ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិនបាន​រៀបការ

ភ្នំពេញ​: ​តារាចម្រៀង និង​ជា​ពិធី​ការិនី ល្បីឈ្មោះ​អ្នកនាង ខាត់ សុ​ឃីម ទម្លាយ​ពី​ឧបសគ្គ​ខ្លះៗ​ក្នុង​ដំណើរ​ជីវិត​លើ​វិថី​សិល្បៈ និង​ជីវិត​ឯកជន​របស់​នាង​។ តារា​ដែល​មិន​ធ្លាប់​បាត់​មុខ​ពី​សិល្បៈ​ចាប់តាំងពី​ចាប់​អាជីព​មក​អ្នកនាង ខាត់ សុ​ឃីម បាន​រំឭក​ពី​ឧបសគ្គ​ក្នុង​ជីវិត និង​កត្តា​ប្រឈម​ការដែល​នាង​មាន​បុត្រ​ដោយ​មិនបាន​រៀបការ​។​

​តារាចម្រៀង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​រូបនេះ​បាន​ប្រាប់​កម្មវិធី “​ការ​ណាត់ជួប​ដ៏​អស្ចារ្យ​” របស់​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ម៉ោង​៨:៣០​នាទី​ថា ការ​មាន​បុត្រ​ដោយ​មិនទាន់​រៀបការ​ពិតជា​រឿង​ដ៏​ប្រឈម​មួយ​នៅក្នុង​ជីវិត​។ នាង​ថា ជា​ម្ដាយ​ដែល​មិនបាន​រៀបការ​នាង​តែង​ត្រូវបាន​គេ​រិះគន់​ជារឿយៗ​នៅក្នុង​សង្គម​។

​លើសពីនោះ​ទៅទៀត ខាត់ សុ​ឃីម បាន​លើកឡើងថា ការដែល​នាង​ត្រូវ​មើលថែ​កូន​ដោយ​ផ្ទាល់ដៃ​តែម្នាក់ឯង​គឺ​ពិតជា​រឿង​មួយ​ដ៏​លំបាក​។

“​សម្រាប់​នាង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែលមាន​កូន ហើយ​កូន​ទី​១​នោះគេ​ចាត់ទុកថា​ជា​កូន​អត់​ឪពុក ចឹ​ង​ទៅ​យើង​រង​នឹង​ពាក្យ​និន្ទា​គេ​ច្រើន ដែល​គេ​ថា​យើង​មានកូន​អត់​ប្ដី​អីចឹង​...”
​ខាត់ សុ​ឃីម និង​ស្វាមី​របស់​នាង​លោក អ៊ិន សុ​បញ្ញា បាន​និយាយថា សុ​ឃីម រង​ការរិះគន់​សូម្បីតែ​នៅពេលដែល​ពួកគេ​ប្រកាសថា​នឹង​រៀបការ​។ គូ​ស្វាមីភរិយា​នេះ​និយាយថា អ្នកខ្លះ​រិះគន់​ព្រោះតែ​លោក បញ្ញា នៅ​ក្មេង​ពេក មិនទាន់​ចាស់ទុំ​អាច​ធ្វើជា​ប្ដី​ល្អ​បាន​។

“​ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា ការស្រលាញ់គ្នា​របស់​ពួក​ខ្ញុំ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ហើយ ធ្វើ​ឲ្យ​អ្នក​រឹះ​គន់​ខ្លាំង​ហើយ មាន​អ្នក​ដាក់ទោស​ខ្ញុំ​ច្រើន ខ្ញុំ​មិន​នឹកស្មាន​ដល់ ព្រោះ​ការស្រលាញ់គ្នា​គ្មាន​កំហុស​ទេ​”​រហូតមក​ទល់នឹង​ពេលនេះ​មិនមែន​តែ​អ្នកនាង ខាត់ សុ​ឃីម ទេ​ដែល​បាន​និយាយ​ពី​រឿងរ៉ាវ​ជីវិត​ពិត​រប​ស់​ខ្លួន​នៅក្នុង​កម្មវិធី “​ការ​ណាត់ជួប​ដ៏​អស្ចារ្យ​” ។ កាលពី​វគ្គ​មុន​ពិធី​ការិនី​ល្បីឈ្មោះ​កញ្ញា ថន លក្ខិណា បាន​ទម្លាយ​រឿងរ៉ាវ​គ្រួសារ​អោយ​មហាជន​បានដឹង​។ ពិធី​ការិនី​រូបនេះ​បាន​សម្រក់​ទឹកភ្នែក​ពេលដែល​រំឭក​ពី​អតីតកាល​របស់​គ្រួសារ​នាង​។ តារា​ផ្សេងទៀត​ក៏​ធ្លាប់បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​នេះដែរ មានដូចជា ចាន់ គង់​កា នេន ទុំ និង​អ៊ុន សុធា​ជាដើម​។

​កម្មវិធី​ផ្សាយ​ថ្មី​របស់ PNN បានដាក់​បញ្ចូល​កម្មវិធី​កម្សាន្ត​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​កម្មវិធី ស៊ី​អារម្មណ៍ ដែល​កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង និង​ដំណើរការ​កម្មវិធី​ដោយ​លោក ប៉ែន ចំ​រ៉ុង​។

​ដោយមាន​ការស្នើ​ពី​ក្រសួង​ព័ត៌មាន PNN បាន​ផ្លាស់​ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ថៃ​នៅ​ម៉ោង​៦​ល្ងាច និង​ម៉ោង​៩​យប់​វិញ​។ ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់ គឺជា​ការផ្សាយ​ព័ត៌មាន និង​កម្មវិធី​កម្សាន្ត​៕

ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិនបាន​រៀបការ

ខាត់ សុ​ឃីម និយាយ​ពី​ឧបសគ្គ​ជីវិត​គ្រា​នាង​ជា​ម្ដាយ​មិនបាន​រៀបការ