សកម្មជន​​​ព្រៃឈើ​​​​​​ចោទ​​​មន្ត្រី​​​ថា​​​ឲ្យ​​​រណាអារឈើ​​​ទៅ​​​អ្នកកាប់​​​ឈើ​​វិញ

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​មុន​​​នូវ​​​​​​ក្រុម​​​ការងារ​​​​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​ទទួល​​​បន្ទុក​​​​​​បង្ក្រាប​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក៏​​​ដោយ ក៏​​​បណ្តាញ​​​សហគមន៍​​​ព្រៃ​​​ឡង់​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ការ​​​ដើរ​​​ល្បាត​​​នាពេល​​​ថ្មីៗ​​​នេះ​​​ដោយ​​​សកម្មជន​​​ជាង​​​១៨០​​​នាក់​​​បាន​​​រកឃើញ​​​ភ័ស្តុតាង​​​នៃ​​​បទ​​​ល្មើស​​​ព្រៃ​​​ឈើ​​​បន្ត​​​ទៀត និង​​​ការ​​​ឃុបឃិត​​​​​​រវាង​​​អ្នកកាប់​​​ឈើខុស​​​ច្បាប់​​​ និង​​​មន្ត្រី​​​ព្រៃឈើ​​​មូលដ្ឋាន។​​​

ក្នុង​​​របាយការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បណ្តាញ​​​នេះ​​​និយាយ​​​ថា សកម្ម​​​ជន​​​​​​​​​របស់​​​ខ្លួន​​​​​​បាន​​​រក​​​ឃើញ​​​​​​ឈើ​​​ប្រភេទ​​​លេខ​​​មួយ​​​៧៥​​​ម៉ែត្រ​​​គូប ឈើ​​​អារ​​​​​​រលំ​​​១៥៩​​​ដើម​​​ និង​​​ផ្ទៃ​​​ដី​​​ឈូស​​​ឆាយ​​​​​​២៨៣​​​ហិកតា​​​ក្នុង​​​រយៈ​​​ពេល​​​៥​​​ថ្ងៃ​​​នៃ​​​ការ​​​ដើរ​​​ល្បាត​​​ដែល​​​ចាប់​​​ផ្តើម​​​ពី​​​​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ​​​ក្នុង​​​ព្រៃ​​​ឡង់ ជា​​​ដី​​​ព្រៃ​​​ទំហំ​​​ ​​​៦៥០.០០០​​​ហិកតា​​​ដែល​​​លាតសន្ធឹង​​​​​​ពី​​​ខេត្ត​​​កំពង់​​​ធំ ព្រះ​​​វិហារ ស្ទឹង​​​ត្រែង និង​​​ក្រចេះ។

cam-photo-prey-lang-suppliedរបាយការណ៍​​​និយាយ​​​សំដៅ​​​លើ​​​​​​គណៈកម្មាធិការ​​​ដែល​​​បង្កើត​​​កាល​​​ពី​​​ខែ​​​មុន​​​ដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដែល​​​ធ្វើ​​​ប្រតិបត្តិការ​​​​​​នៅ​​​ក្នុង​​​បណ្តា​​​ខេត្ត​​​ភាគបូព៌ា​​​ប្រទេស​​​ ដោយ​​​មាន​​​គោល​​​បំណង​​​លុប​​​បំបាត់​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ និង​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែនថា “​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ និង​​​ការ​​​ដឹក​​​ឈើ​​​​​​នៅ​​​តែ​​​កើត​​​មាន​​​ឡើង​​​នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​បួន សូម្បី​​​តែ​​​​​​ចាប់​​​តាំង​​​ពី​​​មាន​​​​​​​​​ក្រុម​​​ការងារ​​​បង្ក្រាប​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់បង្កើត​​​ឡើង​​​​​​​​​ជិត​​​មួយ​​​ខែ​​​ហើយ​​​ក៏​​​ដោយ”។​​​​​​

របាយការណ៍​​​និយាយ​​​ថា សកម្មជន​​​ក៏​​​បាន​​​ប្រគល់​​​រណាអារឈើ​​​ដែល​​​រឹបអូស​​​បាន​​​១៩​​​គ្រឿង​​​​​​ កាំភ្លើង​​​ឆ្នៃ​​​ពីរ​​​ដើម និង​​​ធ្នូ​​​មួយ​​​ដល់​​​មន្ត្រី​​​​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ។​​​

លោក ស្រី​​​ ថាយ សកម្ម​​​ជន​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​ក្រុម​​​មួយ​​​មាន​​​​​​​​​គ្នា​​​៤៤​​​នាក់ ដែល​​​បាន​​​ចូល​​​រុក​​​​​​ព្រៃ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា​​​អ្នកកាប់​​​ឈើ​​​ខុស​​​ច្បាប់ដែល​​​ពួកគេ​​​បាន​​​ជួប​​​ប្រទះ គឺ​​​រួម​​​សហការ​​​ជាមួយ​​​មន្ត្រី​​​ទាំង​​​នោះ។

លោក ស្រី​​​ ថាយ ​​​បាននិយាយថា “​​​ឥឡូវ​​​យើង​​​មិន​​​ទុក​​​ចិត្ត​​​​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ទេ ព្រោះ​​​យើង​​​បាន​​​ប្រគល់​​​​​​​​​រណាយន្ត​​​ដែល​​​រឹបអូសបាន​​​ឲ្យ​​​គេ [ក្រោយ​​​​​​ពី​​​ការ​​​ដើរ​​​ល្បាត​​​មុនៗ] ប៉ុន្តែ​​​គេ​​​បាន​​​​​​​​​ឲ្យ​​​ទៅ​​​អ្នក​​​កាប់ឈើ​​​វិញ។ យើង​​​បាន​​​ជួប​​​អ្នក​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ ហើយ​​​គេ​​​បង្ហាញ​​​យើង​​​​​​នូវ​​​រណា។ គេ​​​ប្រាប់​​​យើង​​​ថា រណា​​​​​​ដែល​​​យើង​​​បាន​​​រឹប​​​អូស​​​​​​ពី​​​គេ​​​​​​ធ្លាក់​​​ដល់​​​ដៃ​​​គេ​​​វិញ​​​ហើយ​​​ ហើយ​​​គេ​​​បាន​​​ទទួល​​​រណា​​​ពី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ”។

លោក នួន សុខុម​​​ នាយ​​​រង​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​អះអាង​​​បែប​​​នេះ។

លោក នួន សុខុម បាន​​​និយាយថា “មន្ត្រី​​​យើង​​​មិនដែល​​​ឲ្យ​​​រណា​​​ទៅ​​​អ្នកកាប់​​​ឈើ​​​​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ទេ ព្រោះ​​​យើង​​​តែង​​​តែ​​​រាយការណ៍​​​ទៅ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ថ្នាក់​​​ជាតិ​​​”។

លោក អេង ហ៊ី អ្ននាំ​​​ពាក្យ​​​គណៈកម្មាធិការ​​​​​​បង្ក្រាប​​​​​​បទ​​​ល្មើស​​​ព្រៃ​​​ឈើ​​​ដឹកនាំ​​​ដោយ​​​កងរាជ​​​អាវុធហត្ថ​​ បាន​​​ច្រាន​​​ចោល​​​របាយ​​​ការណ៍​​​របស់​​​សកម្ម​​​ជន​​​ព្រៃ​​​ឈើ​​​។

លោក អេង ហ៊ី បាន​​​និយាយថា “ខ្ញុំសូម​​​បញ្ជាក់​​​ថា ព័ត៌មាន​​​អំពី​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​នៅ​​​ព្រៃ​​​ឡង់​​​​​​ គឺ​​​មិន​​​ពិត​​​ទេ ព្រោះ​​​ថ្នាក់​​​ខេត្ត​​​បានរាយការណ៍​​​មក​​​យើង​​​ថា សកម្មភាពគឺ​​​ស្ងៀម​​​ស្ងាត់”៕​​​រើន

 

The post សកម្មជន​​​ព្រៃឈើ​​​​​​ចោទ​​​មន្ត្រី​​​ថា​​​ឲ្យ​​​រណាអារឈើ​​​ទៅ​​​អ្នកកាប់​​​ឈើ​​វិញ appeared first on ខេមបូឌា ដេលី.