំណើរទស្សនកិច្ចនៅប្រទេសអាមេរិក របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។ នាឱកាសចូលរួមក្នុងពិធីសំណេះសំណាល ជាមួយអ្នកគំាទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងវ៉ាស៊ីនតោ ឯកឧត្តម សម រង្ស៊ី បានថ្លែងថា "សូមឲ្យពលរដ្ឋកម្ពុជា នៅក្នុងប្រទេស និងនៅឯនាយសមុទ្រ តំាងចិត្តឲ្យស្ងប់ ឲ្យមានកម្រិតចាស់ទុំក្នុងនោបាយ ដោយសួរខ្លួនថា ចង់បានអី ត្រូវធ្វើយ៉ាងមិចយើង យល់ច្បាស់"៕