ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​មូលដ្ឋាន​ថ្លែង​ថា ក្មេង​ស្រី​សិស្សសាលា​ម្នាក់​ឈ្មោះ​ហេង ស្រី​កា អាយុ​៩​ឆ្នាំ ស្នាក់​នៅ​មណ្ឌលកុមារ​កំព្រា​អរុណ​រៈ ចំណុច​ចៃ​ឆ្កែ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដែល​ប្រភព​អះអាង​បណ្តោះអាសន្ន​ថា ជា​ជន​បុរស​ជនបរទេស​ចាប់​ដាក់​រថយន្ត​ឡិច​ស៊ី​ស​470 ពណ៌​ស មួយ​គ្រឿង (​មិន​ចាំ​ស្លាក​លេខ​) បើក​យក​ចេញ​ទៅ​បាត់ កាលពី​វេលា​ម៉ោង​ជិត​12​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ កុម្ភៈ ២០១៦ ។

ក្មេង​ស្រី​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ​ឃិ​ន ហ៊ាន អាយុ​២៧​ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ក់ អូន អាយុ​៣០​ឆ្នាំ ជា​កសិករ​ក្រីក្រ រស់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់​។

មិន​ទាន់​មាន​សេចក្តី​បញ្ជាក់​ផ្លូវការ​ពី​សមត្ថកិច្ច​លើ​រឿងហេតុ​ការណ៍​នេះ​ថា ជា​បញ្ហា​អ្វី​ជាក់លាក់​នៅឡើយ ដោយសារ​ថា ការ​ស៊ើបអង្កេត​កំពុង​ត្រូវ​បាន​ធ្វើ​យ៉ាង​សកម្ម ដើម្បី​ស្រាវ​រក​ក្មេង​ស្រី​រង​គ្រោះ និង​អ្នក​ពាក់ព័ន្ធ ខណៈ​ដែល​ឪពុក​មា្ត​យ​ក្មេង​ស្រី​រង​គ្រោះ​អំពាវនាវ​ឱ្យ​គ្រប់​ស្ថាប័ន​ជួយ​រក​កូនស្រី​គាត់​ត្រឡប់​មក​វិញ​ផង​។ 

ប្រភព​ក្រៅផ្លូវការ​ថា  មាន​ជន​មិន​ស្គាល់​មុខ​មក​លួង​ក្មេង​ស្រី​រង​គ្រោះ ហើយ​ជន​នោះ​ក៏​ចាប់​ដាក់​រថយន្ត​ចេញ​ទៅ​បាត់​តែ​ម្តង​... ។