អគ្គលេខាធិការ​រដ្ឋសភា ស្នើ​មូលនិធិ​ខុនរ៉ាដ ជូ​យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ច្បាប់ និង​នាយកដ្ឋាន​ព័ត៌មាន​

ភ្នំពេញ: ​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ​ឆ្នាំ​២០១៦ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ដេ​នី​ស ស្រាយ​ជ៍ (Denis Schrey) អតីត​ប្រធាន​មូលនិធិ​ខុនរ៉ាដ ដែល​ត្រូវ​ចប់​អាណត្តិ ពី​កម្ពុជា និង លោក រឺ​នេ ហ្គ្រែ​ត​វ៉​ល (Rene Gradwohl) ប្រធាន​ថ្មី នៃ​មូលនិធិ ខុ​រ៉ា​ដ ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​រដ្ឋសភា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ លោក អគ្គលេខាធិការ បាន​សម្តែង​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន របស់លោក​ប្រធាន​មូ​ន​និ​ធិ​ខុនរ៉ាដ​ថ្មី ដែល​ត្រូវបំពេញ​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​មូលនិធិ ដែល​បានផ្តល់​ការគាំទ្រ​និង​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការជួយ​កសាង និង​អភិវឌ្ឍ​សភា​កម្ពុជា​នាពេល​កន្លងមក ក្នុងនោះ​ការជួយ​លើកកម្ពស់​សមត្ថភាព​ផ្នែក​ច្បាប់​ដល់​សមាជិក សមាជិកា​រដ្ឋសភា និង​មន្ត្រី អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​។​

​ជាមួយគ្នានេះ លោក​អគ្គលេខាធិការ ក៏បាន​កោតសរសើរ​ចំពោះ​បេសកកម្ម​ការងារ​ដ៏​ជោគជ័យ របស់លោក ដេ​នី​ស ស្រាយ​ជ៍ ផងដែរ​។ ឆ្លៀតឱកាស​នោះ លោក​អគ្គលេខាធិការ ក៏បាន​ស្នើសុំ​ឲ្យ​មូលនិធិ​ខុនរ៉ាដ បន្ត​ជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​នាយកដ្ឋាន​ព័ត៌មាន របស់​អគ្គ​លេ​ធិ​ការដ្ឋាន​រដ្ឋសភា បន្តទៀត​។​

​ជាការ​ឆ្លើយតប លោក ដេ​នី​ស ស្រាយ​ជ៍ អតីត​ប្រធាន មូលនិធិ​ខុ​រ៉ា​ដ បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​មូលនិធិ នាពេល​កន្លងមក​។ លោក​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហការ​នេះ នឹង​នៅតែ​បន្តទៅ​អនាគត​។ លោក ដេ​នី​ស បាន​គាំទ្រ​ចំពោះ​សំណើ​របស់លោក​អគ្គលេខា​ធិ​ការ​រដ្ឋសភា ហើយ​បាន​អះអាងថា សំណើ​ទាំងនេះ​ស្ថិតនៅក្នុង​ផែនការ​ថ្មី​របស់​មូលនិធិ រួចហើយ​ដោយនៅ​ចាំតែ​ការអនុវត្ត​ប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ លោក រឺ​នេ ហ្គ្រែ​ត​វ៉​ល អ្នក​ត្រូវ​បន្តវេន​ជា​ប្រធាន​ថ្មី នៃ​មូលនិធិ​ខុនរ៉ាដ ប្រចាំ​នៅ​កម្ពុជា​វិញ បាន​លើកឡើងថា លោក​មាន​ក្តី​សោមនស្ស រីករាយ​ដែល​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា ហើយ​លោក​ប្តេជ្ញាចិត្ត នឹង​បន្ត​បេសកកម្ម​របស់​មូលនិធិ​ខុនរ៉ាដ ក្នុង​ការជួយ​គាំទ្រ​ដល់​សភា​កម្ពុជា ឲ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ និង​ទទួល បាន​លទ្ធផល​ជា​ផ្លែផ្កា បន្ថែមទៀត​។​

​សូមបញ្ជាក់ថា មូលនិធិ​ខុនរ៉ាដ ប្រចាំ​នៅ​កម្ពុជា ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​សំខាន់​មួយ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​។ អង្គការ​នេះ​មាន​បេសកកម្ម ផ្តោតលើ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស​៕

អគ្គលេខាធិការ​រដ្ឋសភា ស្នើ​មូលនិធិ​ខុនរ៉ាដ ជូ​យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ច្បាប់ និង​នាយកដ្ឋាន​ព័ត៌មាន​

អគ្គលេខាធិការ​រដ្ឋសភា ស្នើ​មូលនិធិ​ខុនរ៉ាដ ជូ​យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ច្បាប់ និង​នាយកដ្ឋាន​ព័ត៌មាន​