ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ មុខស​ញ្ញា​ជួញដូរ និងប្រើប្រាស់​គ្រឿងញៀន​៣​នាក់ ត្រូវ​បាន​​​ប៉ូលិស​ប៉ុស្តិ៍សំរោង​ក្រោម​ចាប់​​ឃាត់ខ្លួន​ ចំណែក​បក្សពួក​ម្នាក់​ទៀតដែល​ជា​មេខ្លោង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភ​: ឆ្នាំ​២០១៦ ​ខណ​:​​​​ក្រុម​ជនសង្ស័យ​​​ធ្វើ​សកម្មភាពជួញដូរ​និង​ប្រើប្រាស់គ្រឿងញៀន​​ ស្ថិត​ក្នុង​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ ។​

ជនសង្ស័យ​​ទាំង​៣នាក់​ខាងលើ​​នេះ ​មាន ១​-ឈ្មោះ​ ម៉​ន វិចិត្រ អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ខាងលើ និង​មានស្រុក​កំណើត ​​​​ខេត្តព្រៃវែង​ ២-ឈ្មោះ ថន រដ្ឋា អាយុ​២៦​ឆ្នាំ ​ជា​កម្មករ​សំណង់ស្នាក់​នៅភូមិ​កា​កាប ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ​និង​៣-​ឈ្មោះ រិ​ន ប្លោក ​អាយុ​២១​ឆ្នាំ ស្នាក់​នៅក្នុងភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ។ ចំណែក​​វត្ថុ​តាង ដែល​ដកហូត​បាន មាន​​ ម៉ូតូ​​១​គ្រឿង​​ថ្នាំ​ញៀន​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។​

ក្រោយ​ពេល​ចាប់ខ្លួន​ ប៉ូលិស​បាន​នាំ​ក្រុម​ជនសង្ស័យ​ទាំងនោះទៅ​ធ្វើការ​សាកសួរ ​និង​កសាង​សំណុំរឿងដើម្បី​បញ្ជូន​ទាំង​មនុស្សនិង​វត្ថុ​តាង​ទៅ​​​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕