Ronaldo ចង់​លេង​ឲ្យ​ចប់​កុងត្រា​​ជាមួយ Real Madrid មុន​សម្រេច​ចិត្ត​បន្ទាប់

តារា​បាល់​ទាត់​ដ៏​ល្បីល្បាញ Christiano Ronaldo បាន​ឲ្យ​ដឹង​ថា រូប​គេ​មាន​បំណង​ចង់​លេង​ឲ្យ​ក្លិប Real Madrid រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត ពោល​គឺ​ឲ្យ​ផុត​កុងត្រា​សិន​ មុន​ពេល​សម្រេច​ចិត្ត​ថា ត្រូវ​ធ្វើ​អ្វី​បន្ទាប់​មក​ទៀត។

ronaldoកិច្ច​សន្យា​បច្ចុប្បន្ន​រវាង​ Ronaldo ជាមួយ​នឹង​ក្លិប​យក្ស​អេស្បាញ​នេះ​នឹង​ត្រូវ​ផុត​នៅខែ​មិថុនា ឆ្នាំ ២០១៨ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​ការ​លើក​ឡើង​ជាច្រើន​ទាក់​ទិន​នឹង​អនាគត ដែល​ក្នុង​នោះ​ ​មាន​ការ​លើក​ឡើង​មួយ​ថា Ronaldo អាច​នឹង​ត្រូវ​បញ្ចប់​កុងត្រា​របស់​គេ​មុន​ការ​កំណត់។ ទោះ​ជា​យ៉ាង​ណា​ក្តី អតីត​ខ្សែ​ប្រយុទ្ធ​បិសាចក្រហម​ដែល​ទើប​តែ​គ្រប់​វ័យ ៣១ ឆ្នាំ កាល​ពី​សប្តាហ៍​មុន​រូប​នេះ​ បាន​ប្រកាស​ពី​បំណង​ចង់​លេង​ឲ្យ​ចប់​កុងត្រា​ឲ្យ​ Real Madrid សិន មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ នឹង​ទៅ​ណា​បន្ត​ទៀត។

នៅ​ក្នុង​ពិធី​ទទួល​រង្វាន់ Pichichi សម្រាប់​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង​គេ​ក្នុង​ក្របខណ្ឌ La Liga កាល​ពីថ្ងៃចន្ទ Ronaldo បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​នៅ​ទីនេះ (Real Madrid) រយៈ​ពេល​ពីរ​ឆ្នាំទៀត ហើយ​បន្ទាប់​មក​ទើប​ ខ្ញុំ​ចាប់​ផ្តើម​គិត​ពី​អនាគត​បន្ត។ វា​គឺ​ជា​កិច្ច​សន្យា​ដែល​ខ្ញុំ​បាន​ព្រមព្រៀង ហើយ​សម្រាប់​ពេល​ឥឡូវ​នេះ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ ព្យាយាម​​ឈ្នះ​ពាន​រង្វាន់​ឲ្យ​បាន​ច្រើន ព្រម​ទាំង​ពាន Champions League ម្តង​ទៀត​ផង​ដែរ»។​ តារាបាល់ទាត់​អន្តរជាតិ​សញ្ជាតិ​ព័រទុយហ្កាល់​រូប​នេះ​បាន​បន្តថា៖ «ខ្ញុំ​បាន​ចំណាយ​ពេល​ ៧ ឆ្នាំ​នៅ​ក្នុង​ប្រទេស​អេស្បាញ​ ហើយ​សម្រាប់​ខ្ញុំ ក្របខណ្ឌ La Liga គឺ​ជា​ក្របខណ្ឌ​ដែល​ល្អ​ជាង​គេ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ ៦​ឆ្នាំ​ក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​លេង​ឲ្យ​ក្លិប​ Manchester ហើយ​ខ្ញុំ​យល់​ថា ក្របខណ្ឌ​នេះ (Premier League) គឺជា​ក្រប​ខណ្ឌ​ដ៏អស្ចារ្យ មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ និង​សំបូរ​ទៅ​ដោយ​កីឡាករ​ល្អៗ។ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ​ដែល​បាន​លេង និង​បន្សល់​កេរ្តិ៍ ឈ្មោះ​នៅទីនេះ» ។ Ronaldo បាន​រក​គ្រាប់​បាល់​​បាន ៤៨ គ្រាប់​នៅ​ក្នុង​រដូវកាល​មុន ដែល​បាន​ធ្វើ​ឲ្យ​គេ​ឈ្នះ​ពានរង្វាន់ Pichichi ជា​លើក​ទី​ ៣ ​នៅ​ក្នុង​អាជីព​របស់​គេ៕​