ក្រសួង​អភិវឌ្ឍន៍​ជនបទ​បង្កើត​ក្រុម​ការងារ​តាមដាន​បណ្ដឹង​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា បាន​តែងតាំង​មន្ត្រី ៥​រូប ឲ្យ​តាមដាន​បណ្ដឹង សំណូមពរ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​វិស័យ​អភិវឌ្ឍន៍​ជនបទ។

សេចក្ដី​សម្រេច​របស់​លោក ជា សុផារ៉ា ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា មន្ត្រី​ទាំង ៥​រូប ដែល​ចាំ​តាមដាន​នោះ​មាន​តួនាទី​ពី​ថ្នាក់​រដ្ឋលេខាធិការ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ មន្ត្រី​ខុទ្ទកាល័យ អនុប្រធាន​ការិយាល័យ​សម្ភារៈ និង​អនុប្រធាន​ការិយាល័យ​កិច្ចការ​ទូទៅ។

ការ​បង្កើត​ក្រុម​ការងារ​នេះ ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ កាល​ពី​ថ្ងៃ​ទី​០៨ កុម្ភៈ ទៅ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ឲ្យ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​លើ​បញ្ហា​នានា​ដែល​សព្វ​ថ្ងៃ​លោក​ទទួល​បាន​ព័ត៌មាន​ចម្រុះ រួម​ទាំង​ពាក្យ​បណ្ដឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

សេចក្ដី​ណែនាំ​ដដែល​បាន​តម្រូវ​ឲ្យ​ចាត់​តាំង​ក្រុម​ការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​លោក​បាន​ទទួល​ផ្ទាល់​ក្នុង​ប្រអប់​សំបុត្រ​ហ្វេសប៊ុក​ពី​ប្រជាពលរដ្ឋ។

ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បង្អួត​ពី​ប្រជាប្រិយភាព​ហ្វេសប៊ុក របស់​លោក ក្រោយ​ពី​លោក​ទទួល​បាន​អ្នក​ចុច​ចូលចិត្ត (Like) ជាង ២​លាន​នាក់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ណែនាំ​របស់​លោក ហ៊ុន សែន ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​តាមដាន​សំណូមពរ​របស់​ពលរដ្ឋ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ពេល​នេះ ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​ចំណេញ​នយោបាយ។ ពួកគេ​ថា វិធានការ​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។