អង្កការ ខុនរ៉ាដ របស់អាល្លឺម៉ង់បន្តគាំទ្រ និងលើកកម្ពស់ ការងារនីតិកម្ម រដ្ឋសភា

ភ្នំពេញ៖ ប្រធានមូលនីធិថ្មី របស់ខុនរ៉ាដ ប្រចាំនៅកម្ពុជា  របស់អាល្លឺម៉ង់បានអះអាងអង្កការរបស់លោកនៅតែបន្តជួយដល់គណៈកម្មការចំនួនពីររបស់ រដ្ឋសភាកម្ពុជា។

 ការអះអាងរបស់ប្រធានអង្កការនេះក្នុងជំនួបពិភាក្សាជាមួយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដឹកនំាដោយលោកប៉ែន បញ្ញា ប្រធាននិង គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ នៅវិមានរដ្ឋសភា ។

យោងតាមគេហទំព័រហ្វេសប៊ុករដ្ឋសភាបានឲ្យដឹងថាក្នុងជំនួបពិភាក្សា លោក ដេនីស ស្រាយជ៍ (Denis Schrey)ប្រធាន មូលនីធិខុនរ៉ាដ អាឌិនណៅអ៊ែរ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ និង លោក រឺនេ ហ្រ្គែតវ៉ល (Rene Gradwohl) ប្រធានថ្មី នៃមូលនីធិខុនរ៉ាដបានលើកឡើង ផ្តោតសំខាន់លើ ការអនុវត្តគម្រោងជំនួយ របស់មូលនីធិខុនរ៉ាដ បន្តទៀត ដល់គណៈកម្មការជំនាញរបស់រដ្ឋសភាទំាងពីរខាងលើ គឺ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លើការងារនីតិកម្ម។

 លោក រឺនេ ហ្រ្គែតវ៉ល ប្រធានមូលនីធិថ្មី របស់ខុនរ៉ាដ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា« ខុនរ៉ាដ នៅតែបន្តគាំទ្រ ដល់គណៈកម្មការទំាងពីរខាងលើ តាមសំណូមពរ បន្តទៀត។ មូលនីធីខុនរ៉ាដ បានជួយគំាទ្រ គណៈកម្មការជំនាញទំាងពីររយៈពេល៤ឆ្នាំមកហើយ»។

លោកថា មូលនីធិខុនរ៉ាដ គឺជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយ មកពីប្រទេសអាល្លឺម៉ង់ហើយអង្កការនេះ ផ្តល់ ជំនួយដល់ រដ្ឋសភាកម្ពុជា  ផ្តោតជាសំខាន់ ការយកចិត្តទុកដាក់លើចំនុចចំនួនបី គឺការធ្វើវិសោធនកម្មច្បាប់ ការតាក់តែងច្បាប់ និង ការពិនិត្យ សិក្សាច្បាប់ ដែលស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើគោលនយោបាយ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការពង្រឹងសមត្ថភាពច្បាប់។

ចំណែកបណ្ឌិត ប៉ែន បញ្ញា និង លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ស្វាគមន៍ ចំពោះការបន្តគម្រោងគំាទ្រដល់ គណៈកម្មការជំនាញ របស់រដ្ឋសភាបន្តទៀត របស់មូលនីធិខុនរ៉ាដ។ លោកទំាងពីរលើកឡើងបានថ្លែងអំណរគុណចំពោះ ខុនរ៉ាដ និងរដ្ឋាភិបាលអាល្លឺម៉ង់ ក៏ដូចជាលោកប្រធាន ខុនរ៉ាដ ដែលចប់អាណត្តិ ដែលបានខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងខុនរ៉ាដ និងរដ្ឋសភាកម្ពុជា ដើម្បីឲ្យមានជំនួយជាបន្តបន្ទាប់ ក្នុងការពង្រឹង សមត្ថភាពនីតិកម្មនេះ។

លោកប៉ែន បញ្ញា បានគូសបញ្ជាក់ថា« ការត្រួតពិនិត្យ ដើម្បីធ្វើវិសោធនកម្មច្បាប់មួយៗ ដែលបានអនុវត្តន៍កន្លងមក ជាកិច្ចការលំបាកមួយ ពីព្រោះតម្រូវឲ្យមានការសិក្សាល្អិតល្អន់ ស្តាប់មតិយោបល់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេសអ្នកអនុវត្តច្បាប់ ពីព្រោះថាវិសោធនកម្មគឺកែប្រែច្បាប់ឲ្យស្រប ទៅតាម ការវិវឌ្ឍន៍របស់សង្គម»។

លោកបន្តថា ពីភារកិច្ចចំពោះមុខដែលការងារនីតិកម្ម របស់រដ្ឋសភាកំពុងផ្តោតការយកទុកដាក់ ក្នុងនោះរដ្ឋសភា កំពុង សិក្សាស្រាវជ្រាវ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលមានមជ្ឈដ្ឋានជាច្រើន នៅមិនទាន់យល់ច្បាស់ពីអត្ថន័យ និងអត្ថប្រយោជន៍សេចក្តីព្រាងច្បាប់ នេះ នៅឡើយ៕

អង្កការ ខុនរ៉ាដ របស់អាល្លឺម៉ង់បន្តគាំទ្រ និងលើកកម្ពស់ ការងារនីតិកម្ម រដ្ឋសភា