ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​វាយ​កូន​បាល់​រួម​មាន​គ្រូបង្វឹក​ជម្រើសជាតិ លោក ប្រា​អេ​ន អា​ណេ​រូស​, គ្រូបង្វឹក ឡុ​ង ជំ​និត្យ​, ប្រធាន​ក្រុម ម៉​ម ផល្គុណ និង​កីឡាករ​-​កីឡាការិនី​ទាំង​៥​រូប បាន​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​កែប​ដើម្បី​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​វាយ​កូន​បាល់​ពិភពលោក​យុវជន​-​យុវនារី FED CUP & DAVIS CUP 2016 នៅ​ទីក្រុង​កូ​ឡុំ​បូ​ប្រទេស​ស្រី​លង្កា ខាង​មុខ​នេះ ។

ពួក​គេ​បាន​ទៅ​ដល់​កែប​នៅ​យប់​ថ្ងៃ​សុក្រ​ទី​៥ កុម្ភៈ ហើយ​ព្រឹក​ថ្ងៃ​សៅរ៍​ចាប់ផ្តើម​ហ្វឹកហាត់​ដោយ​ការ​ហែល​ទឹកសមុទ្រ​ប្រវែង​ប្រហែល​២០០​ម៉ែត្រ មក​ច្រាំង ។ នេះ​ជា​បេសក​កម្ម​មួយ​ដែល​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​អ្វី​ដែល​មិនមែន​ជា​ជំនាញ​របស់​ពួក​គេ ភាព​ក្លាហាន​និង​ការ​យកឈ្នះ​ការ​ភ័យ​ខ្លាច​ពួក​គេ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន ។ បន្ទាប់​ពី​ហែល​ទឹក ពួក​គេ​​ហ្វឹកហាត់​កីឡាបាល់ទះ​លើ​ខ្សាច់​ដើម្បី​ពង្រឹង​ជើង​របស់​ពួក​គេ ។ ក្រោយ​ពី​ទទួលទាន​អាហារ​ពេល​ព្រឹក​រួច ពួក​គេ​ត្រូវ​ទៅ​ហ្វឹកហាត់​លើ​តារាង​វាយ​កូន​បាល់​ទាំង​ព្រឹក​ទាំង​រសៀល ។ ការ​ហ្វឹកហាត់​ត្រៀម​នេះ​រួម​មានការ​ហែល​ទឹក​, បាល់ទះ​លើ​ខ្សាច់​, វាយ​កូន​បាល់​លើ​ទីលាន​, រត់ឡើង​កាំជណ្តើរ​២០០​កាំ​, រត់ឡើង​ភ្នំ ។

ព្រឹត្តិការណ៍ Fed Cup ជា​ការ​ប្រកួតប្រជែង​ក្រុមកីឡា​វាយ​កូន​បាល់​ស្ត្រី​ជា​លក្ខណៈ​អន្តរជាតិ​ដែល​ការ​ប្រកួត​នេះ​ចាប់ផ្តើម​មាន​តាំងពី​ឆ្នាំ​១៩៦៣​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​(ITF) ។ ការ​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ប្រកួត​ពានរង្វាន់​របស់​សហព័ន្ធ​ដល់​ឆ្នាំ​១៩៩៥ ។ Fed Cup គឺជា​ការ​ប្រកួត​ប្រជែង​កីឡា​វាយ​កូន​បាល់​ស្ត្រី​ធំ​ជាងគេ​របស់​ពិភពលោក​ប្រចាំឆ្នាំ​របស់​អន្ដរជាតិ​ក្នុង​លក្ខខណ្ឌ​ប្រកួត​ជា​ក្រុម​តំណាង​ឱ្យ​ប្រទេស​ជាតិ ។

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ជ្រើសរើស​កីឡាការិនី ហួរ ស្រី​ពៅ ដែល​មក​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​តំបន់​បឹង​ខ្យា​ង​របស់​អង្គការ​Holybaby និង​កីឡាការិនី ហូ ស្រី​នុ​ច ដែល​មក​ពី​អង្គការ​ភូមិ​កុមារ​អរុណរះ​ឱ្យ​ចេញ​ទៅ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​យុវជន​-​យុវនារី​នៃ​ព្រឹត្តិការណ៍ Fed Cup នៅ​ទីក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា​ដែល​មាន​ប្រទេស​ចំនួន​១៤​ទូ​ទាំង​តំបន់​អាស៊ាន​ចូលរួម ។ បណ្តា​ប្រទេស​ទាំង​១៤​នោះ​រួម​មាន​៖ បា​រ៉ែ​ន​, កម្ពុជា​, អុ​ី​រ៉​ង់​, អុ​ី​រ៉ា​ក់​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, លី​បង់​, ម៉ា​ល់​ឌី​វ​, នេ​ប៉ា​ល់​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី​, ស្រី​លង្កា​, តាជី​គី​ស្ថាន​, តួ​ក​មេ​នី​ស្ថាន និង​វៀតណាម ។

ចំណែក​ព្រឹត្តិការណ៍ Davis Cup ជា​ការ​ប្រកួតប្រជែង​ក្រុមកីឡា​វាយ​កូន​បាល់​បុរស​ជា​លក្ខណៈ​អន្តរជាតិ ។ Davis Cup គឺជា​ការ​ប្រកួតប្រជែង​កីឡា​វាយ​កូន​បាល់​បុរស​ធំ​ជាងគេ​របស់​ពិភពលោក​ប្រចាំឆ្នាំ​របស់​អន្ដរជាតិ​ក្នុង​លក្ខខណ្ឌ​ប្រកួត​ជា​ក្រុម​តំណាង​ឱ្យ​ប្រទេស​ជាតិ ។ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ជ្រើសរើស​កីឡាករ ឃ្លាំង ពន្លក​, កីឡាករ ឈាង វ​ណ្ណា​សិទ្ធ  និង​កីឡាករ ទេព ធី​ម៉ូ​ថេ ឱ្យ​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា ។ ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រួម​មាន​៖ បា​រ៉ែ​ន​, បង់​ក្លា​ដែ​ស​, ប៊ូ​តាន​, ប្រ៊ុ​យ​ណេ​, កម្ពុជា​, អីុរ៉​ង់​, អីុ​រ៉ា​ក់​, កា​ហ្សា​ក់​ស្ថាន​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, លី​បង់​, ម៉ា​ល់​ឌី​វ​, នេ​ប៉ា​ល់​, ប៉ា​គី​ស្ថាន ,​អា​រ៉ា​ប៊ី​សា​អូឌីត​, សិង្ហ​បុរី​, ស្រី​លង្កា​, ស៊ី​រី​, តាជី​គី​ស្ថាន​, តួ​ក​មេ​នី​ស្ថាន និង​យេ​ម៉ែ​ន ។

កាលបរិច្ឆេទ ៖​   
ថ្ងៃ​ចេញដំណើ​រៈ​១០ ខែមីនា
ការ​អនុវត្ត​ជាក់ស្តែងៈ​១១ ខែមីនា
ថ្ងៃ​ប្រកួតប្រជែងៈ​១២-១៧​ខែមីនា
ថ្ងៃ​ត្រឡប់​មក​វិញៈ​១៨ ខែមីនា​   

គ្រូបង្វឹក​/​ប្រធាន​ក្រុម​ ៖
លោក ម៉​ម ផល្គុន (​ប្រធាន​អភិវឌ្ឍន៍​យុវជន​) និង លោក ឡុ​ង ជំ​និត្យ​(​គ្រូបង្វឹក​) ៕