ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ថា សហរដ្ឋអាមេរិក​ចង់​ដាក់​ពង្រាយ​ដោយ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​ខ្លួន​នៅ​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​កាំជ្រួច​របស់​កូរ៉េ​ខាងជើង ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា យើង​ចង់​ឃើញ​ការ​ដាក់​ពង្រាយ​នេះ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ប្រទេស​ចិន​បាន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​នេះ ដែល​ខ្លួន​ចាត់​ទុក​ថា ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​កម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ផ្ទាល់ ។

លោក COOK បន្ត​ថា រ៉ា​ដា​មាន​អនុភាព​ខ្លាំង​បំផុត​របស់​ប្រព័ន្ធ THAAD (TERMINAL HIGH ALTITUDE AREA DEFENSE) អាច​ប្រើប្រាស់​ត្រួតពិនិត្យ​ការ​បាញ់​ផ្ទាល់​នៃ​មី​ស៊ី​ល​របស់​ខ្លួន ។ ចំពោះ​សហរដ្ឋអាមេរិក​យល់​ថា THAAD ជា​ប្រព័ន្ធ​ការពារ​មួយ​មាន​ទិស​ដៅ​ប្រឆាំង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ហើយ​ពុំ​មែន​សម្រាប់​តាម​ត្រួត​ពិនិត្យ​​លើ​ប្រទេស​ចិន​នោះ​ទេ ។ ដូច្នេះ​យើង​យល់​ថា វា​នឹង​មិន​បង្កើត​ការ​ព្រួយបារម្ភ​ណាមួយ​សម្រាប់​ប្រទេស​ចិន​ឡើយ ។

សហរដ្ឋ​អា​េ​ម​រិ​ក និង​កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​ចរចា​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ។

អ្នក​ទទួលខុសត្រូវ​ខាង​ការពារ​ប្រទេស​អា​េ​ម​រិ​កមួយ​រូប​បញ្ជាក់​នា​ថ្ងៃ​ទី​៨ កុម្ភៈ ថា ពេល​ណា​មានការ​សម្រេចចិត្ត​នោះ ប្រព័ន្ធ THAAD នឹង​អាច​ដាក់​ពង្រាយ​ដោយ​ឆាប់​បំផុត។

ជើង​ទម្រ​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ដាក់​តាំង​លើ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​ដែល​អាច​ដឹក​តាម​យន្តហោះ​មក​កាន់​កូរ៉េ​ខាងត្បូង ព្រមទាំង​រ៉ា​ដា​អម​ផង ។

ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​សេ​អ៊ូ​ល​ប្រកាស​នា​ថ្ងៃ​ទី​៧ កុម្ភៈ ថា បាន​សម្រេច​បើក​ធ្វើការ​ចរចា​ជា​ផ្លូវការ ដើម្បី​ដាក់​តាំង​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នូវ​ប្រព័ន្ធ THAAD បន្ទាប់​ពី​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង ។ ការ​បាញ់​បង្ហោះ​នេះ​ទទួល​ការ​ថ្កោលទោស​ពី អ​.​ស​.​ប ហើយ​ត្រូវ​បាន​សហរដ្ឋ​អា​េ​ម​រិ​ក និង​បណ្តា​សម្ព័ន្ធមិត្ត​ចាត់​ទុក​ថា ជា​ការ​បាញ់​មី​ស៊ី​ល​មួយ ។

ប្រព័ន្ធ THAAD អាច​បាញ់​មី​ស៊ី​ល​ផលិត​សម្រាប់​ស្ទាក់ និង​កម្ទេច​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​កតាំង​តែ​ពី​មី​ស៊ី​ល​ទាំងនេះ​ស្ថិត​នៅ​ក្រៅ​បរិយាកាស ឬ​ទើប​ហោះ​ចូល​បរិយាកាស ។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​ចាប់ពី​ឆ្នាំ​២០០៨​មក ។ ប្រព័ន្ធ THAAD មួយ​ដាក់​តាំងនៅ​កោះ​ហ្គា​ម​ជា​មូលដ្ឋាន​យោធា​អា​េ​ម​រិ​ក​ធំ​បំផុត ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ការពារ​ប្រឆាំង​រាល់​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​កូរ៉េ​ខាងជើង ។

ប្រទេស​ចិន​បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ធ្វើការ​ចរចា​ជា​ផ្លូវការ​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី HUA CHUNYING ថ្លែង​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ថា ចិន​ប្រកាន់​ជំហរ​ច្បាស់លាស់​មួយ​លើ​បញ្ហា​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល ។ ពេល​ប្រទេស​មួយ​ស្វះ​ស្វែងរក​ការ​ធានា​សន្តិសុខ​ផ្ទាល់​របស់​ខ្លួន ក៏​មិន​ត្រូវធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ឯទៀត​ៗ​ខាង​ផ្នែក​សន្តិសុខ​ដែរ៕