កៅអី​នាយក​រដ្ឋមន្ត្រី​ ?

​សកម្មភាព​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​លក់ដូរ​កំប៉ិកកំប៉ុក​ នៅ​មុខ​វត្ត​បុ​ទុម​វ​ត្តី​ ក្បែរ​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​ផ្ទាល់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​ និង​ការ​ទទួលទាន​នំ​បញ្ចុក​មួយ​ចាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​អ្នកលក់​នំ​បញ្ចុក​ប្រគល់​ដៃ​ពីរ​នូវ​កៅអី​ជ័រ​តូច​មួយ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​អង្គុយ​ទទួលទាន​នំ​បញ្ចុក​នោះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ និង​បាន​ផ្តល់​ចំណងជើង​រូបភាព​ថា​ "​កៅអី​នាយក​រដ្ឋមន្ត្រី​ឆ្នាំ​២០១៨"​ ។​

​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ថា​ រូបភាព​សាមញ្ញ​ និង​ស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មិនមែន​ជា​សាច់ញាតិ​ បងប្អូន​ ឬ​មន្ត្រី​សំខាន់ៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​ កម្រ​មាន​ដូច​សកម្មភាព​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​នោះ​ឡើយ​ គឺ​ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ​ ខណៈ​បុរស​ខ្លាំង​ចាប់ផ្តើម​លេង​ Facebook​ និង​បន្ទាប់​ពី​ការ​ស្រុត​ចុះ​យ៉ាងច្រើន​នូវ​សំឡេង​ឆ្នោត​គាំទ្រ​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ។​

​ថ្វី​ដ្បិត​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​មិន​ទាន់​មក​ដល់​ក៏​ដោយ​ ក៏​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ និង​ជា​អ្នក​រិះគន់​ឥត​សំចៃ​មួយ​ចំនួន​ បាន​ចាត់​ទុក​ថា​ រូបភាព​នៃ​ការ​ស្និទ្ធស្នាល​របស់​បុរស​ខ្លាំង​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ គឺជា​ការ​រៀបចំ​ទុកជា​មុន​យ៉ាង​យកចិត្តទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​បំផុត​ពី​សំណាក់​អ្នក​ការពារ​របស់​បុរស​ខ្លាំង​ដ៏​ច្រូងច្រាង​ ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​កៅអី​អំណាច​នាយក​រដ្ឋមន្ត្រី​ឆ្នាំ​២០១៨​ខាង​មុខ​បន្ត​ទៀត​ (Sic!)​ ៕​

កៅអី​នាយក​រដ្ឋមន្ត្រី​ ?កៅអី​នាយក​រដ្ឋមន្ត្រី​ ?កៅអី​នាយក​រដ្ឋមន្ត្រី​ ?

Related