ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សភា​ភូមា​បាន​កំណត់​យក​ថ្ងៃ​ទី​១៧ មីនា ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រមុខរដ្ឋ​ថ្មី​ដោយ​សភា​ដោយ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​មាន​បេក្ខជន​៣​រូប ។

បេក្ខជន​ទាំង​៣​រូប​នេះ បេក្ខជន​មួយ​រូប​ជ្រើសរើស​ដោយ​សភា​ជាន់​ទាប មួយ​រូប​ដោយ​សភា​ប្រជាជាតិ ឬ​សភា​ជាន់ខ្ពស់ ហើយ​មួយ​រូប​ជ្រើសរើស​ដោយ​ក្រុម​សភា​ជា​យោធា។ ក្នុង​ចំណោម​បេក្ខជន​ទាំង​៣​រូប​នេះ ​បេក្ខជន​ណា​ទទួល​បាន​សំឡេង​ច្រើន​ជាងគេ​នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី ហើយ​បេក្ខជន​២​រូប​ទៀត​នឹង​ក្លាយជា​អនុ​ប្រធានាធិបតី​របស់​ប្រទេស ។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នេះ​នឹង​ធ្វើ​៤​ខែ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទូទៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៥ ដោយ​គណបក្សប្រឆាំង​គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដណ្តើម​បាន​សំឡេង​ភាគច្រើន​បំផុត ក្នុង​សភា​ទាំង​២ និង​ក្នុង​សភា​តំបន់ ។

សភា​ថ្មី​បាន​រួម​ប្រជុំ​លើក​ដំបូង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ក្រោម​អធិបតីភាព​របស់​លោក MAHN WIN KHAING THAN ដោយ​មាន​វត្តមាន​របស់​សមាជិក​សភា​ទាំង​៦៤៨​រូប ។

សភា​ទាំង​២​ក៏​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ដែរ ។ សភា​ជាន់​ទាប​ដឹកនាំ​ដោយ​លោក WIN MYIN មក​ពី​គណបក្ស​លោកស្រី​ស៊ូ​ជី ហើយ​អនុប្រធាន​សភា​គឺ​លោក TI KHUN MYAT នៃ​គណបក្ស​សាមគ្គីភាព និង​អភិវឌ្ឍន៍​សហភាព USDP ។ សភា​ជាន់ខ្ពស់​មាន​ប្រធាន​គឺ​លោក MAHN WIN KHAING THAN មក​ពី​គណបក្ស​លោកស្រី​ស៊ូ​ជី ចំណែក​អនុប្រធាន​លោក AYE THA AUNG នៃ​គណបក្ស​ជាតិ​អា​រ៉ា​កា​នេ ANP ៕