ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កងទ័ព​ស៊ី​រី​បាន​វាយ​រុលទៅមុខ​ថ្មី​ៗ​ក្នុង​ខេត្ត​ភាគ​ខាងជើង​គឺ​ខេត្ត LATTAQUIE និង​ខេត្ត អា​ឡែ​ប រួច​បើ​តាម​ទូរទស្សន៍ AL MAYADEEN TV ថា កងទ័ព​នេះ​បាន​រំកិល​ចូល​ដល់​ក្បែរ​ព្រំដែន​តួ​ក​គី​ហើយ ។

នៅ​ខេត្ត​អា​ឡែ​ប កងទ័ព​ស៊ី​រី​នា​ថ្ងៃ​ទី​៨ កុម្ភៈ វាយ​យក​បាន​ទីក្រុង​យុទ្ធសាស្ត្រ KAFIN ហើយ​បច្ចុប្បន្ន​ស្ថិត​នៅ​ចម្ងាយ​តែ​៥​គីឡូម៉ែត្រ ពី​ទីក្រុង​យុទ្ធសាស្ត្រ TAL RIFAT រួច​ក៏​រុល​ឆ្ពោះទៅ​ទីក្រុង AZAZ ជាទី​តាំង​សំខាន់​របស់​ពួក​ឧទ្ទាម​នៅ​តាម​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​ដែរ ។

ការ​វាយ​យក​បាន​ទីក្រុង KAFIN ជា​ជ័យជម្នះ​ថ្មី​របស់​កងទ័ព​ស៊ី​រី ជួយ​ទ្រទ្រង់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ព្រមទាំង​មានការ​ជួយ​របស់​ពួក​យុទ្ធ​ជន​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​នៅ​អា​ឡែ​ប និង​នៅ LATTAQUIE ។

នៅ​ខេត្ត LATTAQUIE ប្រភព​យោធា​មួយ​អះអាង​នា​ថ្ងៃ​ទី​៨ កុម្ភៈ ថា កងទ័ព​កំពុង​រុល​សំដៅ​ទីក្រុង KANSABAH ជាទី​តាំង​ចុង​ក្រោយ​មួយ​ក្នុង​ចំណោម​ទីតាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ខេត្ត LATTAQUIE ជិត​ព្រំដែន​តួ​ក​គី ។ ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ កងទ័ព​វាយ​ដណ្តើម​បាន​ទីក្រុង HUR ក្រុង RWAISAT ក្រុង SWAIDIYEH និង​ក្រុង AL WADI AL AZRAQ ។ ប្រភព​នេះ​គូសបញ្ជាក់​ថា ជាមួយ​ការ​វាយ​យក​បាន​ទីក្រុង KANSABAH យើង​អាច​និយាយ​ថា ខេត្ត LATTAQUIE ទាំងមូល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព ។

ប្រភព​យោធា​ស៊ី​រី​និយាយ​ថា គោលបំណង​នៃ​យុទ្ធនាការ​យោធា​នៅ​ខេត្ត LATTAQUIE និង​ខេត្ត​អា​ឡែ​ប គឺជា​ការ​ចាប់ផ្តើម​បិទ​ព្រំដែន​ជាមួយ​តួ​ក​គី​ជា​កន្លែង​ដែល​ពួក​ជី​ហា​ដ​បរទេស​ឆ្លងកាត់​ចូល​មក​ស៊ី​រី ៕