ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយ​ ខណៈ​រថយន្ត​ឡិចស៊ីសRX300មួយគ្រឿង ត្រូវ​បាន​​ប្រជា​ពលរដ្ឋប្រទះឃើញ​ចត​ចោល​​ដោយ​គ្មាន​ចាក់គន្លឹះទ្វារ និង​គ្មាន​​ម្ចាស់​ កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី​០៩ កុម្ភៈ ២០១៦ ស្ថិត​នៅចំណុច​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហា​ណូយ​​ មុខ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និងអភិវឌ្ឍន៍​ព្រៃ​ឈើ​សត្វព្រៃ​​ ក្នុងភូមិរោង​ចក្រ​ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រួចបាន​​រាយ​ការណ៍​​ជូន​សម​ត្ថ​កិច្ច​ឱ្យ​ចុះទៅ​ត្រួតពិនិត្យ ។

ប្រភព​ឱ្យ​ដឹងថា រថយន្តខាងលើ​ពណ៌ខ្មៅ មាន​ពាក់ស្លាកលេខ​2Q-8817 និង​​បិទស្កុត​ខ្មៅពីលើ ។ បើតាម​សមត្ថកិច្ច​​ថា ​រថ​យន្តឡិច​ស៊ីស​នេះ​ប្រទះឃើញ​ចត​ចោល​តាំងពី​វេលាម៉ោងប្រហែល​១ ទៅ២​រំលងអធ្រាត្រ​​ឈានចូលថ្ងៃទី​០៩ កុម្ភៈ​ ឯណោះ​ ខណៈ​​សមត្ថ​កិច្ច​​កំពុង​ចុះល្បាត​​តាម​​មូលដ្ឋាន តែ​ក៏មិន​បាន​ចាប់អារម្មណ៍អ្វី​ដែរ ។

ទោះបីជាយ៉ាងណា រហូត​ដល់​វេលាម៉ោង​០២ និង​៥៧នាទីរសៀលថ្ងៃដដែលនេះ គេ​​នៅ​មិន​ឃើញ​ម្ចាស់​​ចេញ​មក​យក​រថយន្ត​​ទៅ​វិញទេ ហើយករណី​នេះ សមត្ថកិច្ច​រួមទាំងប្រជាពលរដ្ឋ​កំពុង​សង្ស័យ​ថា ​ម្ចាស់​អាច​​​​ស្រវឹង​ ហើយ​ចុះពី​លើ​ទៅបត់ជើងតូច នឹង​​អាច​ធ្លាក់​លូ​​ក្បែរនោះដែរ តែ​គេនាំគ្នា​យក​ឈើទៅ​រាវ​​ក្នុងលូ​មានជម្រៅ​ជាង១ម៉ែត្រ តែនៅតែមិនឃើញ ។

បច្ចុប្បន្ន រថយន្ត​ត្រូវបានទុក​នៅ​កន្លែងកើតហេតុ​​ ដើម្បីរង់ចាំ​ម្ចាស់ តែប្រសិនបើ​នៅតែមិនឃើញ​ សមត្ថកិច្ច​​នឹង​ស្ទូច​រថយន្ត​​យក​ទៅ​រក្សា​ទុកនៅ​អធិការដ្ឋាន​ខណ្ឌ​សែនសុខ ដើម្បី​​ចាំម្ចាស់​ ។