ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​​រាជ​ធានី​ភ្នំពេញ ស្ត្រី​ដើរ​សុំទាន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ត្រូវ​​ប្តី​វាយ​ឱ្យ​​ស្លាប់​ចោល​កូន​២នាក់​នៅ​ក្រោម​ដើម​ពោធិ​ក្នុង​វត្ត​ស្វាយ​ពពែ ​​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៣និង៥០​នាទី​រសៀល​ថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ក្នុង​វត្ត​ស្វាយ​ពពែ ផ្លូវ​សុធារស​ ​សង្កាត់​ទន្លេបាសាក់ ខ​ណ្ដ​ចំការមន ​។

​មន្ត្រី​នគរបាល​​​បាន​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ឡើយ ​អាយុ​ប្រហែល​ជាង៣០​ឆ្នាំ មានកូន​ប្រុសស្រី​២​នាក់​ ​ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​ប្រហែល១​ឆ្នាំ ​​​ជា​អ្នក​ដើរ​សុំទាន និង​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ស្លាប់​នៅ​ក្រោម​ដើម​ពោធិក្បែរ​ព្រះ​វិហារ​ក្នុង​វត្ត​ស្វាយ​ពពែ​ ។ ​ចំណែក​ជន​ដៃ​ដល់​​ជា​​ប្តី​​ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​និង​អត្តសញ្ញាណ​ដែរ​ ​គ្រាន់​តែ​ដឹង​ថា​​មាន​មាឌធំ សម្បុរ​ខ្មៅ អាយុ​ប្រហែល៣៥​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

តាម​ប្រភព​ដដែល​បាន​​បន្ត​​​ថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​និង​កូន​២​នាក់​ ​បាន​​​មក​ស្នាក់​នៅ​​ក្រោម​ដើម​ពោធិ​ក្នុង​វត្ត​នេះ​​​ជាង​មួយ​ខែ​​​ហើយ ​​តែងតែ​ឈ្លោះ​គ្នា​ជា​ប្រចាំ​ហើយ​ពួក​គេ​ទាំង​២នាក់​ក៏​ជា​មនុស្ស​ញៀន​ថ្នាំ​ផង​ដែរ​ ។​ លុះ​មក​ដល់​ម៉ោង៣និង៥០​នាទី​រសៀល​​ គេ​ក៏​​​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​​​ស្លាប់​នៅ​កន្លែង​ស្នាក់​​​​​នៅ​ខាង​លើ​ ​​ហើយ​ក៏​​រាយ​ការណ៍​​​ប្រាប់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ចុះ​​​ពិនិត្យ​​តែ​ម្តង ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​​​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើកោសល្យ​វិ​ច័យ​​សព​ និង​ត្រួត​ពិន​ត្យ​កន្លែង​កើតហេតុ ​បាន​បង្ហាញ​ថា ​ឃើញ​មាន​​ស្នាម​ជាំ​ខ្មៅ និង​របួស​ពេញ​ដងខ្លួន​​ ​ដោយ​សារ​​តែ​​ជន​សង្ស័យ​​ជា​ប្តី​​វាយ​​ដុំ​រហូត​​ដល់​​ស្លាប់​​ ​​។ សព​របស់​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​​​ទៅ​តម្កល់​ទុក​​នៅ​វត្ត​​សំបួរមាស ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕