មន្ត្រី​សង្ឃ​ខេត្តកំពង់ស្ពឺ បាន​បណ្តេញ​ព្រះសង្ឃ​ទាំង​១៣​អង្គ ចេញពី​វត្ត​ជា​ផ្លូវការ​

​នៅ​ទី​ផុត ព្រះសង្ឃ ទាំង​១៣ អង្គ​គង់នៅ​វត្ត ជ្រៃ​ហូរ​ព្នៅ ស្ថិតនៅក្នុង​ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវបាន​មន្ត្រី​សង្ឃ សម្រេច​បណ្តេញចេញ​ជា​ផ្លូវការ​ហើយ​។ ប៉ុន្តែ​ជាមួយគ្នានេះ ព្រះគ្រូ​ចៅអធិការ នៅតែ​ផ្តល់ឱកាស​ដល់​ព្រះសង្ឃ​ទាំងនោះ ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន តែ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិនត្រូវ​បង្កចលាចល​ណាមួយ​ឡើយ​។​

​ក្រោយ​កិច្ចប្រជុំ​លើកចុងក្រោយ ដោយមាន​វត្តមាន​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ផង​នោះ ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ បានសម្រេច ឲ្យ​ព្រះសង្ឃ​ទាំង​១៣ ចាក​ចេញពី​វត្ត​អារាម​។ ព្រះសង្ឃ​ទាំង​១៣​អង្គ រួមទាំង​បរិស័ទ​មួយចំនួន បាន​ហៅ​សេចក្តីសម្រេច​នេះ ថា​អំពើ​អយុត្តិធម៌​។

​ព្រះ​ភិក្ខុ កើត ផល ស្ថិត​ក្នុងចំណោម​ព្រះសង្ឃ​ទាំង​១៣​អង្គ​ដែល​ត្រូវបាន​បណ្តេញចេញ​នោះ  បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃនេះ​ថា ការសម្រេច​របស់​មន្ត្រី​សង្ឃ គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ ព្រះអង្គ​ថា ក្នុង​កិច្ចប្រជុំ​នោះ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បានផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ទៅដល់ ព្រះ​មេគណ​ខេត្ត ព្រះនាម ឌូ វណ្ណ​ឌឿ​ន  ដូច្នេះ ព្រះ​គណ​អង្គ ក៏​លើក​ហេតុផល​ផ្សេងៗ មុខ​នឹង​សម្រេច​ដេញ​ព្រះសង្ឃ​ចេញពី​វត្ត​។

​ព្រះអង្គ បាន​មាន​សង្ឃ​ដី​ទៀតថា ក្នុង​កិច្ចប្រជុំ​នោះ ក្រុមព្រះ​អង្គ​ពុំ​ត្រូវបាន អនុញាត​ឲ្យ​បញ្ចេញមតិ​ឬ​ការបកស្រាយ​អ្វី​ឡើង ក្រៅតែពី​ស្តាប់​នូវ​ការរៀបរាប់​របស់​ព្រះ​មេគណ ហើយ​ក្រោយមក ក៏​បណ្តេញចេញ​តែម្តង​។ ព្រះ​តេជគុណ​អង្គ​នេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​គេ​ឥត​ឲ្យ​ពួក​អាត្មា​និយាយ​អ្វី​ទេ​។ ក្នុង​កិច្ចប្រជុំ គេ​ចោទ​យកតែ​ម្តង ថា​ពួក​អាត្មា​មិន​ស្តាប់បង្គាប់​គេ ប្រឆាំងនឹង​គេ​។ ឥឡូវ​ហ្នឹង គេ​ឯកភាពគ្នា ឲ្យ​ពួក​អាត្មា​ចេញ​ហើយ តែ​គេ​ទុក​ឱកាស​ឲ្យ​ពួក​អាត្មា​នៅ​បណ្តោះអាសន្ន​សិន​»​។​

​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មី​មិនអាច​សុំ​អត្ថាធិប្បាយ​ពី​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រ​សូង​ធម្មការ​និង​សាសនា បានឡើយ ដោយសារតែ ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​លោក​មិន​ព្រម​ទទួល​។​

​សូមបញ្ជាក់ថា ជម្លោះ​នេះ បាន​ផ្ទុះ​ឡើយ ដោយសារតែ​ព្រះគ្រូ​ចៅអធិការ ព្រះនាម ប៊ូ ពុ​ទ្ធី​ណា បញ្ជា​ឲ្យ​ព្រះសង្ឃ​ជា​កូន​ម្ចាស់​ស្រុក​ចំនួន ១៣​អង្គ ចាក​ចេញពី​វត្ត កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​ហេតុផល​ថា ព្រះសង្ឃ​ទាំងនោះ មិន​ព្រម​ស្តាប់បង្គាប់ ហើយ​តែងតែ​ប្រទូស្ត​រាយ​ជាមួយ​ព្រះគ្រូ​ចៅអធិការ​ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​