ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ​តាម​បណ្តោយ​ផ្លូវដែក​នៅ​ស្ងៀម ទុក​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩​ខែមករា​នេះ បានចេញ​មុខ​ស្នើ​ជាថ្មី​ម្តងទៀត ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ផ្លូវដែក ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​ទុកពេល​ឲ្យ​រាជរដ្ឋាភិបាល ពិនិត្យ ពិចារណា​រក​ដំណោះស្រាយ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ បាន​សរសេរ​យ៉ាងនេះ​ថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​រក្សា​ភាព​ស្ងប់ស្ងៀម បន្ត​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ជាធម្មតា ទុក​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល ពិនិត្យ ពិចារណា​រក​ដំណោះស្រាយ​ណាមួយ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​»​។ ជាមួយគ្នា​នោះ ក្រសួង​សាធារណការ​ក៏បាន​ប្រកាស​ធានា​អះអាង​ពី​ជំហរ ក្នុងការ​រៀបចំ​វេទិកាសាធារណៈ នៅពេល​រដ្ឋាភិបាល​សម្រេច​ចិត្ត​ផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ណាមួយ ក្នុងចំណោម​ក្រុមហ៊ុន​ពីរ​ដែល​បាន​ស្នើសុំ​វិនិយោគ​។

​សំណើ​របស់​ក្រសួង​សាធារណការ ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រមូល​ផ្តុំគ្នា​រប​ស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ផ្លូវដែក​។ ពួកគេ​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​លំនៅឋាន និង​គោលការណ៍​ដោះស្រាយ ហើយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល រៀប​ចំការ​វេទិកាសាធារណៈ​សម្តែង​មតិ មុន​សម្រេចចិត្ត​ដំណើរការ​សាងសង់​។​
ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ​តាម​បណ្តោយ​ផ្លូវដែក​នៅ​ស្ងៀម ទុក​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​

​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន ជា​គម្រោង​ដែល​ត្រូវ​សាងសង់​លើផ្លូវ​ដែក​ដែលមាន​ស្រាប់ ពី​ស្ថានីយ​ផ្លូវដែក​ភ្នំពេញ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ រដ្ឋាភិបាល​ចាត់ទុក​គម្រោង​នេះ​ថា នឹង​នាំមក​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ក្រុង​ដ៏​ល្អ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ មាន​ផលប៉ះពាល់​តិចតួច​ទៅដល់​បរិស្ថាន និង​សង្គម ហើយក៏​ផ្តល់​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ចជាតិ​ដែរ​។ ក្រសួង​សាធារណការ បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​នេះ ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការសិក្សា​នៅឡើយ ហើយ​ក្រសួង​ក៏​ស្វាគមន៍ ចំពោះ​មតិយោបល់ ក្នុងន័យ​ស្ថាបនា ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជាធំ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​