អង្គការ​ពីរ​រក​ឃើញ​ថា​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​រុះរើ​ផ្ទះ​ពលរដ្ឋ​១៣​គ្រួសារ​គឺ​ជា​រឿង​អយុត្តិធម៌

ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ​នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង កំពុង​ជួប​ការ​លំបាក​គ្មាន​ទី​ជម្រក​ស្នាក់នៅ​ត្រឹមត្រូវ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ រុះរើ​ផ្ទះ​របស់​ពួក​គាត់​ទាំង​បង្ខំ ដោយ​ពុំ​មាន​សំណង កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ កន្លង​ទៅ។ អ្នក​ភូមិ​អះអាង​ថា ការ​រុះរើ​ផ្ទះ​នេះ បាន​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង ដោយសារ​ពួក​គាត់​មិន​អាច​ចេញ​ទៅ​ប្រកប​ការងារ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ប្រតិកម្ម​ភ្លាមៗ បន្ទាប់​ពី​ចុះ​ស៊ើប​អង្កេត​ដល់​ទីកន្លែង​ដី​ជម្លោះ រក​ឃើញ​ថា សមត្ថកិច្ច​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ គឺ​ជា​រឿង​អយុត្តិធម៌។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា បើ​ទោះ​ជា​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​លើ​ដី​សហគមន៍​ដោយ​ខុស​ច្បាប់​យ៉ាង​ណា​ក៏ដោយ គឺ​សមត្ថកិច្ច​មិន​ត្រូវ​បណ្ដេញ​ពួក​គាត់​ដោយ​គ្មាន​សំណង​នោះ​ទេ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​បាន​ទៅ​តាំង​ទីលំនៅ​លើ​ដី​ចំណុច​ភូមិ​បឹងអំពិល ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ជាង ១០​ឆ្នាំ​មក​ហើយ។

លោក យិន ម៉េងលី ចាត់​ទុក​សមត្ថកិច្ច​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣​ខ្នង​ផ្ទះ​នោះ ថា​ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «អ៊ីចឹង​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ដែល​ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​សហគមន៍​នោះ គឺ​គ្រាន់​តែ​ជា​លេស​មួយ​ទេ ដើម្បី​ឃុបឃិត​គ្នា​យក​ដី​នោះ​ទៅ​លក់​ឲ្យ​ផ្នែក​ណា​មួយ ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន»

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្ដៅ គឺ​លោក ដៀប ផល ថ្លែង​ថា ពួក​គាត់​បាន​តាំង​ទីលំនៅ​លើ​ដី​ដែល​សមត្ថកិច្ច​រុះរើ​ផ្ទះ​នោះ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក។ លោក​បញ្ជាក់​ថា ក្រោយ​ពី​សមត្ថកិច្ច​ផ្ដួល​រំលំ​ផ្ទះ​របស់​ពួក​គាត់​អស់​ទៅ គឺ​គ្មាន​ទី​ជម្រក​សម្រាប់​ស្នាក់នៅ​នោះ​ឡើយ៖ «ខ្ញុំ​បាទ​ចង់​បាន​តែ​ភាព​យុត្តិធម៌​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទេ ពីព្រោះ​សមត្ថកិច្ច​មក​រុះរើ​ផ្ទះ​របស់​ពួក​ខ្ញុំ ដូចជា​ក្រុម​ចោរ​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រុក​អ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៣០​នាក់ ដឹក​នាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាត់ដំបង បាន​ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣​ខ្នង ដោយ​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​បាន​តាំង​ទីលំនៅ​លើ​ដី​សហគមន៍​ដោយ​ខុស​ច្បាប់។

អភិបាល​ស្រុក​រតនមណ្ឌល លោក សើ សាមេត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ​នោះ កន្លង​ទៅ​អាជ្ញាធរ​ស្រុក​ធ្លាប់​ប្រាប់​ពួក​គាត់​ឲ្យ​ចាក​ចេញ​ពី​ដី​នោះ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទទួល​លទ្ធផល។ លោក​បញ្ជាក់​ថា ការ​រុះរើ​នេះ គឺ​ពួក​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រក​ទីកន្លែង​ស្នាក់នៅ​ដោយ​ខ្លួន​ឯង ពីព្រោះ​ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ហាម​ឃាត់​ដោយ​ខុស​ច្បាប់៖ «រឿង​នេះ គឺ​ផុត​ដៃ​របស់​ខ្ញុំ​ទៅ​ហើយ ព្រោះ​អី​ខ្ញុំ​បាន​បញ្ជូន​ទៅ​ខាង​រដ្ឋបាល​ព្រៃ​ឲ្យ​ដោះស្រាយ​អស់​ទៅ​ហើយ»

យ៉ាង​ណា លោក យិន ម៉េងលី អះអាង​ថា កន្លង​មក​ប្រជាពលរដ្ឋ​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក រក​ទីតាំង​ថ្មី ឬ​ផ្ដល់​សំណង​សមរម្យ​ដល់​ពួក​គាត់ តែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ។ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី​៨ កុម្ភៈ បាន​ដាក់​លិខិត​ទៅ​សាលា​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ និង​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ។

អភិបាល​ខេត្ត​បាត់ដំបង លោក ចាន់ សុផល មាន​ប្រសាសន៍​ថា លោក​បាន​ទាក់ទង​ទៅ​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ទាំង​នោះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។