ទាហាន​ថៃ​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​នៅ​ជាយដែន​នា​ខេត្ត​ប៉ៃលិន

ទាហាន​ថៃ ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​របស់​គាត់​នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ អ្នក​ស្រុក​អះអាង​ថា ទាហាន​ថៃ ឃាត់​ពួក​គាត់​មិន​ឲ្យ​ដាំ​ដុះ ដោយ​លើក​ហេតុ​ផល​ថា ដី​នោះ​ស្ថិត​ក្នុង​តំបន់​ស មិន​ទាន់​ដោះស្រាយ​ឲ្យ​ទៅ​ខាង​ភាគី​ណា​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ម្ចាស់​ដី​នៅ​ក្រុង​ប៉ៃលិន ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​ហាម​ឃាត់​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ នេះ ថា​ជា​ការ​រំលោភ​បំពាន​លើ​ដែនដី​របស់​ខ្មែរ។

ពលរដ្ឋ​រស់នៅ​សង្កាត់​បរយ៉ាខា លោកស្រី ហ៊ាន សុខុម ថ្លែង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ ប្រមាណ ២០​នាក់ បាន​ហាម​ឃាត់​លោកស្រី​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​របស់​គាត់​ប្រមាណ ៣​ហិកតារ នៅ​ចំណុច​ភូមិ​បរហ៊ុយ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន នោះ​ទេ។ លោកស្រី​អះអាង​ថា ដី​នោះ​លោកស្រី​បាន​ដាំ​ដំឡូងមី និង​ពោត​តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ ដោយ​ពេល​ខ្លះ ទាហាន​ថៃ ថែម​ទាំង​បាន​ជួយ​ដាំ​ដំឡូង​លោកស្រី​នៅ​លើ​ដី​នោះ​ទៀត​ផង។ លោកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ដី​ទំនាស់​នោះ​ឲ្យ​បាន​ឆាប់ ដើម្បី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​ទាហាន​ថៃ ថា ខ្ញុំ​នៅ​តែ​ដាំ​ដំណាំ​នៅ​លើ​ដី​នោះ ប៉ុន្តែ​ទាហាន​ថៃ គេ​ហាម​ឃាត់​ខ្ញុំ ដោយ​ថា​ខ្ញុំ​ដាំ​ដុះ​នៅ​លើ​ដី​របស់​គេ​សុខ​ច្បាប់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​សេនាធិការ​ទាហាន​វរ​៥០៧ ប្រចាំ​ការ​ជាយដែន​ខេត្ត​ប៉ៃលិន លោក ស៊ឹម រុន មាន​ប្រសាសន៍​ថា ទាហាន​ថៃ ពិត​ជា​បាន​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​ទំនាស់​នោះ​ប្រាកដ​មែន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ថា ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​នៅ​តំបន់​ដី​ទំនាស់ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​អំពី​លទ្ធផល​ពី​ការ​ជួប​គ្នា​នោះ​ទេ៖ «ខ្ញុំ​អត់​មែន​ជា​អ្នក​ដោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ថៃ នៅ​ព្រំដែន​នោះ​ទេ ព្រោះ​រឿង​នេះ​ជា​រឿង​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស។ ចំពោះ​ខ្ញុំ គឺ​គ្រាន់​តែ​បាន​ដឹង​ឮ​តាម​ដែល​ទាហាន​ថៃ គេ​និយាយ​ថា​ចូល​ដី​គេ​តែ​ប៉ុណ្ណោះ​ទេ»

ចំណែក​អភិបាល​ខេត្ត​ប៉ៃលិន លោក កើត សុធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ។ ទោះ​យ៉ាង​ណា លោក​អះអាង​ថា ទាហាន​ថៃ ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​បង្កបង្កើនផល​នេះ ដោយសារ​ពួក​គាត់​ទៅ​ដាំ​ដុះ​លើ​ដី​ទំនាស់​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ៖ «ជា​ធម្មតា​នៅ​តំបន់​មាន​បញ្ហា​អ៊ីចឹង យើង​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ផ្អាក​ដាំ​ដុះ​ទៅ កុំ​មាន​រឿងរ៉ាវ​ជាមួយ​ប្រទេស​ជិត​ខាង ព្រោះ​រឿង​នេះ សមត្ថកិច្ច​របស់​ប្រទេស​ទាំង​ពីរ​បាន​តាម​ដាន និង​ធ្វើ​ការងារ​រួម​ទៅ​ហើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ប៉ៃលិន អ្នកស្រី ប្រាក់ សុភិម៉ា កត់​សម្គាល់​ថា បើ​ទោះ​ជា​ដី​ជម្លោះ​នោះ​មិន​ទាន់​ដោះស្រាយ​រួច​រាល់​ក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ទៅ​ដាំ​ដុះ​នៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។ អ្នកស្រី​ថា បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ កន្លង​ទៅ ទាហាន​ថៃ ប្រមាណ ១៥​នាក់ បាន​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ផល​ដំណាំ​នៅ​លើ​ដី​តំបន់​នោះ​ម្ដង​រួច​មក​ហើយ។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​រារាំង​របស់​សមត្ថកិច្ច​ថៃ នោះ តែ​ពុំ​ទទួល​បាន​លទ្ធផល។ ក្រោយ​មក​ទើប​មាន​ទាហាន​ខ្មែរ និង​ថៃ បាន​ណាត់​ជួប​គ្នា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​សាជាថ្មី​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។