ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

​ប៉ូលិស​ក្រុង​ហុងកុង​ប្រដាប់​ដោយ​ដំបង បាន​បាញ់​ព្រមាន​ឡើង​លើ​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បន្ទាប់​ពី​ការ​បះបោរ​មួយ​ដែល​ផ្ទុះ​ឡើង ពេល​អាជ្ញាធរ​ប៉ុនប៉ង​បំបែកពួក​អ្នក​លក់ដូរ​តាម​ដងផ្លូវ​អនាធិបតេយ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ ។

រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​ប៉ូលិស​ម្នាក់​កំពុង​តម្រង់​អាវុធ​សំដៅលើ​ពួក​អ្នក​តវ៉ា​ដែល​គប់​ដុំ​ថ្ម ដប និង​ដុំ​ឈើ​លើ​ប៉ូលិស ។ ឧប្បត្តិ​ហេតុនេះ​កើត​មាននៅ​សង្កាត់​ម៉ុង​កក ជា​សង្កាត់​មាន​ប្រជាជន​ច្រើន​កុះករ​នៃ​ក្រុង​ហុងកុង ។ វា​ជា​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​មួយ​ចាប់តាំងពី​បាតុកម្ម​សិទ្ធិ​លទ្ធិប្រជាធិបតេយ្យ​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៤​មក ។

យោង​តាម​សារព័ត៌មាន​ជា​ច្រើន​ថា ប៉ូលិស​បាន​បាញ់កាំភ្លើង​ឡើង​លើ​យ៉ាងតិច​២​គ្រាប់ ។ ចលាចល​នេះ​ផ្ទុះ​ឡើង​ពេល​អាជ្ញាធរ​ប៉ុនប៉ង​បំបែកពួក​អ្នក​លក់ដូរ​អនាធិបតេយ្យ ។ ពួក​បាតុករ​ក្នុង​នោះ​រួម​មាន​បណ្តា​សមាជិក​ចលនា​ប្រឆាំង​ឥទ្ធិពល​របស់​ក្រុង​ប៉េ​កាំ​ង​នៅ​ហុងកុង ដែល​ប៉ុនប៉ង​ការពារ​ពួក​អ្នកលក់​ដូរ​លើក​ឡើង​ថា ពួក​គេ​លក់ដូរ​បែប​នេះ​ក្នុង​បរិយាកាស​បុណ្យ​ទេ ។ សមាជិក​ចលនា​នេះ​មួយ​ចំនួន​រហូត​ដល់​ទាមទារ​ឱ្យ​ក្រុង​ហុងកុង​ប្រកាស​ឯករាជ្យ​របស់​ខ្លួន​ផង ។

លោក LEUNG CHUN YIN ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នា​ម៉ោង​ដំបូង​មានការ​បះបោរ​មួយ​នៅ​ម៉ុង​កក ។ ជន​បះបោរ​មួយ​ចំនួន​បាន​វាយ​ប្រហារ​លើ​ប៉ូលិស និង​បណ្តា​អ្នក​សារព័ត៌មាន ។ ពួក​គេ​បាន​ដើរ​ដុត​ដោយ​ចេតនា ហើយ​គប់​ដុំ​ថ្ម ព្រមទាំង​របស់​ផ្សេង​ៗ​ទៀត​លើ ប៉ូលិស​ក្នុង​នោះ​រួម​ទាំង​ប៉ូលិស​ដែល​ត្រូវ​របួស​រួច​ហើយ និង​ដួល​លើ​ដី​ផង ។ លោក​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​ហិង្សា​ទាំងនេះ ៕