កម្មករ​២០​នាក់​សន្លប់​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល

កម្មករ ២០​នាក់​នៅ​រោងចក្រ​កាត់ដេរ ឈ្មោះ សាន់ស្តូន (Sunstone Garment) ស្ថិត​នៅ​ក្នុង​ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល បន្ទាប់​ពី​ពួក​គេ​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ។

កម្មករ​នៅ​រោងចក្រ​កាត់ដេរ សាន់ស្តូន ដែល​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល ឱ្យ​ដឹង​ថា ពួក​គាត់​ដួល​សន្លប់​បន្ត​បន្ទាប់​គ្នា​ពេល​ធ្វើការ​បាន​ប្រហែល​មួយ​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ។

កម្មការិនី​ឈ្មោះ ជីប ស្រេង ថ្លែង​ថា ការ​ដួល​សន្លប់​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៨​ព្រឹក ហើយ​កញ្ញា​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ។ ប៉ុន្តែ​កញ្ញា​ធំ​ក្លិន​ឈ្ងៀម​ស្រដៀង​គ្នា​នឹង​ក្លិន​ឆេះ​ម៉ាស៊ីន​ពេល​ចូល​ទៅ​ធ្វើការ​នោះ៖ «មុន​ដំបូង​វា​ធុំក្លិន ធុំក្លិន​ទៅ​ខ្ញុំ​រាង​វិល​មុខ ចុក​ដើម​ទ្រូង។ ខ្ញុំ​ដេរ​ខោ​បាន​មួយ ខ្ញុំ​ងើប​មក​ក្រោយ​រក​ប្រេង​កូឡា​ហិត ហិត​ហើយ​ទៅ​តែ​ម្ដង។ ពេល​គេ​បញ្ជូន​មក​ពេទ្យ​នេះ​បាន​ដឹង​ខ្លួន​គេ​ដាក់​សេរ៉ូម»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ឆាន ចន្ធី ឱ្យ​ដឹង​ថា រោងចក្រ​នេះ​មិន​មាន​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទេ ប៉ុន្តែ​ក្លិន​ឈ្ងៀម​ជ័រ៖ «ពេល​ហ្នឹង​ខ្ញុំ​រាង​ធុំក្លិន​ឈ្ងៀម​ជ័រ គេ​ចំហុយ​ពុម្ព ដែល​គេ​កាត់​ពុម្ព​ដេរ​នោះ ឈឺ​ក្បាល ហើយ​ត្រជាក់​ដៃ​ជើង សន្លប់»

នាយ​សាល​រង​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ខេត្ត​កណ្ដាល វេជ្ជបណ្ឌិត ហ៊ឹម សុភន់ បញ្ជាក់​ថា ក្រុម​កម្មករ​សន្លប់ ដែល​លោក​បាន​ទទួល​ព្យាបាល​ទាំង​នេះ មាន​អាការ​សន្លឹម ឬ​សន្លប់ ខ្លះ​ទៀត​តឹង​ទ្រូង និង​ថប់ៗ​ដង្ហើម។ លោក​ព្យាបាល​ដោយ​វិធី​សង្គ្រោះ​បន្ទាន់ ដាក់​អុកស៊ីហ្សែន (Oxygen) និង​ពិនិត្យ​ឈាម​រក​មូលហេតុ។

លោក​វេជ្ជបណ្ឌិត ហ៊ឹម សុភន់ ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ លោក​បាន​ទទួល​ព្យាបាល​កម្មករ​ចំនួន ១៥​នាក់ នៃ​រោងចក្រ​សាន់ស្តូន ម្ដង​ហើយ​ក្នុង​ករណី​សន្លប់​ដូច​គ្នា​នេះ។ លទ្ធផល​ឈាម​បង្ហាញ​ថា អ្នក​សន្លប់​ទាំង​នោះ​មួយ​ចំនួន​តូច​មាន​បញ្ហា​ខ្វះ​ជាតិ​ស្ករ និង​កាល់ស្យូម៖ «រក​ឃើញ​ជួន​កាល ១០​នាក់​ឃើញ ២ ឬ ៣​នាក់​ខ្វះ​កាល់ស្យូម​តិចតួច។ អា​ហ្នឹង​ជួនកាល​ធ្វើ​យប់​អត់​ងងុយ ដេក​មិន​គ្រប់គ្រាន់ និង​ការ​ហូប​ចុក​ត្បិតត្បៀត។ អ៊ីចឹង​វា​អាច​ខ្វះ​ហើយ។ បើ​យើង​ហូប​ឱ្យ​ឆ្អែតៗ ហើយ​សម្រាក​ពេញៗ ភ្នែក អត់​អី​វិញ​ទេ។ ក្រៅ​ពី​ហ្នឹង​រក​ហេតុផល​មិន​ឃើញ។ ជួន​កាល​អារម្មណ៍​ឃើញ​មួយ​ដួល ដួល​ទ្រេល​ទាំង​អស់​ដូច​ដប​អ៊ីចឹង ឃើញ​មួយ​ដួល​ដួល​ដែរ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ភាគ​ច្រើន​រក​អត់​ឃើញ​អី​ទេ»

កម្មករ​ Sunstone Garment សន្លប់ ៨៥៥ ២០១៦
កម្មករ​រោងចក្រ​កាត់ដេរ សាន់ស្តូន (Sunstone Garment) ស្ថិត​នៅ​ក្នុង​ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល បន្ទាប់​ពី​ពួក​គេ​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Leng Maly

ចំពោះ​ករណី​កម្មករ​ដួល​សន្លប់​ចំនួន ២០​នាក់ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ លោក​នៅ​រង់ចាំ​លទ្ធផល​ពិនិត្យ​ឈាម​ពី​មន្ទីរ​ពិសោធន៍​នៅ​ឡើយ ព្រោះ​អ្នក​សន្លប់​មាន​ចំនួន​ច្រើន។ វេជ្ជបណ្ឌិត ហ៊ឹម សុភន់ ថ្លែង​ថា ករណី​សន្លប់​បែប​នេះ អ្នក​ជំងឺ​អាច​បាន​ធូរ​ស្បើយ​វិញ ក្នុង​រយៈ​ពេល​ពី ៣ ទៅ ៤​ម៉ោង​បន្ទាប់​ពី​ការ​ព្យាបាល។ ចំពោះ​អ្នក​ដែល​មាន​អាការ​ធ្ងន់ធ្ងរ អាច​បាន​ធូរ​ស្បើយ​វិញ​ក្នុង​រយៈ​ពេល ៨​ម៉ោង។ រហូត​មក​ដល់​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល កម្មករ​សន្លប់​ប្រហែល​ពាក់​កណ្ដាល បាន​ធូរ​ស្បើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

ទាក់ទង​នឹង​បញ្ហា​កម្មករ​សន្លប់​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រក​ការ​បញ្ជាក់​ពី​មន្ត្រី​រោងចក្រ សាន់ស្តូន បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ។

ដោយ​ឡែក​កម្មការិនី​ឈ្មោះ វ៉ាន់ ស្រីរ៉ែន ជា​មេក្រុម​ផ្នែក​ដេរ នៃ​រោងចក្រ​សាន់ស្តូន នេះ ថ្លែង​ពេល​ដឹង​ខ្លួន​វិញ​ថា អ្នកស្រី​បាត់​ស្មារតី​បន្ទាប់​ពី​ឃើញ​កូន​ក្រុម​មួយ​ចំនួន​សន្លប់។ អ្នកស្រី​បញ្ជាក់​ថា នៅ​កន្លែង​ធ្វើការ​មាន​បរិយាកាស​ល្អ​ទេ ប៉ុន្តែ​ការ​សន្លប់​អាច​បណ្ដាល​មក​ពី​ការ​ភ័យ​ត​គ្នា៖ «មក​ពី​ម្សិលមិញ​មាន​ក្លិន​តិចតួច។ ដល់​ពេល​ក្លិន​ហ្នឹង​សន្លប់​ម្នាក់​ហើយ បបួល​គ្នា​ចេញ​ពី​រោងចក្រ​អស់​ហើយ។ ពេល​ឃើញ​ម្នាក់​ហ្នឹង​សន្លប់ ហើយ​ចេះ​តែ​ភ័យ ចេះ​តែ​សន្លប់​តាម​គ្នា​អ៊ីចឹង​ទៅ។ ពេល​ព្រលឹម​ឡើង​អត់​មាន​បញ្ហា​អី​ផង ស្រាប់​តែ​ខ្ញុំ​កំពុង​តែ​បង្រៀន​កូន​ចៅ ស្រាប់​តែ​ឃើញ​គេ​សន្លប់​មួយ មួយ​ហើយ​មួយ​ទៀត​តាម​គ្នា​អ៊ីចឹង​ទៅ។ គេ​ឱ្យ​ចេញ​ក្រៅ​មក​អស់​ដែរ។ តែ​សន្លប់​នៅ​ក្រៅ ឃើញ​គ្នា​សន្លប់​ចេះ​តែ​សន្លប់។ អត់​មាន​បញ្ហា​អី​ទេ​ព្រឹក​មិញ​ហ្នឹង​នោះ។ តាម​ការ​ពិត​អត់​អី​ទេ។ រោងចក្រ​គេ​ហ្នឹង​ស្អាត»

ករណី​កម្មករ​សន្លប់ នៅ​ពេល​បំពេញ​ការងារ​ក្នុង​រោងចក្រ តែង​កើត​មាន​ជា​រឿយៗ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ប.ស.ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​ស្ថាប័ន​ធានា​ដល់​កម្មករ​ពេល​មាន​គ្រោះថ្នាក់​ការងារ បង្ហាញ​របាយការណ៍​នៅ​ពាក់​កណ្ដាល​ខែ​មករា ថា ករណី​រោងចក្រ​ដែល​មាន​កម្មករ​សន្លប់​បាន​ថយ​ចុះ នៅ​ក្នុង​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។