ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​មណ្ឌលគិរី ៖ បន្ទាប់​ពី​ឃាត់ខ្លួន​ដៃជើង​របស់​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះស៊ូ ម៉ា​រឹ​ទ្ធ ដាក់​ព​ន្ធ​​នាគារ​ខេត្ត​​រួច​មក សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ បាន​ចេញ​ដីកា​ចំនួន​២ ​តាម​ចាប់ខ្លួន​អតីតមន្ត្រី​ប៉េ​អឹ​ម​រូប​​នេះ ក្នុង​ករណី​ភ្ជង់​គម្រាម​អភិបាលស្រុក​កែវ​សីមា និង​ប្រើប្រាស់​អាវុធ​​ខុសច្បាប់​។

ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ និង​ជា​អតីតមន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​សំបូរ​រឿងអស្រូវ​ច្រើន ​ត្រូវ​បាន​តុលាការខេត្ត​មណ្ឌល​គិរី​លោក​ស៊ូ ម៉ា​រឹ​ទ្ធ កំពុង​គេចខ្លួន​ ខណៈ​សមត្ថកិច្ច​កំពុង​ឈឺក្បាល​ដោយសារ​តែ​ឈ្មោះ​នេះ បាន​ប្រ​ព្រឹ​ត្តឹ​បទល្មើស​ជា​ច្រើន​ និង​មាន​ដីកា​ពី​តុលាការ​ជា​បន្តបន្ទាប់​ ។​ ​

ក្នុង​នោះ​ដីកា​ទី១ ​គឺជា​ដីកា​ចាប់​ខ្លួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​កាំភ្លើង​ភ្ជង់​លោក​អភិបាល ស្រុក​កែវ​សីមា​ ស៊ិ​ន វណ្ណ​វុ​ឌ្ឍ កាលពី​ឆ្នាំ​២០១៤ ​និង​ដីកា​ទី​២ ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាញ់​គំរាម​កងកម្លាំង​ចម្រុះ​ ដែល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​នឹង​ផ្ទះ​របស់​គាត់​កាលពី​ស​ប្តា​ហ៍​មុន​នៅ មុន​ពេល​ដែល​គាត់​គេចខ្លួន​បាត់​ ។

ប្រភព​ពី​សាលាដំបូង​ខេត្ត​​ឱ្យ​​ដឹង​ថា តុលាការ​បាន​ចេញ​​ដីកាចាប់ខ្លួន​​ហើយឱ្យ​​តែ​មានរឿង ឱ្យ​​តែ​មិន​ចូលខ្លួន​បំភ្លឺ គឺ​ចេញ​ដីកា​​ចាប់​ហើយ ​។ ​ចំណែក​ការ​ចាប់ខ្លួន ​ឬ​មិន​ចាប់​ មិនមែន​ជា​សមត្ថកិច្ច​របស់​តុលាការ​ទេ ព្រោះ​ទី​១​ពាក់ព័ន្ធ​នឹង​ចៅក្រម​ស៊ើបសួរ និង​ទី​២​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ដីកា ​។ ​ចំពោះ​រឿង​ហ្នឹង​ខាង​ប៉ូលិស​ខាង​ប៉េ​អឹ​ម​បានដឹង​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បើករថយន្ត​ចូល​ក្នុងផ្ទះ​ហើយ​អ្នកបើកបរ​ឈ្មោះ​ថា​ន រិ​ទ្ធី អាយុ២១​ឆ្នាំ​ បាន​ទាញ​ព្រនង់​ប៉ុនប៉ង​វាយ​មន្ត្រី​អាវុធហត្ថ​ដែល​ដេញ​តាម​ ​ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន​ និង​ត្រូវ​ចោទប្រកាន់​ពី​បទ​រារាំង​​សមត្ថកិច្ច​សាធារណៈ​ ហើយ​ត្រូវ​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​​នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ​ដែរ ​។

​រីឯ​​លោក​ស៊ូ ម៉ា​រឹទ្ធ​ ដែល​ជា​អតីតមន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​គឺ​គ្មាន​សិទ្ធិ​កាន់កាប់​អាវុធ​ទៀត​នោះ​ទេ​ ​ប៉ុន្តែ​គាត់​នៅ​មាន​អាវុធ​កាន់​ក៏​ត្រូវ​ចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​ហើយ ដោយ​សារ​តែ​គាត់​រត់គេច​ខ្លួន​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ទៅ​បំភ្លឺ ​។​ក្នុង​ករណី​មិន​ចូល​ គឺ​តុលាការ​នឹង​ចេញ​ដី​បង្គាប់​ឲ្យ​ចូលខ្លួន ​និង​ចុង​ក្រោយ ​គឺ​ដីកា​ឲ្យ​នាំ​ខ្លួន ឬ​ចាប់ខ្លួន ​។ ​ក្រៅពី​បទល្មើស​កាន់កាប់​អាវុធ​ខុសច្បាប់​លោក ស៊ូ ម៉ា​រឹទ្ធ​ក៏​នៅ​មានរឿង​បទល្មើស​ព្រៃឈើ​មួយទៀត​ផង​ដែរ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពុង​តែ​ស្រាវជ្រាវ​ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

នៅ​មុន​ពេល​ដែល​កម្លាំង​ចម្រុះ​ចូល​ឆែកឆេរ​ឃើញ​ឈើ​ប្រណីត​ជាង ២០០ ដុំ​ក្នុងផ្ទះ​នោះ​លោក​ស៊ូ ម៉ា​រឹទ្ធ​បាន​បាញ់​គំរាម​កម្លាំង​សមត្ថកិច្ច​។​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា​ខេត្ត​បាន​ថ្លែង​ថា​លោក ស៊ូ ម៉ា​រឹទ្ធ​មិនមែន​បាញ់​សំដៅលើ​កម្លាំង​សមត្ថកិច្ច​នោះ​ទេ​តែ​លោក​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដោយ​បាញ់​ឡើង​លើ​ដើម្បី​បង្អាក់​និង​រារាំង​កងកម្លាំង​កុំ​ឲ្យ​ចូល​ទៅ​ក្នុងផ្ទះ​របស់​គាត់​នោះ​។

សាធារណៈជន​នានា​កំពុង​តាមដាន​មើល​ពី​ចំណាត់ការ​របស់តុលាការខេត្ត​មណ្ឌលគិរី​ តើ​អាច​នាំ​ខ្លួន​ជន​ប្រ​ព្រឹ​ត្តបទល្មើស​ពេញ​ខ្លួន​ម្នាក់​នេះ ​មក​ជំនុំ​ជម្រះក្តី​តាម​ផ្លូវច្បាប់​ដែរ​ ឬ​យ៉ាងណា​?