ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​សន្លប់​ស្តូក​នៅ កន្លែង និង​បុរស​២​នាក់​ទៀត​បាន​រង​របួសស្រាល​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ រវាង​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត និង​ម៉ូតូ​វ៉េវ​អាល់​ហ្វា បោះពួយ​យ៉ាង​លឿន​ដូច​គ្នា រេ​ចង្កូត​មក​ពន្លះ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​២៦១ ស្ថិត​ក្នុង​បឹង​សាឡា​ង ខណ្ឌមានជ័យ​។

ប្រភព​ព័ត៌មាន ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែ​ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-2603 ជិះ​ដោយ​បុរស​២​នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​២៦១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើ​ហេតុ មាន​ម៉ូតូ​វេ​វ​អាល់​ហ្វា​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1G-3343 ជិះ​ដោយ​បុរស​ម្នាក់​ដែល​ជា​អ្នក​ដឹក​ភី​ហ្សា​យក​ដាក់​នៅ​តាម​ផ្ទះ ហើយ​ជិះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​ដូច​គ្នា រេ​ចង្កូត​មក​បុក​ចំ​ទល់មុខ​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​ដេក​ស្តូក​នៅ​នឹង​កន្លែង​រួម​ទាំង​បុរស​២​នាក់​ទៀត​រង​របួសស្រាល ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ទាំង​សង្ខាង​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​ហៅ​រថយន្ត​សា​មុ​យ ដើម្បី​ដឹក​យក​បុរស​ម្នាក់​ដែល​រង​របួសធ្ងន់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ដោយ​សមត្ថ​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕