ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង​ ៖​ នៅ​វេលា​ម៉ោង​១០​​ព្រឹក​ថ្ងៃ​ទី​៩ ​កុម្ភៈ ​២០១៦ ​នេះ​ ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ប្រ​សូត្រ​ថ្មី​ចំនួន​១០២​នាក់​ ស្ថិត​នៅ​ភូមិ​ប្រ​សូត្រ​ទី​១​ ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ផ្សារ​ប្រ​សូត្រ​ថ្មី​ អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍​​បញ្ហា​ថ្លៃ​សេវាភ្លើង​អគ្គិ​ស​នី​ថ្លៃ​ខ្ពស់​នៅ​ក្នុង​ផ្សារ​ប្រ​សូត្រ​ថ្មី​ ​ដោយ​១គីឡូវ៉ាត់ម៉ោង​តម្លៃ​១.២០០​រៀល​ ខ្ពស់​ជាង​តម្លៃ​ភ្លើង​អគ្គិ​ស​នី​របស់​រដ្ឋ ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​តម្លៃតែ​៦៥០​រៀល​ប៉ុណ្ណោះ​ ។

​ក្រុម​អាជីវករ​​បាន​ដាក់​សំណើទៅ​លោក​មេឃុំ​ លោ​អភិបាលស្រុក​ស្វាយ​ទាប ​រហូត​ដល់​លោក​អភិបាលខេត្ត សុំ​ប្តូរ​ពី​ការ​គ្រប់​គ្រង​​ភ្លើងរបស់​​ក្រុមហ៊ុន​ឯកជន ​​​មក​ឱ្យ​រដ្ឋ​​ជា​អ្នក​គ្រប់​គ្រង​វិញ​ ​ការ​ដាក់​​​សំណើ​ខាង​លើនេះអស់​រយៈពេល​១​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​​គ្មាន​ដំណោះស្រាយ​​​ទាល់​តែ​​សោះ ទើប​ពួក​គាត់​​​​មក​ជួប​ជុំ​​គ្នា​នៅ​មុខ​ផ្សារ​ប្រ​សូត្រ​ថ្មី​ ​ដើម្បី​ធ្វើ​ការ​អំពាវ​នាវ​​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ​មេត្តា​ជួយ​​ធ្វើ​អន្តរាគមន៍​​ឱ្យ​ពួក​គាត់​ដោយ​អនុ​គ្រោះ​ផង ៕